ពានរង្វាន់យុវជន U-18 រកឃើញក្រុមឡើងវគ្គ ៨ក្រុមចុងក្រោយ ស្របពេល U-16 បញ្ចប់ប្រកួតដំបូងជុំទី៣

មាស សុផាណារ៉ុង July 27, 2020


 

ភ្នំពេញ៖ ការប្រកួតដណ្ដើមពានរង្វាន់យុវជនអាយុក្រោម ១៦ឆ្នាំ និងពានរង្វាន់អាយុក្រោម ១៨ឆ្នាំ ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឈានដល់ការប្រកួតមួយដែលកាន់តែគួរឲ្យចាប់អារម្មណ៍ពោលគឺកៀកទៅជិតបញ្ចប់។

  • ពានរង្វាន់យុវជនអាយុក្រោម ១៦ឆ្នាំ

សម្រាប់ពានរង្វាន់យុវជនអាយុក្រោម ១៦ឆ្នាំ គិតមកទល់ពេលនេះ គឺបានឈានដល់ការប្រកួតជុំទី៣ ដោយក្នុងជុំនេះមានការបែងចែកចេញជា ២ពូល (ពូល A,B) និងក្នុង ១ពូលមាន ៤ក្រុម ហើយកាលពីចុងសប្ដាហ៍កន្លងទៅគឺបានបញ្ចប់សប្ដាហ៍ទី១ រួចរាល់ហើយផងដែរ។

ក្នុងពាន U-16 នេះ ពូល A មានដូចជា នគររាជ, ភ្នំពេញក្រោន, វិសាខា និងសាលាតម្រង់ទិសវិទ្យាល័យស្វាយរៀង ខណៈពូល B មានដូចជា សាលាតម្រង់ទិសខេត្តបន្ទាយមានជ័យ, សាលាតម្រង់ទិសខេត្តកំពង់ស្ពឺ ណាហ្គាវើលដ៍, សាលាតម្រង់ទិសខេត្តស្ទឹងត្រែង និងសាលាតម្រង់ទិសខេត្តឧត្តរមានជ័យ។

២ ក្រុមដែលមានពិន្ទុលើគេក្នុងពូលនីមួយៗ នឹងឡើងទៅជុំទី៤ ដែលក្នុងពានរង្វាន់នេះគេកំណត់យក វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ យកតែម្ដង។

  • ពានរង្វាន់យុវជនអាយុក្រោម ១៨ឆ្នាំ

ពានរង្វាន់យុវជនអាយុក្រោម ១៨ឆ្នាំ គិតមកទល់ពេលនេះ គឺស្ថិតក្នុងការប្រកួតជុំទី២ ជាផ្លូវការហើយដែលជាវគ្គជម្រុះក្នុងពូល ដោយក្នុងជុំទី២ កន្លងទៅនេះមានការបែងចែកចេញជា ៤ពូល (ពូល A,B, C និង D) និងក្នុង ១ពូលមាន ៤ក្រុម ហើយកាលពីចុងសប្ដាហ៍កន្លងទៅគឺបានបញ្ចប់ជុំទី២ រួចរាល់ហើយផងដែរ។

ក្នុងពាន U-18 នេះ ពូល A មានដូចជា បឹងកេត, ភ្នំពេញក្រោន, វិសាខា និងអាយ អេស អាយ ដង្គោរសែនជ័យ។ ពូល B មានដូចជា សាលាតម្រង់ទិស វិទ្យាល័យហ៊ុន សែន កំពង់ត្រឡាច កំពង់ឆ្នាំង, សាលាតម្រង់ទិសខេត្តសៀមរាប, សាលាតម្រង់ទិសវិទ្យាល័យ ហ៊ុន សែន ខ្លាកូន បន្ទាយមានជ័យ និងសាលាតម្រង់ទិសអនុវិទ្យាល័យ ហ៊ុន សែន សំរោង្គ ខេត្តឧត្តរមានជ័យ។ ពូល C ព្រះខ័នរាជស្វាយរៀង, សាលាតម្រង់ទិសវិទ្យាល័យ ព្រះរាជសម្ភា ខេត្តកំពត, សាលាតម្រង់ទិស ខេត្តកណ្ដាល និងសាលាតម្រង់ទិសខេត្តកំពង់ស្ពឺ ណាហ្គាវើលដ៍។ ពូល D សាលាតម្រង់ទិស ខេត្តកំពង់ចាម, សាលាតម្រង់ទិសវិទ្យាល័យ ព្រះរាជបូជនីយកិច្ច ស្ទឹងត្រែង, សាលាតម្រង់ទិស ខេត្តក្រចេះ និងសាលាតម្រង់ទិស ខេត្តព្រៃវែង។

ចំពោះក្រុមដែលបានកៅអីឡើងទៅវគ្គ ៨ក្រុមចុងក្រោយរួមមាន ពូល A វិសាខា និងភ្នំពេញក្រោន, ពូល B សាលាតម្រង់ទិសវិទ្យាល័យ ហ៊ុន សែន ខ្លាកូន បន្ទាយមានជ័យ ជាមួយ សាលាតម្រង់ទិសអនុវិទ្យាល័យ ហ៊ុន សែន សំរោង្គ ខេត្តឧត្តរមានជ័យ, ពូល C ព្រះខ័នរាជស្វាយរៀង​ ឡើងជាមួយ សាលាតម្រង់ទិសខេត្តកំពង់ស្ពឺ ណាហ្គាវើលដ៍ និងពូល D សាលាតម្រង់ទិសវិទ្យាល័យ ព្រះរាជបូជនីយកិច្ច ស្ទឹងត្រែង ជាមួយ សាលាតម្រង់ទិស ខេត្តក្រចេះ។

ការប្រកួតវគ្គ ៨ក្រុមចុងក្រោយនឹងធ្វើឡើងនៅថ្ងៃទី០២ ខែសីហា សម្រាប់ជើងទី១ និងជើងទី២ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០៕

 

រូបភាព៖ Visakha Academy & Phnom Penh Crown Academy

អត្ថបទ៖ ណារ៉ុង

មតិយោបល់