វ៉ាំង ដាវីន ថាធ្លាប់តែលេងធម្មតាៗតាមភូមិ តែពេលបានចូលបឹងកេត ២សប្ដាហ៍ ក្រោយមកចូលធ្វើតេស្ត U-19 កម្ពុជា គឺពិតជាភ្ញាក់ផ្អើលសម្រាប់ខ្លួន

មាស សុផាណារ៉ុង July 16, 2020


 

ភ្នំពេញ៖ កីឡាករ វ៉ាំង ដាវីន ត្រូវបានស្គាល់ថាជាយុវជនដែលលេងឲ្យ ក្រុមតាមភូមិ (ពន្លៃថោន) និងលេងឲ្យសាលាប្រចាំស្រុកកំណើត ទទួលការចាប់អារម្មណ៍ជាខ្លាំង ក្រោយត្រូវបានបឹងកេត (ក្រុម U-18) នាំយកមករួមក្រុម កាលពីដើមខែកក្កដា កន្លងទៅថ្មីៗនេះ។

យ៉ាងណាមិញទៅទៀតយុវជន U18 របស់បឹងកេត វ៉ាំង ដាវីន ដែលទើបតែត្រូវបានក្លិបនាំចូលមករួមក្រុម បានមិនដល់ ២សប្ដាហ៍ ក៏ទទួលបានឱកាសកោះហៅចូលធ្វើតេស្ត ដើម្បីចូលក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ ខណៈសាមីខ្លួនបានសម្ដែងអារម្មណ៍ ភ្ញាក់ផ្អើល និងប្លែក ដ្បិតធ្លាប់តែលេងធម្មតាៗនៅតាមភូមិ។

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្រោយបញ្ចប់ការធ្វើតេស្តហ្វឹកហាត់ វ៉ាំង ដាវីន បាននិយាយថា៖ «សម្រាប់ខ្ញុំភ្ញាក់ផ្អើលបង ព្រោះទើបតែលើកដំបូង ហើយប្លែក ធ្លាប់តែនៅតាមភូមិលេងធម្មតាៗ ដល់ពេលឥលូវមកលេងជាមួយគេ បងៗដែលប្រឡុកមុនអ៊ីចឹងគឺប្លែកច្រើន។ ខ្ញុំមកដំបូងអ៊ីចឹងរាងភ័យតិចៗ ប៉ុន្តែអាចទៅមុខបាន ទៅជាមួយគេទៀតបាន។ … ការភ័យប៉ះពាល់អារម្មណ៍ដែរ ប៉ះតិចៗ មុនដំបូងប្រហែល ១០នាទីដំបូងរាងភ័យៗ ពិបាកលេង ពិបាកគ្រប់គ្រងខ្លួនឯង ពេលចុងក្រោយមកសម្រួលបាន អត់អីទេ។»

នៅពេលដែលសួរនាំថា ទើបតែប្រឡុកថ្មីជាងគេ ហើយមានឱកាសមកធ្វើតេស្តជាមួយក្រុមជម្រើសជាតិ ប៉ុន្តែបើសិនជាមិនបានជាប់ តើមានអារម្មណ៍សោកស្ដាយ ឬក៏ចាត់ទុកជាបទពិសោធយ៉ាងណា? យុវជនមកពីខេត្តកំពង់ឆ្នាំង រូបនេះ ឆ្លើយតបថា៖ «ខ្ញុំគិតថាស្ដាយ ព្រោះមានឱកាសហើយយើងឆក់យកអត់បាន យើងទើបមកដំបូងមែន តែមានឱកាសជាប់មកតេស្តអ៊ីចឹង ខ្ញុំប្រឹងឲ្យអស់។»

ចុងក្រោយ វ៉ាំង ដាវីន បាន​ប្ដេជ្ញា​ជារួមជាមួយក្លិប និងជម្រើសជាតិថា នឹងអភិវឌ្ឍន៍ខ្លួន​ឲ្យល្អជាងនេះ ដើម្បី​បាន​លេងឈុត​ធំ​ក្លិប ជាពិសេស​ប្រឹងប្រែងកៅអី ​២៣​នាក់​​ជម្រើស​ជាតិ​កម្ពុជា អាយុក្រោម ១៩ឆ្នាំ។

សូមបញ្ជាក់ថា វ៉ាំង ដាវីន មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង និងបច្ចុប្បន្នមានវ័យ ១៨ឆ្នាំ ខណៈសម្រាប់តួនាទីដែលគេអាចលេងបានគឺខ្សែបម្រើស្លាប៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់