លីគកំពូលកម្ពុជា ៣គូ សប្ដាហ៍ទី៧ នៃថ្ងៃសៅរ៍នេះ ម្ចាស់ផ្ទះសុទ្ធតែមានប្រៀបជាងក្រុមភ្ញៀវ

មាស សុផាណារ៉ុង July 11, 2020


 

ភ្នំពេញ៖ ការប្រកួតក្របខ័ណ្ឌលីគកំពូលកម្ពុជា សប្តាហ៍ទី៧ បានចូលមកដល់បន្តទៀតហើយ ដោយនៅថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២០ មានការប្រកួតចំនួន ៣គូ ពោលគឺ អង្គរថាយហ្គឺរ ប៉ះ យុវជនសាលាបាល់ទាត់ជាតិបាទី អាយុក្រោម១៨ឆ្នាំ កងយោធពលខេមរភូមិន្ទ ប៉ះ នគរបាលជាតិ តំណាលគ្នា ព្រះខ័នរាជស្វាយរៀង ជួប អាស៊ីអឺរ៉ុបយូណាយធីត។

ការប្រកួតនឹងមានកកម្មវិធីដូចខាងក្រោម៖

យោងតាមកម្មវិធីប្រកួតខាងលើ គេសង្គេតឃើញថាក្រុមម្ចាស់ផ្ទះ ទាំង៣ ហាក់មានប្រៀបជាងគូប្រកួតរៀងៗខ្លួនដូចៗគ្នា ជាក់ស្ដែងគឺអង្គរថាយហ្គឺរ, កងយោធពលខេមរភូមិន្ទ និង ព្រះខ័នរាជស្វាយរៀង នេះបើធៀបទៅលើទាំងលទ្ធផលបច្ចុប្បន្នក្នុងលីគ រួមទាំងប្រវត្តិជួបគ្នាកន្លងមកក្នុងលីគ។

និយាយពីប្រវត្តិជួបគ្នារវាង អង្គរថាយហ្គឺរ ជាមួយ យុវជនសាលាបាល់ទាត់ជាតិបាទី កាលពីរដូវកាលមុន អង្គរថាយហ្គឺរ បានយកឈ្នះទាំងពីរជើង ពោលគឺជើងទី១ នៅទឹកដីសាលាបាល់ទាត់ជាតិបាទី អង្គរថាយហ្គឺរ បានយកឈ្នះ ០ទល់៦ និងពេលត្រលប់មកជើងទី២ វិញ អង្គរថាយហ្គឺរ បន្តយកឈ្នះ ៨ទល់៣ នៅកីឡដ្ឋានខេត្តសៀមរាប។

ស្ថានភាពបច្ចុប្បន្នក្នុងលីគ អង្គរថាយហ្គឺរ កំពុងឈរនៅលេខ៦ ក្រោយប្រកួត ៦ដង ឈ្នះ២ ស្មើ៣ និងចាញ់១ មាន៩ពិន្ទុ ខណៈយុវជនសាលាបាល់ទាត់ជាតិបាទី ឈរនៅលេខ១២ ក្រោយប្រកួតបាន ៥ដង មិនដែលឈ្នះ ស្មើ១ និងចាញ់ ៤ដង។

ចំពោះការប្រកួតរវាង កងយោធពលខេមរភូមិន្ទ (ទ័ព) ជាមួយ នគរបាលជាតិ (ប៉ូលីស) វិញបើនិយាយពីប្រវត្តិជួបគ្នាគឺទ័ព មានប្រៀបជាង ពោលគឺ ៥ប្រកួតចុងក្រោយ ទ័ព ឈ្នះប៉ូលីស ទាំង ៥លើក ទាំងនៅក្នុងលីគ និងខាប់។

និយាយចំពោះស្ថានភាពបច្ចុប្បន្ន ទ័ព ក៏នៅតែមានប្រៀបជាង ប៉ូលីស បន្ទាប់ពីឆ្លងកាត់ការប្រកួត ៦ដង ឈ្នះ២ ស្មើ២ និងចាញ់២ មាន ៨ពិន្ទុ ខណៈប៉ូលីស វិញ ហាក់ធ្វើទាន់បានល្អទាល់តែសោះ ក្រោយប្រកួត ៥ដងចាញ់ទាំង ៥ប្រកួត។

ក្រឡេកមកមើលគូចុងក្រោយ ព្រះខ័នរាជស្វាយរៀង ជាមួយ អាស៊ីអឺរ៉ុបយូណាយធីត ក៏ម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង នៅតែមានប្រៀបជាងដដែល ជាក់ស្ដែងយោងលើលទ្ធផលបច្ចុប្បន្ន ព្រះខ័នរាជស្វាយរៀង កំពុងឈរនៅកំពូលតារាង ក្រោយប្រកួត ៦ដង ឈ្នះ៥ និងស្មើ១ មិនដែលចាញ់ មាន១៦ពិន្ទុ ខណៈអាស៊ីអឺរ៉ុបយូណាយធីត វិញ កំពុងឈរនៅលេខ៨ ក្រោយប្រកួត ៥ដង ឈ្នះ២ ស្មើ១ និងចាញ់២ មាន៧ពិន្ទុ។

អំពីប្រវត្តិជួបគ្នាវិញ ព្រះខ័នរាជស្វាយរៀង ហាក់មានប្រៀបជាងបន្តិច ដោយគិត ៥ប្រកួតចុងក្រោយ គឺក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀងមួយនេះ ឈ្នះ៣ដង និង២ដងផ្សេងទៀត អាស៊ីអឺរ៉ុប ឈ្នះ៕

 

រូបភាព៖ Metfone Cambodian League

អត្ថបទ៖ ណារ៉ុង

មតិយោបល់