លីគលំដាប់ទី២ កម្ពុជា គ្រោងដំណើរប្រកួតនៅខែតុលា ចុងឆ្នាំ២០២០ នេះ

មាស សុផាណារ៉ុង July 14, 2020


 

ភ្នំពេញ៖ ការប្រកួតពានរង្វាន់ជម្រើសជើងឯកជាតិ លីគទី២ ឬហៅដោយស្រួលថា ‘លីគលំដាប់ទី២ កម្ពុជា’ (Cambodian Second League) អាចនឹងមានការប្រកួតឡើងវិញនៅចុងឆ្នាំ២០២០ នេះ។ បើយោងតាមលិខិតផ្លូវការដែលចេញដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីពេលថ្មីៗនេះ។

លិខិតដដែលនោះ គឺជាលិខិតជូនដំណឹងស្ដីពី ការប្រកួតសម្រាប់ឆ្នាំ២០២០ ដោយក្នុងនោះមានព្រឹត្តិការណ៍សំខាន់ៗចំនួន៦ រួមមានលីគលំដាប់ទី២ កម្ពុជា ផងដែរ បន្ទាប់ពីខកខានរៀបចំចាប់តាំងពីឆ្នាំ២០១៧ មក ក្រោយដំណើរការបានតែ ២រដូវកាល។

បន្ថែមចំពោះលិខិតដដែល ដែលមានបញ្ជាក់អំពី លីគលំដាប់ទី២ កម្ពុជា នោះគឺផ្ដោតសំខាន់ទៅលើការដាក់ឲ្យដាក់ពាក្យចូលរួមប្រកួត ដោយតាមគម្រោងនឹងទទួលពាក្យចាប់ពីថ្ងៃជូនដំណឹងតទៅ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ខណៈជុំវិញកាលបរិច្ឆេទប្រកួត គឺគេគ្រោងនឹងធ្វើពីថ្ងៃទី០៣ ខែតុលា រហូតដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ខណៈចំនួនក្រុមគឺអាស្រ័យទៅតាមចំនួនក្រុមដែលបានដាក់ពាក្យចូលរួមគ្រប់លក្ខខណ្ឌ។

ក្រៅតែពីពានរង្វាន់លីគទី២ កម្ពុជា ព្រឹត្តិការណ៍បាល់ទាត់ចំនួន ៥ផ្សេងទៀតក៏ត្រូវបានដាក់ឲ្យចាប់ផ្ដើមដាក់ពាក្យចូលរួមប្រកួតដូចគ្នាផងដែរ រួមមាន ពានរង្វាន់បាល់ទាត់ក្នុងសាលថ្នាក់ជាតិ ឆ្នាំ២០២០ គ្រោងចាប់ផ្ដើមពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ ដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១, ជម្រើសជើងឯកបាល់ទាត់នារី (លីគ) គ្រោងចាប់ផ្ដើមពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១, ជម្រើសបាល់ទាត់នារី អាយុក្រោម ១៥ឆ្នាំ គ្រោងចាប់ផ្ដើមពីថ្ងៃទី០១ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ និងពានរង្វាន់បាល់ទាត់យុវជន ២ប្រភេទអាយុផ្សេងទៀត (អាយុក្រោម ១៥ឆ្នាំ និង ១៨ឆ្នាំ) គ្រោងចាប់ផ្ដើមពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១។

គួររំឭកថា លីគលំដាប់ទី២ កម្ពុជា បានចាប់ផ្ដើមជាលើកដំបូងកាលពីឆ្នាំ២០១៦ ដោយកាលនោះមាន ៩ក្រុមចូលរួមប្រកួត ជើងឯកគឺបានទៅក្លិបគីរីវង់សុខសែនជ័យ ខណៈនៅរដូវកាលទី២ ឆ្នាំ២០១៧ មាន ៧ក្រុមចូលរួមប្រកួត និងជើងឯកគឺបានទៅក្លិបវិសាខា ដោយឡែកនៅរដូវកាល២០១៨, ២០១៩​ ខកខានមិនអាចរៀបចំដំណើរការទៅបាន៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ ណារ៉ុង

មតិយោបល់