កិច្ចសម្ភាសន៍ទាំងស្រុង គ្រូ U-19 កម្ពុជា ជុំវិញការធ្វើតេស្តយុវជនចម្រាញ់ចូល U-19 កម្ពុជាលើកដំបូង

មាស សុផាណារ៉ុង July 15, 2020


 

ភ្នំពេញ៖ លោក Koji Gyotoku គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ បានចាប់ផ្ដើមយុទ្ធនាការលើកដំបូងរបស់លោក ក្នុងការសង្កេត ដើម្បីជ្រើសរើសយុវជន ចូលក្រុមជម្រើសជាតិ ដែលបានធ្វើឡើងនៅពហុកីឡដ្ឋានជាតិ នារសៀលថ្ងៃទី១៤ ខែកក្កដា ម្សិលមិញ ជាមួយនឹងវត្តមានយុវជន ៣៣រូប មកពីក្លិបទាំង ៨នៃលីគកំពូលកម្ពុជា។

ថ្លែងនៅក្រោយបញ្ចប់ការសង្កេតកីឡាករយុវជន លោក Koji Gyotoku បានផ្ដល់ជាកិច្ចសម្ភាសន៍ខ្លះៗដល់អ្នកសារព័ត៌មានដែលមានខ្លឹមសារដូចខាងក្រោម៖

ជំុវិញការប្រមូលផ្ដុំគ្រោងធ្វើប៉ុន្មានដំណាក់កាល៖

«ទាក់ទងនឹងការប្រមូលផ្ដុំនេះ គឺអត់ទាន់មានគម្រោងច្បាស់លាស់នៅឡើយទេ ដោយសារតែការប្រមូលផ្ដុំដំបូងឡើយគឺយើងប្រមូលផ្ដុំត្រៀម AFF (ពានយុវជនអាស៊ាន) ក៏ប៉ុន្តែឥលូវនេះយើងបានឭដំណឹងថា AFF ហ្នឹងគឺត្រូវបានគេពន្យាពេល អ៊ីចឹងហើយការប្រកួតអត់មានទេ អ៊ីចឹងការប្រមូលផ្ដុំលើកនេះហើយយើងនឹងព្យាយាមគិតឡើងវិញ ថាតើគួរតែប្រមូលផ្ដុំលើកណាទៀត ហើយយើងមើលស្ថានភាពផង និងធ្វើគម្រោងឡើងវិញផង ប្រហែលជាអាចនឹងខែ៩ ប្រសិនបើមានការប្រកួត ឬក៏អាចទៅបោះជំរំនៅកន្លែងណាបានអី គឺយើងនឹងព្យាយាមធ្វើបន្តបន្ទាប់ គិតផែនការថ្មី និងដាក់ចេញផែនការថ្មី។»

ជុំវិញថាតើនឹងបិទបញ្ជីកោះហៅកីឡាករត្រឹម ៣៩នាក់នេះ ឬបន្តមានការប្រែប្រួល៖

«ជាមួយនឹងការប្រមូលផ្ដុំលើកនេះ យើងមិនប្រាកដថាពួកគាត់អាចមានឈ្មោះមករហូតទេ ព្រោះអំឡុងពេលឥលូវរហូតទៅដល់ការប្រកួតនៅចុងខែ១០ ហ្នឹង គឺនៅរយៈពេល ៣ខែទៀត អ៊ីចឹងក្នុងអំឡុងពេលហ្នឹងអាចមានកីឡាករខ្លះគាត់អាចរបួស កីឡាករខ្លះក៏អាចធ្លាក់កម្លាំង កីឡាករខ្លះទៀត គាត់មានការលេងពេញលេញទៅក៏មានឈ្មោះមករហូតមក អ៊ីចឹង អាចនឹងមានកីឡាករថ្មីបញ្ចូល ឬក៏អាចនឹងមានកីឡាករនៅទីនេះចេញក៏ថាបានដែរនៅអំឡុងពេលហ្នឹង។»

ជុំវិញលក្ខខណ្ឌរបស់កីឡាករក្នុងថ្ងៃដំបូងនេះ៖

«មានកីឡាករខ្លះគាត់រក្សាលក្ខខណ្ឌកម្លាំងរបស់គាត់បានល្អ កីឡាករខ្លះទៀតក៏អត់បានល្អ ហើយកីឡាករមួយចំនួនទៀតហ្នឹង គឺគាត់លេងតាមចិត្តរបស់គាត់ កីឡាករមួយចំនួនទៀតគាត់ធ្វើការបានល្អ។»

ជុំវិញម្ចាស់ផ្ទះអ៊ូបេគីស្ថាន បិទប្រទេសដោយសារការរីករាលដាលកូវីដ-១៩ ជាថ្មី៖

«សម្រាប់កីឡាករយើងគួរតែធ្វើបន្តទៀត ដើម្បីការមើលកីឡាករ ការរីកចម្រើនរបស់កីឡាករជាដើម ក៏ប៉ុន្តែសម្រាប់ប្រទេសអ៊ូបេគីស្ថាន គេមានស្ថានភាពបែបណា គឺ U-19 កម្ពុជាយើងនឹងប្រែប្រួលទៅតាមនោះ»។

ជុំវិញកីឡាករដែលកាលពីឆ្នាំកន្លងទៅមានឱកាសលេងលីគច្រើន តែឆ្នាំនេះផ្លាស់ប្ដូរក្លិបនិងពុំមានឱកាសបង្ហាញក្នុងលីគនៅឡើយ៖

«គឺជាបញ្ហាមួយ សម្រាប់កីឡាករនៅពេលដែលគាត់អត់បានលេងគឺគាត់ធ្លាក់ទម្រង់លេងហើយ ការលេងរបស់គាត់គឺធ្លាក់ចុះ ហើយសហព័ន្ធកីឡាបាល់ទាត់តាមដែលខ្ញុំឭមកគឺដោយសារតែមានបញ្ហានេះហើយ បានជាសហព័ន្ធគាត់បង្កើតលីកទី២ ដើម្បីឲ្យកីឡាករយុវជនមានឱកាសក្នុងការលេងច្រើន។»

សូមរំឭកថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ( FFC ) បានបង្ហាញបញ្ជីឈ្មោះកីឡាករ ៣៨នាក់ នៃក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា ដើម្បីត្រៀមប្រមូលផ្ដុំធ្វើតេស្តប្រកួតពានរង្វាន់ជម្រើសជើងឯកយុវជនអាស៊ី អាយុក្រោម ១៩ឆ្នាំ (2020 AFC U-19 Championship) នៅប្រទេសអ៊ូបេគីស្ថាន នាខែតុលាខាងមុខ ដោយជាលើកដំបូងចាប់ផ្ដើមនៅថ្ងៃទី១៤ ខែកក្កដា ម្សិលមិញ ជាមួយនឹងគម្រោងជាបន្តបន្ទាប់ទៀតផងដែរ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់