ម្ចាស់ផ្ទះ U-19 អ៊ូបេគីស្ថាន ត្រៀមខ្លួនបានយ៉ាងល្អ ក្រោយប្រកួតមិត្តភាពប៉ះក្រុមខ្លាំៗ ៤ដង ឈ្នះ៣ និងចាញ់១

មាស សុផាណារ៉ុង July 14, 2020


 

អ៊ូបេគីស្ថាន៖ ក្រុមបាល់ទាត់ជម្រើសជាតិអ៊ូបេគីស្ថាន អាយុក្រោម១៩ឆ្នាំ ដែលជាម្ចាស់ផ្ទះរៀបចំការប្រកួតពានរង្វាន់ជើងឯកយុវជនអាស៊ី អាយុក្រោម១៩ឆ្នាំ (AFC U-19 Championship) បានបង្ហាញពីការត្រៀមខ្លួនបានយ៉ាងល្អ បន្ទាប់បោះជំរំហ្វឹកហាត់ ២លើកផ្សេងគ្នា ជាមួយនឹងការប្រកួតកម្ដៅសាច់ដុំយ៉ាងស្វិតស្វាញ ៤ប្រកួត។

U-19 អ៊ូបេគីស្ថាន គឺជាម្ចាស់ផ្ទះនៅពូល A ដោយមានក្រុមរួមពូលពី U-19 កម្ពុជា ជាមួយនឹង U-19 ឥណ្ឌូនេស៊ី និង U-19 អ៊ីរ៉ង់ ផងដែរ បន្ទាប់ពីការចាប់ពូលដែលបានធ្វើឡើងកាលពីពាក់កណ្ដាលខែមិថុនា កន្លងទៅថ្មីៗនេះ។

យ៉ាងណាមិញជាការត្រៀមរៀបចំខ្លួនឲ្យបានល្អប្រសើរក្នុងនាមជាម្ចាស់ផ្ទះ អ៊ូបេគីស្ថាន គិតចាប់តាំងពីពាក់កណ្ដាលខែមិថុនា មក បានធ្វើការប្រមូលផ្ដុំហ្វឹកហាត់ចំនួន ២ដងរួចមកហើយ ពោលគឺលើកទី១ ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមិថុនា និងលើកទី២ ពីថ្ងៃទី២២ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០។

ក្នុងការប្រមូលផ្ដុំហ្វឹកហាត់ ២ដងផងនោះ U-19 អ៊ូបេគីស្ថាន ក៏បានធ្វើការប្រកួតមិត្តភាពកម្ដៅសាច់ដុំចំនួន ៤ប្រកួត ទាំងជាមួយក្រុមនៅលីគកំពូល និងលីគទី២ មានដូចជា៖

  • ឈ្នះ ក្រុម Neftgazmontaj (លីគទី២) លទ្ធផល ១-០
  • ឈ្នះ ក្រុម Bunyadkor (លីគកំពូល) លទ្ធផល ៣-០
  • ចាញ់ ក្រុម Paxtakor-2 ក្រុមបម្រុង (លីគកំពូល) លទ្ធផល ២-៣
  • ឈ្នះ ក្រុម Neftgazmontaj (លីគទី២) លទ្ធផល ៤-២

សូមបញ្ជាក់ជាថ្មីថា ការប្រកួតពានរង្វាន់ (2020 AFC U-19 Championship) U-19 កម្ពុជា ស្ថិតនៅពូល A ជាមួយក្រុម U-19 អ៊ូបេគីស្ថាន (ម្ចាស់ផ្ទះ) ក្រុម U-19 ឥណ្ឌូនេស៊ី និងក្រុមចុងក្រោយ U-19 អ៊ីរ៉ង់ ហើយការប្រកួតគ្រោងនឹងធ្វើឡើងនៅចន្លោះថ្ងៃទី១៤ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ នៅលើទឹកដីនៃប្រទេសអ៊ូបីគីស្ថាន៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់អ៊ូបេគីស្ថាន – Uzbekistan Football Association

អត្ថបទ៖ ណារ៉ុង

មតិយោបល់