ឃៀង ម៉េងហួរ រំឭកសម្ដីពីគ្រូជម្រើសជាតិ លោក Felix ក៏ដូចជាលោក Honda ដែលរូបគេចង់ចាំមិនភ្លេច

មាស សុផាណារ៉ុង July 8, 2020


 

ភ្នំពេញ៖ ខ្សែបម្រើស្លាបវ័យក្មេង ឃៀង ម៉េងហួរ ក៏ជាកីឡាករដែលជាទីចាប់អារម្មណ៍សម្រាប់អ្នកគាំទ្របាល់ទាត់កម្ពុជា ជាពិសេសកាលពីដើមឆ្នាំ២០១៩ កន្លងទៅ នៅពេលដែលរូបគេត្រូវបានកោះហៅចូលក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២២ឆ្នាំ ក៏ដូចជាក្រុមជម្រើសជាតិកម្ពុជា ឈុតធំ ផងដែរ ក្រោមការដឹកនាំរបស់ លោក Felix G.Dalmas ដែលជាគ្រូបង្វឹក និងអ្នកចាត់ការក្រុមទូទៅ លោក Keisuke Honda។

ឃៀង ម៉េងហួរ បានជាប់ជម្រើសជាតិកម្ពុជាទាំងឈុតធំ និងឈុតយុវជន គឺនៅពេលដែលក្រុម U-22 កម្ពុជា ត្រូវប្រកួតក្នុងពានជើងឯកយុវជនអាស៊ីអាគ្នេយ៍ អាយុក្រោម២២ឆ្នាំ (AFF U-22 Championship) ដែលពេលនោះកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ក៏ដូចជាក្នុងវគ្គជម្រុះជើងឯកយុវជនអាស៊ី អាយុក្រោម២៣ឆ្នាំ (AFC U-23 Championship Qualfication) ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះដូចគ្នា និងជម្រើសជាតិឈុតធំ ពេលប្រកួតមិត្តភាពជាមួយ បង់ក្លាដែស។

រយៈពេលដែលកីឡាករវ័យ ២០ឆ្នាំរូបនេះ ទទួលបានបទពិសោធជាមួយក្រុមជម្រើសជាតិ ក៏ដូចជាបទពិសោធប្រកួតលើឆាកអន្តរជាតិ បានធ្វើឲ្យរូបគេចង់ចាំមិនភ្លេចនូវរឿងរ៉ាវដែលបានកើតឡើង ជាពិសេសការផ្ដល់ជាការណែនាំពីគ្រូបង្វឹក ដែលមាន លោក Felix Dalmas ជាគ្រូបង្វឹក និងអ្នកចាត់ការក្រុមទូទៅ លោក Keisuke Honda។

ថ្លែងប្រាប់សារព័ត៌មាន camsports.org សមាជិកក្លិបព្រះខ័នរាជស្វាយរៀង រូបនេះបានលើកឡើងដូច្នេះថា៖ «ពេលដែលយើងប្រមូលផ្ដុំនៅក្រុមជម្រើសជាតិ យើងដូចជាគ្រួសារមួយនៅជុំគ្នាអ៊ីចឹង យើងឃើញមុខគ្នារាល់ថ្ងៃ យើងហាត់ យើងលេងសើចសប្បាយជាមួយគ្នា អ៊ីចឹងវាជាអនុស្សាវរីយ៍នៅក្រុមជម្រើសជាតិ ដែលយើងតែងតែនឹកក្រុមការងារ ទាំងគ្រូ ទាំងមិត្តភ័ក្តនៅក្លិបផ្សេងៗ ហើយក៏ដូចជាគ្រូតាមបណ្ដារក្លិបដែលគាត់ចូលមកធ្វើជាគ្រូជំនួយ ហើយទាំងគ្រូបង្វឹកផងដែរ។»

«រឿងដែលខ្ញុំចង់ចាំមិនភ្លេច ជាមួយគ្រូ Honda និង Felix គឺគាត់តែងតែផ្ដល់ដំបូន្មានល្អៗ ហើយនិងចំណុចខ្វះខាតដែលយើងគាត់ចង់ឲ្យយើងកែតម្រូវ ឲ្យយើងល្អ ហើយប្រសើរជាងមុន ហើយជាពិសេសនោះគឺគាត់ចង់ឲ្យយើងមានការបង្ហាញខ្លួនក្នុងលីគឲ្យបានច្រើន ជាងមុន អាហ្នឹងគឺជាដំបូន្មាន ដែលគាត់តែងតែប្រាប់ តែងតែនិយាយជារឿយៗ ផ្ដាំពីយើងមកពីជម្រើសជាតិវិញ គាត់ផ្ដាំយើងខំប្រឹងហ្វឹកហាត់ ហ្នឹងហើយជាដំបូន្មានដែលល្អៗខ្ញុំនៅចង់ចាំ។» ម៉េងហួរ បានលើកបញ្ជាក់ពីសម្ដីដែលគេចង់ចាំរបស់ លោក Felix និងលោក Honda។

និយាយអំពីស្ថានភាពរបស់ខ្លួន ជាមួយក្លិបព្រះខ័នរាជស្វាយរៀង វិញដែលចូលមកដល់រដូវកាល២០២០ ហាក់ពុំសូវមានឱកាសបង្ហាញខ្លួនបៀធៀបទៅនឹងឆ្នាំ២០១៩ កន្លងទៅ ដោយ ឃៀង ម៉េងហួរ បានឲ្យដឹងដូច្នេះថា៖ «បាទបង វាមិនខុសគ្នាប៉ុន្មានទេ វាអាស្រ័យលើខ្ញុំផ្ទាល់ដែលបង្ហាញខ្លួនលើទីលាន ហ្វឹកហាត់ត្រូវតាមអ្វីដែលគ្រូចង់បានអត់ ហើយនោះវាជាការសម្រេចចិត្តរបស់គ្រូមួយផ្នែកទៀផងដែរ។»

ពេលដែលចោទសួរថា ការពុំសូវទទួលបានឱកាសលេង តើមានការព្រួយបារម្ភកៅអីក្នុងក្រុមជម្រើសជាតិដែរឬទេ បើមានសកម្មភាព? ព្រោះឆ្នាំកន្លងទៅដូចជាមានឱកាសជាប់ច្រើន ជាពិសេសពេលដើមឆ្នាំ។ ខ្សែបម្រើស្លាបរូបនេះ ឆ្លើយតបថា៖ «សំរាប់ខ្ញំក៏មានការព្រួយបារម្ភខ្លះដែរ ព្រោះឥលូវសំបូរទៅដោយយុវជនល្អៗហើយនេះជាផ្នែកមួយនិងសញ្ញាមួយដែលត្រូវខំប្រឹងប្រែងអោយខ្លាំងដើម្បីដណ្តើមឱកាសជម្រើសជាតិមកវិញម្តងទៀត។»

សូមបញ្ជាក់ថា ឃៀង ម៉េងហួរ ត្រូវបានស្គាល់ច្បាស់ថាជាយុវជនថ្នាលរបស់ក្លិបព្រះខ័នរាជស្វាយរៀង ដោយរូបគេបានចាប់ផ្ដើមហ្វឹកហាត់ដំបូងនៅឆ្នាំ២០១៧ ក្រោយមកនៅឆ្នាំ២០១៩ ក៏ត្រូវបានតម្លើងមកក្រុមធំរហូតដល់បច្ចុប្បន្ន៕

 

រូបភាព៖ ព្រះខ័នរាជស្វាយរៀង – Preah Khan Reach Svay Rieng FC

អត្ថបទ៖ ណារ៉ុង

មតិយោបល់