ខ្លះៗមុន ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (ថ្នាក់ខេត្ត) វគ្គផ្ដាច់ព្រ័ត្រ ធ្វើឡើងល្ងាចនេះ

មាស សុផាណារ៉ុង July 29, 2020


 

ភ្នំពេញ៖ ការប្រកួតដណ្ដើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ វគ្គថ្នាក់ខេត្ត នឹងបន្តការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ជើងទី១ សម្រាប់ថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២០ នេះរវាង ខេត្តព្រៃវែង ជាមួយ ខេត្តត្បូងឃ្មុំ។

ការប្រកួតរវាងក្រុមទាំង ២នឹងធ្វើឡើងនៅវេលាម៉ោង ៦:០០នាទីល្ងាច នៅលើវាលស្មៅសិប្បន្និមិត្ត ពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ និងក្រៅតែពីការប្រកួតដណ្ដើមយកចំណាត់ថ្នាក់លេខ១ ការប្រកួតដណ្ដើមយកចំណាត់ថ្នាក់លេខ៣ ក៏ធ្វើក្នុងថ្ងៃជាមួយគ្នាផងដែរ ដោយក្រុមខេត្តសៀមរាប ជួបជាមួយខេត្តកែប នៅវេលាម៉ោង ៣:០០នាទីរសៀល។

ខណៈមុនការប្រកួតមកដល់ គ្រូបង្វឹកនៃក្រុមទាំងពីរក៏បានលើកឡើងផងដែរ ដោយគ្រូបង្គោលក្រុមជម្រើសខេត្តព្រៃវែង លោក Matthew Sinclair សប្បាយចិត្តដែលកូនក្រុមបានចូលរួមប្រកួតប្រជែងក្នុងការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្តនេះ ព្រោះបានស្រូបទាញបទពិសោធថ្មីៗ និងសម្រួចសមត្ថភាពពួកគេកាន់តែប្រសើរ។ លោកបន្ថែមថា ទោះប៉ះក្រុមណាក៏ដោយ កូនក្រុមតែងតែប្រឹងប្រែងអស់ពីសមត្ថភាព ជាពិសេសការប្រកួតផ្ដាច់ព្រ័ត្រដ៏សំខាន់នេះ។  ដោយឡែក លោក ផន រស្មីពេជ្រ គ្រូបង្គោលក្រុមជម្រើសខេត្តត្បូងឃ្មុំដែលត្រូវប្រកួតយកតំណែងជើងឯកជាលើកទីពីរ អះអាងថា កូនក្រុមបានត្រៀមឆន្ទៈយ៉ាងខ្ពស់ដើម្បីឈានទៅក្រសោបពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត លើកទីពីរ។ លោកបញ្ជក់ថា ការលេងវគ្គផ្ដាច់ព្រ័ត្រប៉ះព្រៃវែងសាជាថ្មីក្នុងឆ្នាំនេះ ក្រុមលោកមិនមានសម្ពាធអ្វីឡើយ។

និយាយពីប្រវត្តជួបគ្នាវិញ នៅឆ្នាំ២០២០ នេះ ក្រុមទាំងពីរធ្លាប់ស្ថិតនៅក្នុងជាមួយគ្នា ពូល ‘គ’ ហើយលទ្ធផលទាំងពីរជើង គឺបញ្ចប់ទៅដោយស្មើគ្នា ទាំងពីរជើង ពោលគឺជើងទី១ ស្មើគ្នា ០ទល់០ និងជើងទី២ បន្តស្មើគ្នា ២ទល់២។

ក្នុងការប្រកួតដ៏សំខាន់ទាំងពីរនេះពុំមានការថែម១៥នាទីពីរដងទេ ដោយឈានទៅទាត់១១ម៉ែត្រកាត់សេចក្ដីតែម្ដងក្នុងករណីស្មើគ្នានៅម៉ោងធម្មតា។

គួររំឭកថាការប្រកួតវគ្គផ្ដាច់ព្រ័ត្រនឹងមិនអនុញ្ញាតឲ្យសាធារណជនទស្សនាផ្ទាល់នៅពហុកីឡដ្ឋានជាតិទេ ប៉ុន្តែលោកអ្នកតាមដានបានតាមរយៈការផ្សាយផ្ទាល់លើទូរទស្សន៍ និងទំព័រ Facebook របស់ BTV។

សូមបញ្ជាក់ថា នេះជាឆ្នាំទី១៤ហើយ ដែលពានកម្រិតទី២ ប្រចាំប្រទេសមួយនេះដំណើរការឡើង និងជាឆ្នាំទី៣ ដែលបង្កើតឲ្យមានការប្រកួតថ្នាក់ខេត្តបែបនេះ ខណៈឆ្នាំចុងកន្លងទៅក្រុមដែលទទួលតំណែងជើងឯក វគ្គថ្នាក់ខេត្តគឺបានទៅខេត្តត្បូងឃ្មុំ ក្រោយយកឈ្នះ ខេត្តសៀមរាប ១ទល់២៕

 

រូបភាព៖ Hun Sen Cup – ពានរង្វាន់សម្តេច ហ៊ុន សែន

អត្ថបទ៖ ណារ៉ុង

មតិយោបល់