៣គូ បន្តការប្រកួតរសៀលនេះ ដើម្បីបញ្ចប់សប្ដាហ៍ទី៨ នៃលីគកំពូលកម្ពុជា

មាស សុផាណារ៉ុង July 19, 2020


 

ភ្នំពេញ៖ ការប្រកួតក្របខ័ណ្ឌលីគកំពូលកម្ពុជា ដែលបានឈានចូលសប្តាហ៍ទី៨ កាលពីថ្ងៃសៅរ៍ ទី១៨ ម្សិលមិញជាមួយការប្រកួត ៣គូ នៅថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២០ ក៏នឹងមានការប្រកួតចំនួន ៣គូបន្ថែមទៀតផងដែរ ពោលគឺ យុវជនអាយុក្រោម ១៨ឆ្នាំសាលាបាល់ទាត់ជាតិបាទី ប៉ះ វិសាខា តំណាលគ្នា អគ្គិសនីកម្ពុជា ជួ​ប ណាហ្គាវើលដ៍ និងគូចុងក្រោយភ្នំពេញក្រោន ទទួល នគរបាលជាតិ។

ការប្រកួតនឹងមានកម្មវិធីដូចខាងក្រោម៖

ការប្រកួតរវាងយុវជនអាយុក្រោម ១៨ឆ្នាំបាទី ជាមួយ វិសាខា បើនិយាយពីប្រវត្តិជួបគ្នាវិញ កាលពីរដូវកាលមុន វិសាខា ធ្វើបានល្អជាង U-18 បាទី ១០០ភាគរយ ដោយបានយកឈ្នះទាំង ២ប្រកួត ពោលគឺជើងទី១ នៅទឹកដីវិសាខា បានយកឈ្នះ ៥ទល់១ និងពេលត្រលប់មកជើងទី២ វិញ វិសាខា បន្តយកឈ្នះ ០ទល់៧។

ស្ថានភាពបច្ចុប្បន្នក្នុងលីគយុវជនអាយុក្រោម ១៨ឆ្នាំសាលាបាល់ទាត់ជាតិបាទី កំពុងឈរនៅលេខ១២ ក្រោយប្រកួត ៦ដង មិនដែលឈ្នះ ស្មើ១ និងចាញ់៥ មាន ១ពិន្ទុ ខណៈវិសាខា ឈរនៅលេខ៤ ក្រោយប្រកួតបាន ៧ដង ឈ្នះ៤ ស្មើ១ និងចាញ់ ២ដង មាន ១៣ពិន្ទុ។

ចំពោះការប្រកួតរវាង អគ្គិសនីកម្ពុជា ជាមួួយ ណាហ្គាវើលដ៍ វិញបើនិយាយពីប្រវត្តិជួបគ្នាគឺ ណាហ្គាវើលដ៍ មានប្រៀបជាង អគ្គិសនីកម្ពុជា ១០០ភាគរយផងដែរ ពោលគឺ ៥ប្រកួតចុងក្រោយ ណាហ្គាវើលដ៍ ឈ្នះទាំង ៥លើក ខណៈអគ្គិសនីកម្ពុជា មានឱកាសតិចតួចក្នុងការតដៃជាមួយ ណាហ្គវើលដ៍ ស្ទើររៀងរាល់ការប្រកួត។

និយាយចំពោះស្ថានភាពបច្ចុប្បន្ន អគ្គិសនីកម្ពុជា កំពុងឈរនៅលេខ៩ បន្ទាប់ពីឆ្លងកាត់ការប្រកួត ៦ដង ឈ្នះ១ ស្មើ២ និងចាញ់៣ មាន ៥ពិន្ទុ ខណៈណាហ្គាវើលដ៍ វិញ ធ្វើបានល្អជាង ក្រោយប្រកួត ៦ដង ឈ្នះ៣ ស្មើ៣ និងមិនដែលចាញ់។

គូចុងក្រោយ ភ្នំពេញក្រោន នឹងត្រូវទទួល នគរបាលជាតិ ខណៈម្ចាស់ផ្ទះភ្នំពេញក្រោន ហាក់មានប្រៀបជាងផងដែរ ជាក់ស្ដែងយោងលើលទ្ធផលបច្ចុប្បន្ន ភ្នំពេញក្រោន កំពុងឈរនៅលេខ២ ក្រោយប្រកួត ៧ដង ឈ្នះ៤ ស្មើ៣ និងមិនដែលចាញ់ មាន ១៥ពិន្ទុ ខណៈនគរបាលជាតិ វិញ កំពុងឈរនៅលេខ១៣ បាតតារាង ក្រោយប្រកួត ៦ដង ចាញ់ទាំង ៦ដង មាន ០ពិន្ទុ។

អំពីប្រវត្តិជួបគ្នាវិញ ភ្នំពេញក្រោន នៅតែបន្តមានប្រៀបជាង ដោយគិត ៥ប្រកួតចុងក្រោយ គឺភ្នំពេញក្រោន ឈ្នះទាំង ៥ប្រកួតជាប់ៗគ្នាផងដែរ៕

 

រូបភាព៖ Metfone Cambodian League

អត្ថបទ៖ ណារ៉ុង

មតិយោបល់