AFC Cup ប្រកួតដែលនៅសេសសល់ ព្រះខ័នរាជស្វាយរៀង ត្រូវឡើងទៅប្រកួតនៅប្រទេសវៀតណាម

មាស សុផាណារ៉ុង July 30, 2020


 

ភ្នំពេញ៖ ចាប់តាំងពីជំងឺកូវីដ-១៩ បានរាតត្បាតជាសាកល ដែលបណ្ដាលឲ្យសកម្មភាពជាច្រើន រាប់ទាំងកីឡាផងដែរនោះស្ថិតក្នុងភាពពុំសូវច្បាស់លាស់នៃការប្រកួត ក្នុងនោះរួមមានទាំងការប្រកួតក្នុងប្រទេស និងប្រចាំតំបន់ ប្រចាំទ្វីបជាដើម។

និយាយដោយឡែក ការប្រកួតក្លិបបាល់ទាត់ប្រចាំទ្វីបអាស៊ី ដែលមាន ២កម្មវិធីផ្សេងគ្នា លំដាប់ទី១ និងលំដាប់ទី២ (AFC Champions League & AFC Cup) ក៏កំពុងស្ថិតនៅក្នុងឧបសគ្គនៅឡើយ ដ្បិតប្រទេសមួយចំនួន ជំងឺរាត្បាតកូវីដ-១៩ នៅមិនទាន់ធូរស្បើយនៅឡើយ រហូតនៅមួយរយៈចុងក្រោយនេះ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) មានការកំណត់ឲ្យប្រទេសដែលមានស្ថានភាពធូរស្រាល ឲ្យទទួលធ្វើជាម្ចាស់ផ្ទះរួម ជាក់ស្ដែង ម៉ាឡេស៊ី ថ្មីៗត្រូវបានឲ្យទទួលធ្វើជាម្ចាស់ផ្ទះ នៃពាន AFC Champions League សម្រាប់ពូល G និងពូល H ស្របពេលដែល កាតា ទទួលធ្វើម្ចាស់ផ្ទះសម្រាប់វគ្គជម្រុះក្នុងពូល និងវគ្គចាញ់ធ្លាក់ ក្នុងតំបន់អាស៊ីខាងលិច។

និយាយចំពោះ ពានរង្វាន់ AFC Cup វិញ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី បានសម្រេចឲ្យប្រទេសវៀតណាម ទទួលធ្វើជាម្ចាស់ផ្ទះរួមដើម្បីរៀបចំការប្រកួតក្នុងពូល F និងពូល G (ព្រះខ័នរាជស្វាយរៀង នៅពូល G) ដែលជាពូលស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ចំពោះការប្រកួតគ្រោងនឹងត្រលប់មកវិញនៅខែកញ្ញា ម្ចាស់ផ្ទះដែលរៀបចំការប្រកួត ៣ប្រកួតនៅសេសសល់ តាមពូលនីមួយៗ ដោយមិនធ្វើការប្រកួតផ្លាស់ប្ដូរទឹកដីនោះ កាលវិភាគថ្មីមានដូចជា៖

  • ប្រកួតទី៤ គឺគ្រោងនឹងធ្វើនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០
  • ប្រកួតទី៥ គឺគ្រោងនឹងធ្វើនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០
  • ប្រកួតទី៦ គឺគ្រោងនឹងធ្វើនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០

ព្រះខ័នរាជស្វាយរៀង បច្ចុប្បន្នស្ថិតនៅចំណាត់ថ្នាក់លេខ៣ ក្នុងពូល ក្រោយប្រកួត ៣ដង ឈ្នះ១ មិនដែលស្មើ និងចាញ់២ មាន ៣ពិន្ទុ ស្របពេលដែល Ceres-Negros (ហ្វីលីពីន) ឈរនៅកំពូលតារាង Thanh Quang Ninh (វៀតណាម) នៅលេខ២ និង Bali United (ឥណ្ឌូនេស៊ី) នៅបាតតារាង៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់