បរិយាយសកម្មភាពថ្ងៃដំបូងនៃការធ្វើតេស្តយុវជនចូលរួមក្រុមជម្រើសជាតិអាយុក្រោម ១៩ឆ្នាំកម្ពុជា

មាស សុផាណារ៉ុង July 15, 2020


 

ភ្នំពេញ៖ បន្ទាប់ពីត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បង្ហាញបញ្ជីឈ្មោះកីឡាករ ៣៨នាក់ នៃក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា ដើម្បីត្រៀមប្រមូលផ្ដុំធ្វើតេស្តប្រកួតពានរង្វាន់ជម្រើសជើងឯកយុវជនអាស៊ី អាយុក្រោម ១៩ឆ្នាំ (2020 AFC U-19 Championship) នៅប្រទេសអ៊ូបេគីស្ថាន កាលពីល្ងាចថ្ងៃទី១៤ ខែកក្កដា នៅរសៀលថ្ងៃទី១៥ ខែដដែល យុវជនទាំងនោះបានចាប់ផ្ដើមចូលមកបង្ហាញលើកដំបូងរបស់ខ្លួននៅពហុកីឡដ្ឋានជាតិ។

យុវជនទាំងនោះត្រូវបានស្គាល់ថាមានមកពីយុវជនសាលាបាល់ទាត់ជាតិបាទី (៨នាក់), មកពីវិសាខា (៧នាក់), ណាហ្គាវើលដ៍ (២នាក់), បឹងកេត (១០នាក់), នគរបាលជាតិ (៣នាក់),  អគ្គិសនីកម្ពុជា (២នាក់), ភ្នំពេញក្រោន (៤នាក់) និងព្រះខ័នរាជស្វាយរៀង (២នាក់) ប៉ុន្តែអ្វីជាការចាប់អារម្មណ៍នោះ កីឡាកររបស់ក្លិបវិសាខា ចំនួន ៦នាក់ពុំបានចូលរួមក្នុងថ្ងៃធ្វើតេស្តដំបូងនេះឡើយ ដោយសារពួកគេត្រូវទៅប្រកួតតំណាងក្រុមខេត្តព្រៃវែង ក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទល់នឹងខេត្តសៀមរាប ខណៈជាមួយគ្នាផងដែរយុវជនរបស់បឹងកេត មួយរូបទៀតត្រូវបានកោះហៅមកចូលរួមបន្ថែម ពីលើបញ្ជីដើមដែលមានតែ ១០នាក់។

រឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយទៀតផងដែរ គ្រូបង្វឹកនៃក្លិបបាល់ទាត់វិសាខា លោក Colum Curtis និងលោក Conor Nestor គ្រូបង្វឹកក្លិបព្រះខ័នរាជស្វាយរៀង ក៏មានវត្តមាននៅពហុកីឡដ្ឋានជាតិផងដែរ។

អំពីសកម្មភាព ដំបូងឡើយយុវជនទាំង ៣៣នាក់ បានធ្វើការជួបជុំគ្នានៅចំពោះមុខគ្រូបង្វឹក លោក Koji Gyotoku បន្ទាប់មកធ្វើការកម្ដៅសាច់ដុំ រត់ជុំវិញទីលានមួយជុំ រួចហើយធ្វើការទាញសរសៃ។

បន្ទាប់ពីការទាញសរសៃររួចរាល់ លោក Koji Gyotoku បានចាប់ផ្ដើមឲ្យមានការបែងចែកក្រុមដើម្បីធ្វើការប្រកួតសាកល្បងសមត្ថភាពយកតែម្ដង ដោយបែងចែកចេញជា ៣ក្រុមផ្សេងគ្នា មានក្រុមអាវកាកពណ៌ស ពណ៌បៃតង និងពណ៌ទឹកក្រូច។ ចាប់ផ្ដើមដំបូង ក្រុមអាវកាកពណ៌ស ប្រកួតជាមួយក្រុមអាវកាកពណ៌បៃតង មុន រយៈពេលប្រហែល ៣០នាទី និងក្រុមពណ៌ទឹកក្រូចសម្រាក បន្ទាប់មកទៀត ក្រុមអាវកាកពណ៌បៃតង សម្រាកវិញម្ដង ក្រុមអាវពណ៌ទឹកក្រូច ចូលមកប្រកួតជាមួយក្រុមអាវកាកពណ៌ស រយៈពេលប្រហែល ៣០នាទីដូចគ្នា និងចុងក្រោយក្រុមអាវកាកព៌ណសម្រាក ទុកឲ្យក្រុមអាវកាកពណ៌បៃតង និងពណ៌ទឹកក្រូច ប្រកួតម្ដង រហូតដល់ចប់រយៈពេល ៩០នាទីពេញ ស្របពេលដែលលទ្ធផលមិនមែនជារឿងចាំបាច់ អ្វីដែលសំខាន់គឺទម្រង់លេងរបស់កីឡាករម្នាក់ៗ និងការលេងជាក្រុម។

ក្រោយបញ្ចប់ពួកគេបានធ្វើការសម្រួលសរសៃរវិញ និងបន្ទាប់មកទទួលការណែនាំពីគ្រូបង្វឹក លោក Koji Gyotoku ជាថ្មី ហើយការធ្វើតេស្តថ្ងៃដំបូងក៏ត្រូវបានរំសាយ កីឡាករចាកចេញទៅកាន់ក្លិបរៀងៗខ្លួន រង់ចាំការធ្វើតេស្តនៅពេលក្រោយម្ដងទៀត។

លោក Koji Gyotoku នៅក្រោយបញ្ចប់ការសង្គេតកីឡាករ ក៏បានផ្ដល់កិច្ចសម្ភាសន៍ដល់អ្នកសារពត៌មានផងដែរ ជាពិសេសពាក់ព័ន្ធទៅនឹងការយល់ឃើញជុំវិញការលើកដំបូងនេះ ដោយលោកបញ្ជាក់ថា៖ «មានកីឡាករខ្លះគាត់រក្សាលក្ខខណ្ឌកម្លាំងរបស់គាត់បានល្អ កីឡាករខ្លះទៀតក៏អត់បានល្អ ហើយកីឡាករមួយចំនួនទៀតហ្នឹង គឺគាត់លេងតាមចិត្តរបស់គាត់ កីឡាករមួយចំនួនទៀតគាត់ធ្វើការបានល្អ។»

សូមបញ្ជាក់ថា ការធ្វើតេស្តចូលក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ គ្រោងនឹងធ្វើបន្តទៀតនៅសប្ដាហ៍ក្រោយផងដែរ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់