គ្រូជម្រើសជាតិឈុតធំអ៊ីរ៉ង់ ដាក់គោលដៅរួចជាស្រេចពេលប៉ះ ហុងកុង កម្ពុជា បារ៉ែន និងអ៊ីរ៉ាក់ វគ្គជម្រុះ World Cup

មាស សុផាណារ៉ុង July 21, 2020


 

អ៊ីរ៉ង់៖ គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ លោក Dragan Skocic មានប្រសាសន៍ថា លោកចង់ផ្ដល់រឿងល្អក្នុងក្រុម ព្រោះមិនទាន់ស្ថិតក្នុងស្ថានភាពល្អនៅក្នុងពូល របស់ខ្លួននៅឡើយ។

Skocic ដែលត្រូវបានគេតែងតាំងជាគ្រូបង្វឹកអ៊ីរ៉ង់កាលពីខែកុម្ភៈ មានកិច្ចការដ៏លំបាកមួយចាប់តាំងពីក្រុមនេះត្រូវការឈ្នះទាំង ៤ប្រកួតចុងក្រោយ ដើម្បីកក់កន្លែងនៅជុំបន្ទាប់នៃវគ្គជម្រុះ FIFA World Cup ឆ្នាំ២០២២។

គ្រូបង្វឹកសញ្ជាតិក្រូអាស៊ីរូបនេះនិយាយថា លោកខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីស្វែងរកមធ្យោបាយល្អបំផុតសម្រាប់ក្រុមជម្រើសជាតិ។ “ចាប់តាំងពីខ្ញុំបានត្រលប់មកប្រទេសអ៊ីរ៉ង់ ខ្ញុំបានចូលរួមការប្រកួតលីគជាច្រើនដើម្បីត្រួតពិនិត្យកីឡាករ។ ខ្ញុំនឹងបន្តមើលការប្រកួតដើម្បីស្វែងរកកីឡាករបន្ថែមទៀត។” សម្ដីលោក Skovic។

អ៊ីរ៉ង់ បច្ចុប្បន្នកំពុងឈរនៅលេខ៣ ក្នុងពូល C ហើយត្រូវតែយកឈ្នះលើក្រុមជម្រើសជាតិ កម្ពុជា, ហុងកុង, បារ៉ែន និងអ៊ីរ៉ាក់ ដើម្បីឈានទៅជុំបន្ត។

“ស្ថានភាពមិនល្អនៅក្នុងពូលរបស់យើងទេ ប៉ុន្តែយើងកំពុងវិភាគការបង្ហាញទម្រង់របស់យើងដើម្បីរកវិធីល្អបំផុតនាពេលអនាគត។ ខ្ញុំចង់ធ្វើរឿងអស្ចារ្យនៅទីនេះហើយសន្យាអ្នកគាំទ្រថាស្ថានភាពនឹងខុសពីអតីតកាល។”

“ខ្ញុំរំពឹងខ្លួនខ្ញុំកាន់តែច្រើន ហើយដឹងថាប្រជាជនអ៊ីរ៉ង់ទាំងអស់រំពឹងថានឹងមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការប្រកួត World Cup នៅឆ្នាំ២០២២។ ខ្ញុំទទួលខុសត្រូវចំពោះរឿងនេះ នោះហើយជាមូលហេតុដែលខ្ញុំនៅទីនេះ។ ខ្ញុំដឹងថាការលេងក្នុងព្រឹត្តិការណ៍ FIFA World Cup ពិតជាសំខាន់ណាស់សម្រាប់ប្រជាជនអ៊ីរ៉ង់។” បុរសវ័យ ៥១ឆ្នាំបានសង្គត់ធ្ងន់។

“ដល់ពេលត្រូវគិតវែងឆ្ងាយ។ អ៊ីរ៉ង់គឺជាប្រទេសសំខាន់មួយនៅទ្វីបអាស៊ី ហើយយើងត្រូវខិតខំអស់ពីសមត្ថភាពដើម្បីត្រួសត្រាយផ្លូវសម្រាប់ការឆ្លងផុតពូលរបស់យើង។ យើងគួរតែមានគំនិតល្អៗ។ នៅពេលនេះ យើងត្រូវការការគាំទ្រ ហើយយើងត្រូវតែផ្តោតថាមពលរបស់យើងទាំងអស់ដើម្បីបញ្ចប់ការងាររបស់យើង។”

សូមបញ្ជាក់ថា ក្រុមរហស្សនាម “ខ្លារខិនពែរ” នឹងធ្វើជាម្ចាស់ផ្ទះទទួល ហុងកុង នៅថ្ងៃទី៧ ខែតុលា ហើយនឹងធ្វើដំណើរមកកម្ពុជា ៥ថ្ងៃបន្ទាប់។ អ៊ីរ៉ង់ ក៏នឹងត្រូវជួបជាមួយបារ៉ែន និងអ៊ីរ៉ាក់ ផងដែរនៅថ្ងៃទី១១ និង១៦ ខែវិច្ឆិកា ដោយផ្អែកលើកាលបរិច្ឆេទប្រកួតថ្មីរៀបចំឡើងដោយសហព័ន្ធបាល់ទាត់អាស៊ី (AFC)៕

 

ប្រភព៖ tehrantimes

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់