បឹងកេត ហាក់មានប្រៀបលើទ័ព ខណៈសូលទីឡូ ទំនងចែកពិន្ទុជាមួយគីរីវង់ និងអាស៊ីអ៊ឺរ៉ុប អាចពិបាកក្រោមថាយហ្គឺរ

មាស សុផាណារ៉ុង July 18, 2020


 

ភ្នំពេញ៖ ការប្រកួតក្របខ័ណ្ឌលីគកំពូលកម្ពុជា សប្តាហ៍ទី៨ បានចូលមកដល់បន្តទៀតហើយ ដោយនៅថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២០ មានការប្រកួតចំនួន ៣គូ ពោលគឺ សូលទីឡូអង្គរ ប៉ះ គីរីវង់សុខសែនជ័យ, អាស៊ីអឺរ៉ុបយូណាយធីត ជួ​ប អង្គរថាយហ្គឺរ និងបឹងកេត ទទួល កងយោធពលខេមរភូមិន្ទ។

ការប្រកួតនឹងមានកម្មវិធីដូចខាងក្រោម៖

និយាយពីប្រវត្តិជួបគ្នារវាង សូលទីឡូអង្គរ ប៉ះ គីរីវង់សុខសែនជ័យ កាលពីរដូវកាលមុន សូលទីឡូអង្គរ ធ្វើបានល្អជាង ដោយឈ្នះ១ និងស្មើ១ ពោលគឺជើងទី១ នៅទឹកដីគីរីវង់ សូលទីឡូអង្គរ បានយកឈ្នះ ០ទល់១ និងពេលត្រលប់មកជើងទី២ វិញ សូលទីឡូអង្គរ វិញបានត្រឹមស្មើគ្នា ០ទល់០ នៅកីឡដ្ឋានខេត្តសៀមរាប។

ស្ថានភាពបច្ចុប្បន្នក្នុងលីគ សូលទីឡូអង្គរ កំពុងឈរនៅលេខ១១ ក្រោយប្រកួត ៦ដង ឈ្នះ១ និងចាញ់៥ មាន ៣ពិន្ទុ ខណៈគីរីវង់សុខសែនជ័យ ឈរនៅលេខ១០ ក្រោយប្រកួតបាន ៧ដង ឈ្នះ១ ស្មើ១ និងចាញ់ ៥ដង មាន ៤ពិន្ទុ។

ចំពោះការប្រកួតរវាង អាស៊ីអឺរ៉ុបយូណាយធីត ជួ​ប អង្គរថាយហ្គឺរ វិញបើនិយាយពីប្រវត្តិជួបគ្នាគឺ អង្គរថាយហ្គឺរ មានប្រៀបជាងបន្តិចបើយោងលើប្រវត្តិជួបគ្នាក្នុងលីគ ពោលគឺ ៥ប្រកួតចុងក្រោយ អង្គរថាយហ្គឺរ ឈ្នះអាស៊ីអ៊ឺរ៉ុបយូណាយធីត ២លើក និង ៣លើកផ្សេងទៀតស្មើគ្នា។

និយាយចំពោះស្ថានភាពបច្ចុប្បន្ន អង្គរថាយហ្គឺរ ក៏នៅតែមានប្រៀបជាង អាស៊ីអឺរ៉ុបយូណាយធីត បន្ទាប់ពីឆ្លងកាត់ការប្រកួត ៧ដង ឈ្នះ៣ ស្មើ៣ និងចាញ់១ មាន ១២ពិន្ទុ ខណៈអាស៊ីអឺរ៉ុបយូណាយធីត វិញ ធ្វើបានល្អគួរសម ក្រោយប្រកួត ២ដង ឈ្នះ២ ស្មើ១ និងចាញ់ ៣ប្រកួត។

ក្រឡេកមកមើលគូពិសេសចុងក្រោយ បឹងកេត ទទួល កងយោធពលខេមរភូមិន្ទ ម្ចាស់ផ្ទះបឹងកេត ហាក់មានប្រៀបជាង ជាក់ស្ដែងយោងលើលទ្ធផលបច្ចុប្បន្ន បឹងកេត កំពុងឈរនៅលេខ៣ ក្រោយប្រកួត ៦ដង ឈ្នះ៤ ស្មើ២ និងមិនដែលចាញ់ មាន ១៤ពិន្ទុ ខណៈកងយោធពលខេមរភូមិន្ទ វិញ កំពុងឈរនៅលេខ៧ ក្រោយប្រកួត ៧ដង ឈ្នះ៣ ស្មើ២ និងចាញ់២ មាន ១១ពិន្ទុ។

អំពីប្រវត្តិជួបគ្នាវិញ បឹងកេត ហាក់មានប្រៀបជាងបន្តិច ដោយគិត ៥ប្រកួតចុងក្រោយ គឺបឹងកេត ឈ្នះ៣ដង និង ២ដងផ្សេងទៀត ទ័ព ឈ្នះ១ និងស្មើ១៕

 

រូបភាព៖ Metfone Cambodian League

អត្ថបទ៖ ណារ៉ុង

មតិយោបល់