ណែនាំឲ្យស្គាល់ ប្រធានសហព័ន្ធកីឡាបាល់ទាត់ទាំង ១២រូប ក្នុងតំបន់អាស៊ីអាគ្នេយ៍

មាស សុផាណារ៉ុង July 7, 2020


 

អាស៊ីអាគ្នេយ៍៖ កាលពីពេលកន្លងមកសារព័ត៌មាន camsports.org ធ្លាប់បានចេញផ្សាយអំពីវ័យរបស់គ្រូបង្វឹកទាំង ១១នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈថ្ងៃនេះ ក្រុមការងារយើងខ្ញុំសូមធ្វើការបង្ហាញនូវសមាសភាព ប្រធានសហព័ន្ធនៃបណ្ដារប្រទេសជាសមាជិក វិញម្ដង បូករួមបន្ថែមជាមួយអូស្ត្រាលី ដែលជាសមាជិកចុងក្រោយផងដែរ។

  • ព្រុយណេ៖

ប្រធានសហព័ន្ធកីឡាបាល់ទាត់ព្រុយណេ បច្ចុប្បន្នមានឈ្មោះថា Pg Hj Matusin Pg Hj Matasan ទើបតែចូលកាន់តំណែងកាលពីឆ្នាំ២០១៩ ក្រោយទទួលបានមតិគាំទ្រ។ លោកក៏ធ្លាប់ជាអគ្គលេខាធិការនៃសហព័ន្ធផងដែរ។

  • កម្ពុជា៖

សម្រាប់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា គឺដឹកនាំដោយ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា។ លោកបានចូលមកកាន់តំណែងនេះ តាំងពីឆ្នាំ២០០៦ បន្ទាប់ប្រធានសហព័ន្ធចាស់ លោក ខែក រ៉ាវី ដែលគិតមកទល់ពេលនេះ គឺឯកឧត្តមដឹកនាំបាន ៤អាណត្តិ។ ឯកឧត្តមក៏មានតំណែងជា អគ្គមេបញ្ជាការរង​ នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ផងដែរ។

  • ឥណ្ឌូនេស៊ី៖

ចំពោះសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី វិញ បច្ចុប្បន្នគឺមាន លោក Mochamad Iriawan លោកក៏ទើបតែជាប់ឈ្មោះជាប្រធានសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី កាលពីឆ្នាំ២០១៩ នេះផងដែរ។ លោកគឺជាអតីតមន្រ្តីនគរបាលជាតិជាន់ខ្ពស់ ដែលចូលនិវត្តន៍។

  • ឡាវ៖

សហព័ន្ធកីឡាបាល់ទាត់ឡាវ មានប្រធានបច្ចុប្បន្នឈ្មោះថា Viphet Sihachakr។​ លោកធ្លាប់មានរឿងអាស្រូវរហូតដល់ FIFA ដាក់បម្រាមមិនឲ្យពាក់ព័ន្ធជាមួយបាល់ទាត់រយៈពេល ២ឆ្នាំផងដែរ កាលពីអំឡុងឆ្នាំ២០១៥។

  • ម៉ាឡេស៊ី៖

Dato’ Haji Hamidin Haji Mohd Amin លោកបានជាប់ឆ្នោតជាប្រធានសហព័ន្ធនៅឆ្នាំ២០១៨ លោកមានបទពិសោធជាមួយបាល់ទាត់ តាំងពីឆ្នាំ១៩៩៥ ជាមួយក្លិប Selangor FA។

  • មីយ៉ាន់ម៉ា៖

លោក Zaw Zaw ត្រូវបានដឹងថាចូលមកកាន់តំណែងជាប្រធានសហព័ន្ធកីឡាបាល់ទាត់មីយ៉ាន់ម៉ា តាំងពីឆ្នាំ២០០៥ ក្រៅតែពីតួនាទីជាប្រធានសហព័ន្ធកីឡាបាល់ទាត់មីយ៉ាន់ម៉ា លោក Zaw Zaw គឺជាអ្នកជំនួញមួយរូបដែលមានឈ្មោះល្បីនៅប្រទេសមីយ៉ាន់ម៉ា។ លោកគឺជាប្រធានក្រុមហ៊ុនធំមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ផងដែរ។

  • ហ្វីលីពីន៖

ប្រធានសហព័ន្ធកីឡាបាល់ទាត់ហ្វីលីពីន គឺដឹកនាំដោយ លោក Mariano V. Araneta បានក្លាយជាប្រធានសហព័ន្ធតាំងពីឆ្នាំ២០១០។ លោកក៏ជាអតីតកីឡាករជម្រើសជាតិផងដែរ ក្នុងអំឡុងឆ្នាំ១៩៩៣។

  • សិង្ហបុរី៖

ប្រធានសហព័ន្ធកីឡាបាល់ទាត់សិង្ហបុរី មានឈ្មោះថា Lim Kia Tong លោកបានជាប់ឆ្នោតក្លាយជាប្រធានសហព័ន្ធកាលពីឆ្នាំ២០១៧។ អាជីពដំបូងរបស់លោកដើមឡើយគឺជាមេធាវី ក្រោយមកចាប់ផ្ដើមធ្វើការនៅសហព័ន្ធកីឡាបាល់ទាត់សិង្ហបុរី ក្នុងគណៈកម្មាធិការវិន័យ ហើយបន្ទាប់មកទៀតក្លាយជាសមាជិកក្រុមប្រឹក្សាភិបាល មុននឹងក្លាយជាអនុប្រធានសហព័ន្ធនៅឆ្នាំ២០០៧ និងជាប្រធាននៅពេលបច្ចុប្បន្ន។

  • ថៃ៖

លោក Somyot Poompanmoung ដែលមានវ័យ ៦៥ឆ្នាំ បច្ចុប្បន្នគឺជាប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ ចូលកាន់តំណែងតាំងពីឆ្នាំ២០១៦។ លោកគឺជាអតីតអគ្គស្នងការនគរបាលជាតិថៃ ផងដែរ។

  • ទីម័រខាងកើត៖

ប្រធានសហព័ន្ធកីឡាបាល់ទាត់ទីម័រខាងកើត មានឈ្មោះថា Francisco Jeronimo បានចូលមកដឹកនាំសហព័ន្ធនៅឆ្នាំ២០១៨។

  • វៀតណាម៖

ចំពោះប្រធានសហព័ន្ធកីឡាបាល់ទាត់វៀតណាម បច្ចុប្បន្នដឹកនាំដោយ លោក Le Khanh Hai លោកបានក្លាយជាប្រធានសហព័ន្ធតាំងពីឆ្នាំ២០១៨។ មុនកាន់តំណែងនេះ លោកក៏ធ្លាប់កាន់ការងារធំក្នុងជួរដ្ឋាភិបាលផងដែរ ពោលគឺជា អនុរដ្ឋលេខាធិការលេខាធិការ គណៈកម្មាធិការបក្សនៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ទទួលបន្ទុកលើវិស័យជាច្រើនរួមមាន កីឡា និងការហ្វឹកហាត់កាយសម្បទា ជាពិសេសអគ្គនាយកដ្ឋានកីឡា និងអប់រំកាយ។

  • អូស្ត្រាលី៖

សហព័ន្ធកីឡាបាល់ទាត់អូស្ត្រាលី គឺជាសមាជិកចុងក្រោយគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលទើបតែត្រូវបានបញ្ជូលកាលពីឆ្នាំ២០១៣ ខណៈបច្ចុប្បន្នមានប្រធានឈ្មោះថា Chris Nikou ដែលដើមឡើយមានអាជីពជាមេធាវី ប៉ុន្តែក្រោយមកបានចាប់អារម្មណ៍ក្នុងវិស័យបាល់ទាត់។

លោកចាប់ផ្តើមមានឥទ្ធិពលក្នុងវិស័យបាល់ទាត់ នៅពេលដែលត្រូវបានតែងតាំងជានាយកប្រតិបត្តិ នៃសហព័ន្ធកីឡាបាល់ទាត់ប្រចាំរដ្ឋ Victoria (បម្រើការពីឆ្នាំ ២០០៣-២០០៨) រហូតដល់ឆ្នាំ២០១៨ បានជាប់ឆ្នោតជាប្រធានសហព័ន្ធកីឡាបាល់ទាត់អូស្ត្រាលី។

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់