មាស ចាន់ណា ក្រោយនាំណាហ្គា វាយបកយកឈ្នះ ទ័ព ៤ទល់១៖ «រណាំងការពាររបស់ទ័ព គឺខ្លាំងណាស់…»

មាស សុផាណារ៉ុង July 6, 2020


 

ភ្នំពេញ៖ លោក មាស ចាន់ណា គ្រូបង្វឹកនៃក្លិបបាល់ទាត់ណាហ្គាវើលដ៍ បានលើកឡើងថាសរសើរប្រព័ន្ធការពាររបស់ក្រុមសមាគមកីឡាកងយោធពលខេមរភូមិន្ទ (Tiffy Army FC) ពិតជាខ្លាំង បន្ទាប់ពីបានប្រកួតយកឈ្នះក្នុងជំនួបសប្ដាហ៍ទី៦ នៃពានរង្វាន់លីគកំពូលកម្ពុជា ក្រោយត្រលប់មកដំណើរការប្រកួតជាថ្មី កាលពីចុងសប្ដាហ៍កន្លងទៅ។

ការលើកឡើងបែបនេះ គឺបន្ទាប់ពីលោកបានដឹកនាំក្រុមវាយបកយកឈ្នះ ក្រុមសមាគមកីឡាកងយោធពលខេមរភូមិន្ទ (Tiffy Army FC) ៤ទល់១ បន្ទាប់ពីត្រូវបានគេនាំមុខមុន ១ទល់០ នៅវគ្គទី១ ក៏ដោយ ប៉ុន្តែដោយសារ ទ័ព មានកីឡាករទទួលបានកាតក្រហមម្នាក់ នៅវគ្គទី២។

ថ្លែងប្រាប់សារព័ត៌មាន camsports.org លោក មាស ចាន់ណា បានលើកឡើងដូច្នេះថា៖ «ទាក់ទងនឹងម្សិលមិញ ការប្រកួតគឺជក់ចិត្ត និងល្អមើលសម្រាប់ក្រុមទាំងពីរ ជាពិសេសអ្នកដែលបានតាមដាន តាមអនឡាញផ្សេងៗ នឹងឃើញការប្រកួតល្អមើលម្សិលមិញ។ ហើយការប្រកួតម្សិលមិញវាតឹងតែងណាស់ ខាងទ័ព លេងបានល្អមែនទែន ខ្ញុំមានឱកាសគ្រាន់តែមានឱកាសចុងក្រោយតែប៉ុនហ្នឹងទេ។»

«រណាំងការពាររបស់ទ័ព ការពារ បូកបម្រើការពារ គឺខ្លាំងណាស់ អ៊ីចឹងពិបាកនឹងទម្លុះចូល ដោយសារខ្ញុំមានឱកាសដោយសារខ្ញុំបានឈ្នះ កាតក្រហមមួយខាងគេ អ៊ីចឹងហើយទើបខ្ញុំមានឱកាស។» សម្ដីបន្ថែមរបស់ លោក មាស ចាន់ណា។

សូមបញ្ជាក់ថា ការប្រកួតដែលបញ្ចប់ទៅដោយណាហ្គាវើលដ៍ ឈ្នះ សមាគមកីឡាកងយោធពលខេមរភូមិន្ទ ៤ទល់១ គឺកើតចេញពីការនាំមុខមុនដោយទ័ព នៅនាទី៣៩ ធ្វើបានសម្រេចដោយកីឡាករ ណារ៉ុង កក្កដា ហើយក៏ជាគ្រាប់នាំមុខនៅវគ្គទី១ ចូលដល់វគ្គទី២ នាទី៥០ ណាហ្គា បានរកគ្រាប់តាមស្មើធ្វើបានសម្រេចដោយកីឡាករ Booysen Shane រហូតដល់នាទី៦៩ នោពេលដែលទ័ព ទទួលបានកាតក្រហម លើកីឡាករ កាន់ ពិសាល អ្វីៗកាន់តែប្រែប្រួលទៅខាងណាហ្គាវើលដ៍ ដោយអាចរកគ្រាប់បាល់បាន ៣គ្រាប់បន្ថែមនៅនាទី៧៨, ៨៣ និង ៨៧ ទាត់ចូលដោយ គួច ដានី ជាមួយ Yuta Naruse និង Booysen Shane ម្នាក់១គ្រាប់ គ្រាដែល Booysen Shane រកបានគ្រាប់ទី២ ក្នុងការប្រកួតនេះ៕

 

រូបភាព៖ Naga World FC | Metfone Cambodian League

អត្ថបទ៖ ណារ៉ុង

មតិយោបល់