គូប្រកួតបើកឆាករបស់កម្ពុជា វគ្គជម្រុះ World Cup ពេលត្រលប់មកវិញខែតុលា រកក្រុមប្រកួតមិត្តភាពបានហើយ

មាស សុផាណារ៉ុង July 17, 2020


 

អាស៊ី៖ ក្រុមបាល់ទាត់ជម្រើសជាតិបារ៉ែន ដែលជាក្រុមដំបូងត្រូវប៉ះជម្រើសជាតិកម្ពុជា ក្នុងវគ្គជម្រុះបាល់ទាត់ពិភពលោក (FIFA WOrld Cup Qualification) ពេលឲ្យបន្តដំណើរការប្រកួតឡើងវិញនៅខែតុលា បានរកក្រុមប្រកួតមិត្តភាពកម្ដៅសាច់ដុំរួចហើយ ដើម្បីជាការត្រៀមមុនការប្រកួតផ្លូវការមកដល់។

តាមការបញ្ជាក់ដោយផ្លូវការពីសហព័ន្ធកីឡាបាល់ទាត់បារ៉ែន បានណាត់ប្រកួតមិត្តភាពជាមួយក្រុមរួមតំបន់ជាមួយកម្ពុជា គឺក្រុមជម្រើសជាតិម៉ាឡេស៊ី នៅថ្ងៃទី០២ ខែតុលា នៅទីក្រុង Manama ប្រទេសបារ៉ែនផ្ទាល់ ពោលគឺ ៦ថ្ងៃមុនទទួល កម្ពុជា នៅថ្ងៃទី០៨ ខែដដែល។

សូមរំឭកថាការប្រកួតជម្រុះបាល់ទាត់ពិភពលោក ជុំទី២ ដែលបានផ្អាកកាលពីខែមីនា, មិថុនា និងកញ្ញា និងត្រូវបានរៀបចំការប្រកួតថ្មីទៅខែតុលា និងខែវិច្ឆិកា ឆ្នាំ២០២០ ជាមួយកាលវិភាគដូចជា៖

  • ប្រកួតទី៥ គឺគ្រោងនឹងធ្វើនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០
  • ប្រកួតទី៦ គឺគ្រោងនឹងធ្វើនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០
  • ប្រកួតទី៧ គឺគ្រោងនឹងធ្វើនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០
  • ប្រកួតទី៨ គឺគ្រោងនឹងធ្វើនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០

ចំពោះកម្ពុជា ត្រូវប្រកួតនៅអំឡុងខែតុលា នោះគឺត្រូវឡើងទៅជួប បារ៉ែន នៅថ្ងៃទី០៨ ខែតុលា បន្ទាប់ត្រលប់មករាជធានីភ្នំពេញ វិញដើម្បីទទួល អ៊ីរ៉ង់ នៅថ្ងៃទី១៣ ខែដដែល និងប្រកួតចុងក្រោយរបស់កម្ពុជា គឺត្រូវប៉ះ អ៊ីរ៉ាក់ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០៕

 

ប្រភព៖ The AFC

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់