U-19 ឥណ្ឌូនេស៊ី បញ្ចេញបញ្ជីឈ្មោះកីឡាករ ៤៦នាក់ ត្រៀមពាន AFC U-19 Championship

មាស សុផាណារ៉ុង July 21, 2020


 

ឥណ្ឌូនេស៊ី៖ សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) បានបង្ហាញបញ្ជីឈ្មោះកីឡាករ ៤៦នាក់ នៃក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំឥណ្ឌូនេស៊ី ដើម្បីត្រៀមប្រមូលផ្ដុំធ្វើតេស្តប្រកួតពានរង្វាន់ជម្រើសជើងឯកយុវជនអាស៊ី អាយុក្រោម ១៩ឆ្នាំ (2020 AFC U-19 Championship) នៅប្រទេសអ៊ូបេគីស្ថាន នាខែតុលាខាងមុខ។

កីឡាករយុវជនភាគច្រើនគឺមកពីតាមបណ្ដាក្លិបនានានៅលីគកំពូល និងលីគទី២ ឥណ្ឌូនេស៊ី មកពី ២៦ក្លិបផ្សេងៗពីគ្នា ខណៈអ្វីដែលគួរឲ្យចាប់អារម្មណ៍មានម្នាក់មកពីអង់គ្លេស ក្លិប Ipswich Town ក្រុមថ្នាលយុវជន មានឈ្មោះថា Elkan Baggott។

ក្រោមការប្រកាសនេះ U-19 ឥណ្ឌូនេស៊ី ក៏នឹងគ្រោងធ្វើការហ្វឹកហាត់ផងដែរនៅអំឡុងថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី០៨ ខែសីហា ក្រោមការដឹកនាំគ្រូបង្វឹក លោក Shin Tae-yong ដែលលោកក៏ជាគ្រូជម្រើសជាតិឈុតធំផងដែរ។

ចំពោះបេសកកម្មចូលរួមប្រកួតពានរង្វាន់ (2020 AFC U-19 Championship) U-19 កម្ពុជា ស្ថិតនៅពូល A ជាមួយក្រុម U-19 អ៊ូបេគីស្ថាន (ម្ចាស់ផ្ទះ) ក្រុម U-19 ឥណ្ឌូនេស៊ី និងក្រុមចុងក្រោយ U-19 អ៊ីរ៉ង់ ហើយការប្រកួតគ្រោងនឹងធ្វើឡើងនៅចន្លោះថ្ងៃទី១៤ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ នៅលើទឹកដីនៃប្រទេសអ៊ូបីគីស្ថាន៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី

អត្ថបទ៖ ណារ៉ុង

មតិយោបល់