លីគកំពូលកម្ពុជា សប្ដាហ៍ទី៨ បានបញ្ចប់ ទាំងនេះគឺជារឿងរ៉ាវខ្លះៗដែលបានបន្សល់ទុកគួរឲ្យចាប់អារម្មណ៍

មាស សុផាណារ៉ុង July 20, 2020


 

ភ្នំពេញ៖ លីគកំពូលកម្ពុជា បានបញ្ចប់ការប្រកួតក្នុងសប្ដាហ៍ទី៨ ហើយត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ម្សិលមិញ កាលសប្ដាហ៍ទី៨នេះ គេឃើញមានរឿងរ៉ាវមួយចំនួន ដែលធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍បន្ថែមទៀត។

មុននឹងចាប់ផ្ដើមសូមលើកបង្ហាញពីលទ្ធផលពីការប្រកួតចំនួន ៦គូ នៅសប្ដាហ៍នេះ បានបញ្ចប់ទៅដោយលទ្ធផលឈ្នះ ចាញ់ រៀងៗខ្លួន ពោលគឺមានឈ្នះចាញ់ទាំង ៦គូ និងពុំមានលទ្ធផលស្មើឡើយ ខណៈលទ្ធផលទាំងស្រុង ក៏ដូចជាតារាងពិន្ទុដូចខាងក្រោម៖

ក្រៅតែពីលទ្ធផលទាំងអស់នេះ រឿងរ៉ាវដទៃទៀត ក៏បានបន្សល់ទុកផងដែរ ដែលមានដូចជា៖

  • ក្លិបនគរបាលជាតិ កាន់តែធ្ងន់ធ្ងរដោយនៅតែមិនទាន់រកពិន្ទុបាននៅឡើយ បន្ទាប់ពីរងបរាជ័យ ៧សប្ដាហ៍ជាប់ៗគ្នា មិនដែលស្មើ ឬឈ្នះសោះ
  • កីឡាករ ២រូបរកបាន ៣គ្រាប់ម្នាក់ឯងសប្ដាហ៍នេះ Fran Santana Paiva (បឹងកេត) ​រកបាន ៣គ្រាប់ជាមួយទ័ព និង Okereke Timothy (ភ្នំពេញក្រោន) រកបាន ៣គ្រាប់ជាមួយប៉ូលីស
  • ភ្នំពេញក្រោន នៅតែជាក្រុមរក្សាសំណាញ់ទីមិនឲ្យរបូតបានច្រើនជាងគេ ៥ប្រកួត (ពីសប្ដាហ៍ទី១ ដល់ទី៥) ខណៈព្រះខ័នរាជស្វាយរៀង រក្សាសំណាញ់ទីមិនឲ្យរបូត ៤ប្រកួតជាប់ៗគ្នា គិតចាប់ពីសប្ដាហ៍ទី៣ មកត្រឹម សប្ដាហ៍ទី៦
  • ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន, បឹងកេត និងណាហ្គាវើលដ៍ នៅតែក្រុមបន្តរក្សាបានពាក្យថាមិនដែលចាញ់
  • Ajayi Opeyemi ក្លាយជាកីឡាករដែលរកគ្រាប់បាល់បានលឿនជាងគេលំដាប់ទី២ ក្នុងលីគ ដោយប្រើពេលត្រឹម ២វិនាទី ពេលប្រកួតជាមួយ U-18 បាទី (បន្ទាប់ពី Okereke Timoty ប្រើពេលត្រឹម ៤៥វិនាទី ពេលប្រកួតជាមួយណាហ្គាវើលដ៍)
  • យុវជនសាលាបាល់ទាត់បាទីអាយុក្រោម ១៨ឆ្នាំ ដឹកដៃគ្នាជាមួយក្លិបនគរបាលជាតិ នាមជាក្រុមមិនដែលស្គាល់ពាក្យថាឈ្នះ ប៉ុន្តែយុវជនបាទី ធ្លាប់ស្មើ ១ប្រកួត
  • យុវជនសាលាបាល់ទាត់បាទីអាយុក្រោម ១៨ឆ្នាំ ជាក្រុមតែមួយគត់ដែល ៨សប្ដាហ៍កន្លងមកហើយមិនអាចរកគ្រាប់បាល់បានសូម្បីតែ ១គ្រាប់
  • កីឡាករក្មេងជាងគេបង្អស់ក្នុងលីគកំពូលកម្ពុជា លេងឲ្យសាលាបាល់ទាត់ជាតិបាទី អាយុក្រោម ១៨ឆ្នាំ ឈ្មោះ ឃាន់ សុប៊ិន (០៨ តុលា ២០០៤ ស្មើនឹង ១៥ឆ្នាំ) បង្ហាញមុខលើកដំបូងក្នុងលីគតាមរយៈការផ្លាស់ប្ដូរចូល ៧នាទីចុងក្រោយនៃវគ្គទី២ ក្នុងជំនួបជាមួយវិសាខា
  • បឹងកេត យកឈ្នះ ទ័ព ដល់ទៅ ៦ទល់១ គឺជាការយកឈ្នះលើកដំបូងលើសពី ៥គ្រាប់ រយៈពេល ៦ឆ្នាំចុងក្រោយ បន្ទាប់ពីធ្លាប់ធ្វើបានលើកចុងក្រោយ កាលពីឆ្នាំ២០១៤ បឹងកេត ឈ្នះ ទ័ព (៧-១)

ជំនួបពិសេសប្រចាំសប្ដាហ៍ បឹងកេត ឈ្នះ ទ័ព ៦ទល់១

ឃាន់ សុប៊ិន (ខោលេខ១២ នៅកៅអីបម្រុងមុនប្ដូរចូលនាទី ៨៣)

 

រូបភាព៖ Metfone Cambodian League

អត្ថបទ៖ ណារ៉ុង

មតិយោបល់