ត្បូងឃ្មុំ ប៉ះ កំពង់ស្ពឺ កំពង់ឆ្នាំង ប៉ះ កែប ដណ្ដើមកៅអី ២ក្រុមចុងក្រោយឡើងវគ្គ ១/២ផ្ដាច់ព្រ័ត្រ ពានសម្តេចតេជោ (ថ្នាក់ខេត្ត)

មាស សុផាណារ៉ុង July 8, 2020


 

ភ្នំពេញ៖ ការប្រកួតដណ្ដើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ វគ្គថ្នាក់ខេត្ត នឹងរកឃើញបេក្ខភាព ២ក្រុមចុងក្រោយដើម្បីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពោលគឺជាការត្រលប់មកប្រកួតជើងទី២ ២គូផ្សេងទៀតរវាង ខេត្តត្បូងឃ្មុំ ប៉ះ ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង ជួបជាមួយ ខេត្តកែប។

ស្ថិតក្នុងការប្រកួតនៅវគ្គ ៨ក្រុមចុងក្រោយរវាង ២គូខាងលើនេះ កាលពីជើងទី១ ដែលបានធ្វើឡើងកាលពីថ្ងៃអង្គារ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២០ គឺ ខេត្តត្បូងឃ្មុំ បានប្រកួតឈ្នះ ខេត្តកំពង់ស្ពឺ ដោយលទ្ធផល ០ទល់២ ខណៈខេត្តកំពង់ឆ្នាំង វិញបានប្រកួតចាញ់ ខេត្តកែប ទាំងប្រផិតប្រផើយ ៤ទល់៣ ។

កម្មវិធីប្រកួត និងកម្មវិធីផ្សាយមានដូចខាងក្រោម៖

ត្បូងឃ្មុំ ប្រកួតជាមួយ កំពង់ស្ពឺ | ម៉ោង ៣:០០ | កីឡដ្ឋានវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន ម៉េមត់ | BTV News
កំពង់ឆ្នាំង ប្រកួតជាមួយ កែប | ម៉ោង ៣:០០ | កីឡដ្ឋានវិទ្យាល័យកំពង់ត្រឡាច | CNCC

២ក្រុមដែលឈ្នះក្នុងលទ្ធផលសរុបទាំងពីរជើងខាងលើ នឹងត្រូវឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ថ្នាក់ខេត្ត ដោយត្រៀមជួប ខេត្តព្រៃវែង ជាមួយ ខេត្តសៀមរាប ហើយពួកគេក៏ត្រូវទទួលបានកៅអីឡើងទៅប្រកួតវគ្គថ្នាក់ជាតិ ១៦ក្រុមចុងក្រោយ ជាមួយក្រុមចំនួន ១២នៅលីគកំពូលកម្ពុជា ផងដែរ។

សូមបញ្ជាក់ថា នេះជាឆ្នាំទី១៤ហើយ ដែលពានកម្រិតទី២ ប្រចាំប្រទេសមួយនេះដំណើរការឡើង និងជាឆ្នាំទី៣ ដែលបង្កើតឲ្យមានការប្រកួតថ្នាក់ខេត្តបែបនេះ ខណៈឆ្នាំចុងកន្លងទៅក្រុមដែលទទួលតំណែងជើងឯក វគ្គថ្នាក់ខេត្តគឺបានទៅខេត្តត្បូងឃ្មុំ ក្រោយយកឈ្នះ ខេត្តសៀមរាប ១ទល់២៕

 

រូបភាព៖ Hun Sen Cup – ពានរង្វាន់សម្តេច ហ៊ុន សែន

អត្ថបទ៖ ណារ៉ុង

មតិយោបល់