ក្នុងសប្ដាហ៍តែមួយ ប្រធានក្លិបស្ត្រី ២រូប នៅលីគកំពូលកម្ពុជា បង្ហាញក្ដីកង្វល់រៀងៗខ្លួនបន្ទាប់ពីលីគទើបតែចាប់ផ្ដើមឡើងវិញ

មាស សុផាណារ៉ុង July 8, 2020


 

ភ្នំពេញ៖ ប្រធានក្លិបបាល់ទាត់ជាស្ត្រីនៅលីគកំពូលកម្ពុជា ២រូប លោកស្រី ពុធ ធីតា (ក្លិបបឹងកេត) និងលោកជំទាវ កែ សួនសុភី (ក្លិបវិសាខា) បានបង្ហាញក្ដីកង្វល់រៀងៗខ្លួន បន្ទាប់ពីលីគទើបតែចាប់ផ្ដើមកាលពីចុងសប្ដាហ៍កន្លងទៅ ក្រោយផ្អាកដោយសារវិបត្តិកូវីដ-១៩។

ក្ដីកង្វល់ដែលទទួលបានការចាប់អារម្មណ៍ ពាក់ព័ន្ធទៅនឹងក្លិបបាល់ទាត់វិសាខា ដែលមានលោកជំទាវ កែ សួនសុភី ជាប្រធានក្លិប និងស្វាមីរបស់លោកជំទាវ គឺឯកឧត្តម ស សុខា ជាស្ថាបនិកដែលទើបតែផ្ទេរតំណែងប្រធានក្លិបមកឲ្យលោកជំទាវ កាលពីឆ្នាំ២០១៨ កន្លងទៅ គឺត្រូវបានមតិមួយចំនួនបានលើកឡើងក្នុងន័យរិះគន់ បែបវាយប្រហារមកកាន់ថ្នាក់ដឹកនាំក្លិបដោយចោទថាបានប្រើតួនាទី បន្ទាប់ពីការប្រកួតនៃលីគកំពូលកម្ពុជា រវាងក្លិបបាល់ទាត់ភ្នំពេញក្រោន ជាមួយ ក្លិបវិសាខា សប្ដាហ៍ទី៦ ចុងសប្ដាហ៍ក្លងទៅ ដែលបញ្ចប់ទៅដោយមានរឿងចម្រូងចម្រាស ដោយសារការកាត់សេចក្ដីខ្លះៗរបស់អាជ្ញាកណ្ដាល។

តបទៅនឹងការរិះគន់នេះ ដំបូងឡើយស្ថាបនិកក្លិប ឯកឧត្តម ស សុខា បានចេញការបដិសេធដោយបញ្ជាក់ថា មិនបានដឹងឮអំពីរឿងអ្វីឡើយដូចដែលការចោទប្រកាន់ឡើយ ខណៈភ្ជាប់ពាក់ព័ន្ធទៅនឹងការបង្កេីតក្លិប​ ឯកឧត្តមថាពុំបានគិតពីផលប្រយោជន៍នោះទេ​ គឺដោយសារស្រឡាញ់​ និងចង់ចូលរួមអភិវឌ្ឍវិស័យកីឡា។

ឆ្លើយតបបន្ថែមទៅនឹងបញ្ហានេះ លោកជំទាវ កែ សួនសុភី ក៏បានបង្ហាញក្ដីកង្វល់ផ្ទាល់ខ្លួនផងដែរ ដ្បិតលោកបាននឹងកំពុងព្យាយាមអភិវឌ្ឍបាល់ទាត់ ដោយមិនចង់បានអ្វីត្រលប់មកវិញ ប៉ុន្តែយ៉ាងហោចណាស់ទទួលបានពាក្យលើកទឹកចិត្ត។ «ព្យាយាមអភិវឌ្ឍបាល់ទាត់ជាមួយគ្នាតែមិនបានអ្វីត្រឡប់មកវិញ យ៉ាងហោចណាស់ពាក្យលើកទឹកចិត្តក៏បានដែរ។» សំណេរទាំងស្រុងរបស់ លោកជំទាវ នៅលើគណនីហ្វេសប៊ុកផ្ទាល់។

ដោយឡែកលោកស្រី ពុធ ធីតា ដែលជាប្រធានក្លិបបាល់ទាត់បឹងកេត នៅថ្ងៃ០៨ កក្កដា ផងដែរ តាមរយៈគេហទំព័រផ្លូវការរបស់ក្លិបក៏បានលើកឡើងជុំវិញវិបត្តិបង្ករឡើងដោយជំងឺ COVID-19 ដែលនាំឲ្យប៉ះពាល់ដល់ក្លិប, ក្រុមហ៊ុនឧបត្ថម្ភ និងអ្នកគាំទ្រ។

តាមរយៈប្រសាសន៍នៅក្នុងវីដេអូ លោកស្រី ហាក់សម្ដែងក្ដីកង្វល់ជាខ្លាំងពាក់ព័ន្ធទៅនឹងផលប៉ះពាល់នានា បើទោះបីជាពេលនេះលីគបានត្រលប់មកវិញ ដែលនាំឲ្យការប៉ះពាល់ដល់សេដ្ឋកិច្ចទាំងមូល និងសូម្បីតែក្លិបក៏រងផលប៉ះពាល់ដូចគ្នា លោកស្រីក៏សង្ឃឹមថាឆាប់ៗនេះអ្វីៗកាន់តែល្អប្រសើរជាងមុន។

លើសពីនេះ កត្តាដែលជាចំណែកជួយទ្រទ្រង់ដល់ក្លិបជាពិសេសអ្នកគាំទ្រ ត្រូវប្រកួតដោយគ្មានទស្សនិកជនចូលរួមទស្សនា លោកស្រីក៏សង្ឈឹមថាអាចមានអ្នកគាំទ្រចូលរួមទស្សនានាពេលដែលមានការអនុញ្ញាតខាងមុខ ក្រៅពីនេះមានបញ្ហាពាក់ព័ន្ធនឹងក្រុមហ៊ុនឧបត្ថម្ភ ដែលនាំប៉ះពាល់ដល់ប្រាក់បៀវត្សកីឡាករ មន្រ្តីក្លិប និងបញ្ហាផ្សេងៗទៀត ដូចប្រសាសន៍ក្នុងវីដេអូខាងក្រោម៖

គួររំឭកថា ប្រធានក្លិបទាំង២ បាននឹងកំពុងទទួលការកោតសរសើរពីការចូលរួមក្នុងវិស័យកីឡាបាល់ទាត់កម្ពុជា ចាប់តាំងពីលោកទាំង២ ប្រឡូកក្នុងវិស័យមួយនេះ ជាក់ស្ដែង ក្លិបបាល់ទាត់បឹងកេត ដែលពីដំបូងឡើយមិនទាន់មានក្រុមនារី ប៉ុន្តែពេលនេះ មានក្រុមនារី ខណៈវិសាខា ដែលចាប់ផ្ដើមដំបូងមិនទាន់មានយុវជន ពេលនេះចាប់បង្កើតឲ្យមានថ្នាលយុវជនជាច្រើនឈុត និងកំពុងហ្វឹកហាត់ រស់ជាមួយនឹងស្ដង់ដាផងដែរ ក្រៅពីនេះប្រធានក្លិបទាំងពីរ បាននឹងកំពុងធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធក្លិបមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ជាពិសេសការសាងសង់កីឡដ្ឋាន ដ៏មានស្ដង់ដាខ្ពស់រៀងៗខ្លួន ជាដើម៕

 

រូបភាព៖ បឹងកេត | វិសាខា

អត្ថបទ៖ ណារ៉ុង

មតិយោបល់