គ្រូភ្នំពេញក្រោន ជុំវិញភាពប្រែប្រួលយុវជនដែលឡើងមកឈុតធំ៖ «គាត់ជាដើមឈើតូចមួយទេ…គាត់ខំលូតតាមដើមឈើធំៗ»

មាស សុផាណារ៉ុង July 16, 2020


 

ភ្នំពេញ៖ លោក ស៊ុំ វណ្ណា គ្រូបង្វឹកនៃក្លិបបាល់ទាត់ភ្នំពេញក្រោន បានបង្ហាញពីភាពប្រែប្រួលនៃយុវជនចំនួន ១០រូប ដែលត្រូវបានចូលរួមជាមួយក្រុមធំ តាំងពីដើមរដូវកាល ដោយលោកបានបញ្ជាក់ថា មានការកើនឡើងបើធៀបទៅនឹងការហ្វឹកហាត់នៅឈុតយុវជន ក៏ដូចជានៅតាមខេត្ត។

ដើមរដូវកាល២០២០ ក្លិបបាល់ទាត់ភ្នំពេញក្រោន បានតម្លើងយុវជន ៥រូបពីក្រុមយុវជនអាយុក្រោម ១៨ឆ្នាំ រួមមានកីឡាករ ចន ចំរើន, សំអុល ទីណា, ហាញ់ មាន, រស់ តារាពេជ្រ និងឈុំ សុខហៃ ខណៈកីឡាករ ៤រូបទៀតគឺជាយុវជនដែលលោក ស៊ុំ វណ្ណា ជ្រើសរើសបានមកពីខេត្តកំពង់ស្ពឺ រួមមាន ពៅ គីមណាន់, ឃុន សុខម៉េង, អ៉ីម សំអូន និងណុប សុផានុ ជាមួយនឹងយុវជនម្នាក់ទៀត សំណាង រិទ្ធី វ័យ ១៩ឆ្នាំ។

ថ្លែងប្រាប់សារព័ត៌មាន camsports.org លោក ស៊ុំ វណ្ណា បានលើកឡើងដូច្នេះថា៖ «យើងឃើញថា តាំងពីយុវជនដែលយើងយកមកពីខេត្តផ្សេងៗមក ហើយជាមួយយុវជនរបស់យើងឡើងមក ៤,៥នាក់ហ្នឹងមក យើងឃើញថាមានគម្លាតពីយុវជនដែលនៅក្រុមគឺឆ្ងាយ ប្រហែលជា ៣០ភាគរយ អ៊ីចឹងគាត់នៅជាមួយឈុតធំរាល់ថ្ងៃ អ៊ីចឹងបានន័យថាពីមុនមកគាត់តូចទេ គាត់ជាដើមឈើតូចមួយទេ ប៉ុន្តែគាត់នៅជាមួយដើមឈើធំៗ អ៊ីចឹងគាត់ខំលូតតាមដើមឈើធំៗ…។»

គ្រូបង្វឹកវ័យ ៣៩ឆ្នាំរូបនេះ សង្គត់ធ្ងន់ថា៖ «យើងអាចប្រើបាននៅជាមួយហ្នឹងឈុតធំ យើងអាចឲ្យគាត់លេងនៅក្រុមធំនៅក្នុងលីគបាន យើងសង្ឃឹមថាឆ្នាំក្រោយ ពួកគាត់ ១០នាក់ ឬ១១, ១២នាក់ហ្នឹង យ៉ាងហោចណាស់ ៥,៦នាក់យើងអាចប្រើគាត់បាននៅក្នុងលីគកំពូលរបស់យើង។»

សូមបញ្ជាក់ថា ក្លិបបាល់ទាត់ភ្នំពេញក្រោន ត្រូវបានគេទទួលស្គាល់ថាជាក្លិបមួយក្នុងចំណោមក្លិបនានានៅលីគកំពូលកម្ពុជា ដែលមានគុណភាពក្នុងបណ្ដុះបណ្ដាលថ្នាលយុវជនល្អៗជាច្រើន ក៏ដូចជាផ្ដល់ឱកាសដល់យុវជនច្រើន ជាក់ស្ដែងប៉ុន្មានឆ្នាំចុងក្រោយ នៅក្នុងជម្រើស ១១នាក់ដំបូងរបស់គេអាចមានយុវជនអាយុក្រោម ២០ឆ្នាំលើសពីពាក់កណ្ដាលនៅក្នុងទីលានប្រកួតផ្លូវការនានា។

បន្ថែមលើសពីនេះ ចាប់តាំងពីប្រើប្រាស់យុវជនក្នុងជម្រើស ១១នាក់ដំបូងសម្រាប់ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា លើសពាក់កណ្ដាល នៅឆ្នាំ២០១៦ មក កីឡាករភាគច្រើនដែលជាថ្នាលរបស់ក្លិបរហស្សនាម សឹង្ហក្រហម មួយនេះគឺកំពុងមានមុខនៅក្រុមជម្រើសជាតិកម្ពុជា ទាំងឈុតធំ និងយុវជនអាយុក្រោម ២២ឆ្នាំ ដែលកាលពីឆ្នាំ២០១៩ កន្លងទៅ បានរួមចំណែកដល់ជាតិ ក្នុងការបំបែកកំណត់ត្រា ជាមួយព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA Games 2019) តាមរយៈការនាំក្រុមឡើងទៅដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ផងដែរ៕

 

រូបភាព៖ ក្លិបភ្នំពេញក្រោន – Phnom Penh Crown FC

អត្ថបទ៖ ណារ៉ុង

មតិយោបល់