កែវ ឧត្តម សុខចិត្តលះបង់អាជីពសិល្បៈបានកម្រៃច្រើនមកផ្ដោតតែបាល់ទាត់ ដើម្បីសម្រេចបណ្ដាំឪពុកដែលបានចែកឋាន

មាស សុផាណារ៉ុង July 17, 2020


 

ភ្នំពេញ៖ កីឡាករ កែវ ឧត្តម សមាជិកនៃក្លិបបាល់ទាត់ណាហ្គាវើលដ៍ និងជាកីឡាកររួមចំណែកឲ្យក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ បានឡើងជុំផ្ដាច់ព្រ័ត្រពាន AFC U-19 Championship 2020 ជាលើកដំបូងក្នុងរយៈពេល ៤៦ឆ្នាំចុងក្រោយ ត្រូវបានម្ដាយបង្ហើបឲ្យដឹងថា សុខចិត្តលះបង់អាជីពសិល្បៈបានកម្រៃច្រើន មកផ្ដោតតែបាល់ទាត់ ដើម្បីសម្រេចក្ដីបណ្ដាំឪពុកដែលបានចែកឋាន។

កែវ ឧត្តម សម្រាប់អ្នកនិយមទស្សនាបាល់ទាត់កម្ពុជាប្រាកដជាស្គាល់ច្បាស់ គេគឺជាកូនប្រុសបង្កើត លោក កែវ សារិន ដែលជាអតីតគ្រូបង្វឹកនៃក្លិបបាល់ទាត់មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (ស៊ីម៉ាក់យូណាយធីត) ប៉ុន្តែលោកបានចែកឋាន កាលពីចុងខែមេសា កន្លងទៅថ្មីៗនេះ​ដោយសាររោគាពាធ។

រឿងដ៏គួរចាប់អារម្មណ៍បន្ថែមទៀតផងដែរ គឺបើតាមការបង្ហើបឲ្យដឹងពីម្ដាយរបស់យុវជនវ័យ ១៨ឆ្នាំរូបនេះ បានឲ្យដឹងថាដើម្បីសម្រេចក្ដីបណ្ដាំឪពុកដែលចង់ឲ្យកូនក្លាយជាសមាជិកនៃក្រុមជម្រើសជាតិកម្ពុជាឈុតធំ កែវ ឧត្តម សុខចិត្តលះបង់អាជីពសិល្បៈដែលរកអាចបានកម្រៃច្រើន នឹងមកផ្ដោតតែទៅលើបាល់ទាត់មួយមុខ។ លោកស្រី ផន សុម្ភស្ស បានលើកឡើងដូច្នេះថា៖ «ថ្ងៃមុខទៅបណ្ដាំរបស់ឪពុកគាត់ ចង់ឲ្យគាត់ក្លាយជាកីឡាករជម្រើសជាតិឈុតធំ អ៊ីចឹងបានថារាល់ថ្ងៃការងារអ្វីក៏គាត់អត់ចាប់អារម្មណ៍ដែរ សូម្បីតែសិល្បៈគាត់ចេះច្រើនមែន គេហៅគាត់ធ្វើការបានប្រាក់ខែច្រើនមែន ក៏ប៉ុន្តែគាត់នៅសម្រេចក្ដីបំណងរបស់ឪពុកគាត់… មុនស្លាប់ទៅគាត់បានផ្ដែផ្ដាំ អ៊ីចឹងគាត់នៅតែកាន់ខាងកីឡាករ គាត់នៅតែតស៊ូរហូត ហើយរាល់ថ្ងៃជំហរនៅក្នុងគ្រួសារគឺគេជាអ្នកជំហរទាំងស្រុង។»

លោកស្រីដែលជាអ្នកគាំទ្រដ៏ស្មោះស្ម័គ្រចំពោះកូន គឺតែងតែមានមុខគាំទ្រកូនដោយផ្ទាល់ទាំងនៅក្លិប និងនៅជម្រើសជាតិ U-19 កម្ពុជា បើទោះបីជាមានវិបត្តិកូវីដ-១៩ ពុំត្រូវបានគេអនុញ្ញាតឲ្យចូលទស្សនាដោយផ្ទាល់ ក៏លោកស្រីតែងតែទស្សនាតាមទូរទស្សន៍ ឬហ្វេសប៊ុក ដែលមានការផ្សាយផ្ទាល់ការប្រកួតរបស់ណាហ្គាវើលដ៍ ជានិច្ច។ លោកស្រីបានសង្គ់តធ្ងន់។

ដោយឡែកចំពោះសាមីខ្លួន កែវ ឧត្តម បានលើកឡើងរំឭកដល់ឪពុកផងដែរថា៖ «បាទ កម្លាំងចិត្តខ្លាំង ប៉ុន្តែរាល់ថ្ងៃពេលនៅផ្ទះ បើទោះបីជាប៉ារបស់ខ្ញុំគាត់ចែកឋានទៅមែន ខ្ញុំនៅផ្ទះក៏ខ្ញុំនៅតែចាត់ទុកថា នៅពីរនាក់ប៉ាៗ ប៉ានៅពីក្រោយខ្នងខ្ញុំរហូត។» ចុងក្រោយ កែវ ឧត្តម បានសម្ដែងការប្តេជ្ញាចិត្តផងដែរថា នឹងខិតខំប្រឹងប្រែងទាំងនៅក្នុងក្លិប និងនៅជម្រើសជាតិ (យុវជន) ហើយនឹងដាក់គោលដៅដើម្បីជាប់ជម្រើសជាតិកម្ពុជា ឈុតធំ នាពេលអនាគត រួមទាំងដាក់គោលដៅបើមានឱកាសចង់ចេញទៅប្រកបអាជីពនៅក្រៅប្រទេស កឺលីគបាល់ទាត់ថៃ ផងដែរ។

ក្នុងព្រឹត្តិការណ៍ជម្រុះជើងឯកយុវជនអាស៊ីអាយុក្រោម ១៩ឆ្នាំ (AFC U-19 Championship) នៅកម្ពុជា កែវ ឧត្តម បានបង្ហាញខ្លួនបាន ៣ប្រកួតក្នុងចំណោម ៤ប្រកួត ពោលគឺជម្រើស ១១នាក់ដំបូង ២ដង និងប្ដូរចូលម្ដង ហើយអាចរកគ្រាប់បាល់បាន ១គ្រាប់ផងដែរ ពេលប្រកួតជាមួយ U-19 ព្រុយណេ គ្រប់គ្រាន់ជួយឲ្យ U-19 កម្ពុជា បានឡើងជុំផ្ដាច់ព្រ័ត្រពាន AFC U-19 Championship 2020 ជាលើកដំបូងក្នុងរយៈពេល ៤៦ឆ្នាំចុងក្រោយ។

សូមបញ្ជាក់ថា ក្រៅតែពីអាជីពជាកីឡាករបាល់ទាត់ ឧត្តម ក៏មានសមត្ថភាពក្នុងវិស័សិល្បៈផងដែរ ពោលគឺអាចច្រៀង នឹងសម្ដែងបាន ខណៈកន្លងមកយុវជនរូបនេះក៏ធ្លាប់ចូលរួមសម្ដែងស្ពតពាណិជ្ជកម្មជាច្រើនផងដែរ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់