ពានយុវជនអាស៊ានចំនួន២ ស្ថិតក្នុងភាពស្ងប់ស្ងាត់ ខណៈម្ចាស់ផ្ទះឥណ្ឌូណេស៊ី មានអ្នកឆ្លងកូវីដ-១៩ កាន់តែកើនឡើង

មាស សុផាណារ៉ុង July 20, 2020


 

អាស៊ីអាគ្នេយ៍៖ ការប្រកួតពានរង្វាន់ជើងឯកយុវជនប្រចាំតំបន់អាស៊ីអាគ្នេយ៍ ២ក​ម្មវិធីផ្សេងគ្នា និងពានរង្វាន់បាល់ទាត់នារីអាយុក្រោម ១៦ឆ្នាំ ផងដែរ បាននឹងកំពុងស្ថិតក្នុងភាពស្ងប់ស្ងាត់ ខណៈសម្រាប់ប្រទេសដែលត្រូវទទួលធ្វើជាម្ចាស់ផ្ទះឥណ្ឌូនេស៊ី មានចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ កាន់តែកើនឡើងជារៀងរាល់ថ្ងៃ។

ព្រឹត្តិការណ៍បាល់ទាត់យុវជនចំនួន៣ ប្រចាំឆ្នាំ២០២០ នេះ គឺសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) ផ្ដល់សិទ្ធិឲ្យប្រទេសឥណ្ឌូនេស៊ី ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត ដែលរួមមាន ជើងឯកយុវជនអាស៊ីអាគ្នេយ៍ អាយុក្រោម ១៩ឆ្នាំ (AFF U-19 Championship), ជើងឯកយុវជនអាស៊ីអាគ្នេយ៍ អាយុក្រោម ១៦ឆ្នាំ (AFF U-16 Championship) និងជើងឯកនារីអាស៊ីអាគ្នេយ៍ អាយុក្រោម ១៦ឆ្នាំ (AFF U-16 Women’s Championship)។

តាមគម្រោងការប្រកួតទាំង៣ខាងលើ គេគ្រោងធ្វើដូចជា (AFF U-19 Championship) នៅអំឡុងចុងខែសីហា ដល់ដើមខែកញ្ញា ខណៈ (AFF U-16 Championship) នៅអំឡុងខែកក្កដា ឬក៏ដើមខែសីហា និង (AFF U-16 Women’s Championship) ដែលគ្រោងនឹងធ្វើនៅអំឡុងខែឧសភា ក៏បានលើកពេលរួចទៅហើយ។

អ្វីដែលជាការចាប់អារម្មណ៍នោះ គឺការកើនឡើងនៃចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសដែលត្រូវត្រៀមទទួលធ្វើម្ចាស់ផ្ទះពានរង្វាន់ទាំង ៣ខាងលើនេះ ជាក់ស្ដែងគិតត្រឹមម៉ោង ១១ថ្ងៃត្រង់ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ចំនួនអ្នកឆ្លងសរុបនៃជំងឺកូវីដ-១៩ ក្នុងប្រទេសឥណ្ឌូនេស៊ី គឺមាន ៨៦,៥២១នាក់ ក្នុងនោះ ៤,១៤៣នាក់បានស្លាប់ ខណៈ ៣៦,៩៧៧នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំពោះអ្នកជាសះស្បើយមាន ៤៥,៤០១នាក់ផងដែរ។

បើនិយាយតែក្នុងតំបន់ឥណ្ឌូនេស៊ី គឺត្រូវបានចាត់ទុកថាជាប្រទេសដែលមានករណីឆ្លងជំងឺកូវីដ-១៩ សរុបច្រើនជាងគេ បន្ទាប់មកហ្វីលីពីន (៦៧,៤៥៦នាក់), សិង្ហបុរី (៤៧,៩១២នាក់) ចំនួនដល់លើសម៊ឺននាក់ ខណៈម៉ាឡេស៊ី ឈរនៅទី៤ (៨,៧៧៩នាក់), ថៃ (៣,២៤៩នាក់), វៀតណាម (៣៨៣នាក់), មីយ៉ាន់ម៉ា (៣៤១នាក់), កម្ពុជា (១៧១នាក់), ព្រុយណេ (១៤១នាក់), ទីម័រខាងកើត (២៤នាក់) និងឡាវ (១៩នាក់)។

ករណីបែបនេះ អាចមានការសន្និដ្ឋានថានឹងមានការកែប្រែកម្មវិធី ឬទីតាំងប្រកួត ប្រសិនបើការឆ្លងរីករាលដាលនៅតែបន្តអូសបន្លាយរយៈពេលយូរ ជាពិសេសឥណ្ឌូនេស៊ី និងហ្វីលីពីន ដោយអាចពិចារណាលើកទៅឆ្នាំក្រោយ ឬអាចសម្លឹងមើលទៅប្រទេសដែលមានករណីឆ្លងតិចដូចជា ឡាវ, កម្ពុជា, ឬវៀតណាម ជាដើមដែលប្រទេស ២ក្នុងចំណោមនេះ បានចាប់ផ្ដើមដំណើរការលីគរបស់ខ្លួន ជាមួយនឹងការបើកឲ្យទស្សនិកជនចូលទស្សនាផងដែរ។

ក្រៅតែពីពានរង្វាន់ទាំង ៣ខាងលើ ពានរង្វាន់សំខាន់ៗផ្សេងទៀតដូចជា ពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍ ​(2020 AFF Suzuki Cup) ឆ្នាំ២០២០, ពានរង្វាន់ជើងឯកនារីអាស៊ីអាគ្នេយ៍ (AFF Women’s Championship) ធ្វើនៅហ្វីលីពីន ជាដើមក៏ស្ថិតក្នុងមន្ទិលដូចគ្នា ខណៈពានរង្វាន់ជើងឯកហ្វូតសាល ប្រចាំតំបន់អាស៊ីអាគ្នេយ៍ (AFF Futsal Championship) ត្រូលលើកទៅដើមឆ្នាំ២០២១ ដែលថៃ ធ្វើជាម្ចាស់ផ្ទះ៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ ណារ៉ុង

មតិយោបល់