គ្រូបណ្ដោះអាសន្នបឹងកេត បង្ហើបឲ្យដឹងស្ថានភាព ចាន់ វឌ្ឍនាកា ដែលអវត្តមានជំនួបជាមួយគីរីវង់

មាស សុផាណារ៉ុង July 17, 2020


 

ភ្នំពេញ៖ ចាន់ វឌ្ឍនាកា កាលពីសប្ដាហ៍កន្លងទៅក្នុងជំនួបរវាងក្លិបបឹងកេត ជាមួយ ក្លិបគីរីវង់សុខសែនជ័យ ពុំមានវត្តមានជាមួយក្រុមឡើយទាំងជម្រើស ១១នាក់ដំបូង និងទាំងកៅអីបម្រុង ខណៈមានរឿងនៅពីក្រោយ ដែលនាំឲ្យ វឌ្ឍនាកា ពុំមានវត្តមានក្នុងជំនួបដែល បឹងកេត ឈ្នះ គីរីវង់ ៤ទល់១។

តាមការឲ្យដឹងពី លោក គឹម ភក្ដី គ្រូបង្វឹកនៃក្លិបបាល់ទាត់បឹងកេត បានរៀបរាប់ថា មូលហេតុដែល ចាន់ វឌ្ឍនាកា អវត្តមានកាលពីសប្ដាហ៍មុន គឺដោយសារលោកមិនផ្ដោតលើកីឡាករម្នាក់ៗឡើយ បានសេចក្ដីថា ត្រូវការការធ្វើបានល្អជាក្រុម។ លោកថា៖ «នៅពេលដែលខ្ញុំចូលមកហ្វឹកហាត់ក្លិបបាល់ទាត់បឹងកេត ជាគ្រូបណ្ដោះអាសន្ន ជាគ្រូនៅទីនេះ គឺខ្ញុំផ្ដោតទៅលើកីឡាករជារួម ខ្ញុំមិនបានគិតកីឡាករម្នាក់ៗទេ អុីចឹងនៅក្នុងលក្ខខណ្ឌណាដែលកីឡាករទាំងអស់ធ្វើការរួមគ្នាបានល្អ គឺនឹងមានវត្តមានកីឡាករទាំងអស់នោះនៅលើទីលាន។»

គួរបញ្ជាក់ថា ក្នុងជំនួបដែលបឹងកេត យកឈ្នះ គីរីវង់សុខសែនជ័យ ៤ទល់១ កាលពីថ្ងៃទី១១ ខែកក្កដា កន្លងទៅ គឺរកបានដោយ Anderson, ឪ ភារុណ, សៀង ចន្ធា និង Gapone ម្នាក់មួយគ្រាប់។

ចំពោះ ចាន់ វឌ្ឍនាកា ចាប់តាំងពីដើមរដូវកាល២០២០មក គឺបង្ហាញខ្លួន ៤ប្រកួត ក្នុងចំណោម ៦ប្រកួត និងរកគ្រាប់បាល់បាន ១គ្រាប់ផងដែរ៕

 

រូបភាព៖ Boeung Ket Football Club

អត្ថបទ៖ ណារ៉ុង

មតិយោបល់