AFC បញ្ជាក់នូវការប្តេជ្ញាចិត្តដើម្បីបញ្ចប់ការប្រកួតនានានៅឆ្នាំ២០២០ ជាមួយនឹងកាលវិភាគថ្មីផ្លូវការ

មាស សុផាណារ៉ុង July 9, 2020


 

អាស៊ី៖ បន្ទាប់ពីការពិភាក្សាប្រកបដោយភាពម៉ត់ចត់ជាបន្តបន្ទាប់ ជាមួយសហព័ន្ធដែលជាសមាជិក (MA) លីក និងក្លិប សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានសម្រេចបញ្ចេញកាលវិភាគថ្មី ដើម្បីបញ្ចប់ការប្រកួតនានានៅឆ្នាំ២០២០ នេះ អំឡុងកូវីដ-១៩ កំពុងតែបន្តរាតត្បាត។

ការប្រកួតទាំងនោះដែលមានពាក់ព័ន្ធនឹងក្រុមរបស់កម្ពុជា ទាំងជម្រើសជាតិ និងក្លិប រួមមានដូចជា ការប្រកួតជម្រុះបាល់ទាត់ពិភពលោក ជុំទី២ (Asian Qualifiers for the FIFA World Cup Qatar 2022) ក៏ដូចជាការប្រកួតក្លិបបាល់ទាត់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី (​AFC Cup)។

តាមការបញ្ជាក់ដោយ AFC ការប្រកួតជម្រុះបាល់ទាត់ពិភពលោក ជុំទី២ ដែលបានផ្អាកកាលពីខែមីនា, មិថុនា និងកញ្ញា ត្រូវបានរៀបចំការប្រកួតថ្មីទៅខែតុលា និងខែវិច្ឆិកា ឆ្នាំ២០២០ ជាមួយកាលវិភាគដូចជា

  • ប្រកួតទី៥ គឺគ្រោងនឹងធ្វើនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០
  • ប្រកួតទី៦ គឺគ្រោងនឹងធ្វើនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០
  • ប្រកួតទី៧ គឺគ្រោងនឹងធ្វើនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០
  • ប្រកួតទី៨ គឺគ្រោងនឹងធ្វើនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០

ចំពោះការប្រកួតក្លិបបាល់ទាត់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី (​AFC Cup) ដែលក្រុមពីកម្ពុជា ព្រះខ័នរាជស្វាយរៀង ចូលរួមផងដែរនោះ នឹងត្រូវធ្វើតាមរបៀបដែលធ្លាប់ត្រូវបានគេលើកឡើងកាលពីប៉ុន្មានសប្ដាហ៍មុន នឹងត្រលប់មកវិញនៅខែកញ្ញា ហើយនឹងមានប្រទេសមួយធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួត ៣ប្រកួតដែលនៅសេសសល់ តាមពូលនីមួយៗ ដោយមិនធ្វើការប្រកួតផ្លាស់ប្ដូរទឹកដីនោះទេ។

កាលវិភាគថ្មីមានដូចជា ៖

  • ប្រកួតទី៤ គឺគ្រោងនឹងធ្វើនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០
  • ប្រកួតទី៥ គឺគ្រោងនឹងធ្វើនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០
  • ប្រកួតទី៦ គឺគ្រោងនឹងធ្វើនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០

ទោះបីបានបង្ហាញកាលបរិច្ឆេទ ប៉ុន្តែអ្វីដែលគេត្រូវរង់ចាំនោះគឺ រង់ចាំតែទីតាំងប្រកួតប៉ុណ្ណោះ ដ្បិតសហព័ន្ធក៏នឹងបន្តតាមដានជាបន្តទៀតនូវស្ថានការនៃជំងឺកូវីដ-១៩។

កាលបរិច្ឆេទថ្មី និងផ្លូវការនៃពានរង្វាន់ដទៃទៀតរួមមាន ពានយុវជន និងបាល់ទាត់ក្នុងសាល ដែលមានដូចជា៖

  • AFC U-19 Championship នៅអ៊ូបេគីស្ថាន  – ពីថ្ងៃទី១៤ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០
  • AFC Futsal Championship នៅតួរមីនីស្ថាន – ពីថ្ងៃទី០៤ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០
  • AFC U-16 Championship នៅបារ៉ែន – ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០
  • AFC Futsal Club Championship នៅអារ៉ាប់រួម – ពីថ្ងៃទី០២ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០

 

អានផងដែរ៖ AFC Cup អាចនឹងមានប្រទេសមួយធ្វើជាម្ចាស់ផ្ទះ ៣ប្រកួតដែលនៅសេសសល់ តាមពូលនីមួយៗ

អានផងដែរ៖ វគ្គជម្រុះ World Cup អាចត្រលប់មកវិញនៅខែតុលា និងវិច្ឆិកា បើ FIFA យល់ព្រមឲ្យបន្ត

 

ប្រភព៖ The AFC

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់