កីឡាករជប៉ុនដំបូងគេដែលប្រកបអាជីពនៅលីគកំពូលកម្ពុជា Takihito Ota ផ្លាស់ទៅលេងលីគកំពូលឡាវ

មាស សុផាណារ៉ុង July 10, 2020


 

ឡាវ៖ កីឡាករសញ្ជាតិជប៉ុន និងត្រូវបានស្គាល់ច្បាស់ថាជាកីឡាករជប៉ុន ដំបូងគេប្រកបអាជីពនៅលីគកំពូលកម្ពុជា Takahito Ota បានរកទ្រនំថ្មីមួយទៀតតាមរយៈការចូលរួមជាមួយក្លិប Master 7 FC នៃលីគកំពូលឡាវ។

យោងតាមការប្រកាសនៅលើទំព័រផ្លូវការរបស់ក្លិបដែលត្រូវបាន ព្រះខ័នរាជស្វាយរៀង ទម្លាក់នៅក្នុងវគ្គជម្រុះ AFC Cup កាលពីដើមឆ្នាំ២០២០ នេះ បានបញ្ជាក់ថា ពួកគេបានឈានទៅដល់ការចុះកិច្ចសន្យានាំយក Takahito Ota មកចូលរួមជាមួយក្រុមនារដូវកាល ២០២០។

មុនមកចូលរួមជាមួយ ក្លិប Master 7 FC ខ្សែបម្រើកណ្ដាលរូបនេះ គឺបានចូលរួមជាមួយក្លិបនៅលីគកំពូលត៉ៃវ៉ាន់ Tapei Red Lions។

គួរឲ្យដឹងថា Takahito Ota ចូលមកកម្ពុជាដំបូងនៅឆ្នាំ២០១១ ពាក់កណ្ដាលរដូវកាលដោយចាប់ផ្ដើមដំបូងជាមួយភ្នំពេញក្រោន ក្រោយមកនៅដើមឆ្នាំ២០១២ ផ្លាស់ទៅចូលរួមជាមួយ ក្លិបអគ្គស្នងការដ្ឋាននគរបាលជាតិ ហើយនៅឆ្នាំ២០១៣ បានចូលរួមជាមួយ បៀលប្រាយយូណាយធីត ជាក្លិបដែលគេលេងបាន ២រដូវកាល រហូតដល់ឆ្នាំ២០១៥ ផ្លាស់ទៅក្រសួងការពារជាតិ លេងបានពាក់កណ្ដាលរដូវកាល ផ្លាស់មកលេងឲ្យក្លិបមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) កន្លះរដូវកាល រួចនៅឆ្នាំ២០១៦ ផ្ទេរមកប៉ូលីស សារជាថ្មី លេងបានពាក់កណ្ដាលរដូវកាលដូចគ្នាក៏ផ្លាស់ទៅចូលរួមជាមួយ វេស្ទើនភ្នំពេញ បានមួយរយៈខ្លីក៏មកចូលរួមជាមួយស៊ីម៉ាក់ វិញនៅឆ្នាំ២០១៧ ខណៈកន្លះរដូវកាល២០១៧ គេពុំមានក្លិបប្រកបអាជីពជាមួយមួយរយៈ រហូតដល់ឆ្នាំ២០១៨ ចូលរួមជាមួយវេស្ទើនភ្នំពេញ និងឆ្នាំ២០១៩ ចូលរួមជាមួយគីរីវង់សុខសែនជ័យ ពាក់កណ្ដាលរដូវកាល ដែលជាក្លិបចុងក្រោយរបស់គេ នៅកម្ពុជា គិតត្រឹមឆ្នាំ២០២០ នេះ។

ជាមួយគ្នាផងដែរបុរសមានឈ្មោះជាខ្មែរថា «សូរិយា» រូបនេះ ក៏មានភរិយាជាជនជាតិខ្មែរ ផងដែរ ដែលបានរៀបអាពាហ៍ពិពាហ៍នៅខេត្តតាកែវ កាលពីចុងឆ្នាំ២០១៨៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់