អ៊ុំ វិចិត្រ មិនពេញចិត្តគ្រាប់បាល់ទី២ របស់វិសាខា ព្រោះមានការរារាំងខ្លួនដោយចេតនា មិនឲ្យទៅរកបាល់

មាស សុផាណារ៉ុង July 6, 2020


 

ភ្នំពេញ៖ លីគកំពូលកម្ពុជា បានត្រលប់មកវិញនាសប្ដាហ៍កន្លងទៅថ្មីៗនេះ ខណៈការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍ជាងគេប្រចាំសប្ដាហ៍ទី៦ រវាង ភ្នំពេញក្រោន ជាមួយ វិសាខា បញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ២ទល់២ នៅកីឡដ្ឋានស្មាតអរអេសអិន (Smart RSN) ហើយត្រូវបានគេចាត់ទុកថាមានការតាន់តឹងនៅលើទីលាន ផងដែរ ជាពិសេសការប៉ះទង្គិចគ្នាច្រើននៅលើទីលាន រហូតដល់មានកាតលឿងដល់ទៅ ៩កាត ស្របពេលក៏មានការតវ៉ា ការសម្រេចចិត្តរបស់អាជ្ញាកណ្ដាលផងដែរ។

ករណីការតវ៉ាជាមួយអាជ្ញាកណ្ដាល គឺចំពោះគ្រាប់បាល់ទី២ របស់វិសាខា ដែលរកបានដោយកីឡាករ រ៊ឹង ប៊ុនហៀង បន្ទាប់ពីអ្នកចាំទីភ្នំពេញក្រោន កីឡាករ អ៊ុំ វិចិត្រ គិតថាមានការបង្ករកំហុសពីគូប្រកួតរបស់ខ្លួនមុនរបូតគ្រាប់បាល់។

អ្នកចាំទីរូបនេះបានសម្តែងការមិនពេញចិត្តចំពោះការកាត់សេចក្តីនៅគ្រាប់បាល់ទី២ របស់វិសាខា ដោយគេបានបញ្ជាក់នៅលើគេហទំព័រផ្លូវការរបស់ក្លិប ppcfc.com ថា៖ «ចំនុចនោះខ្ញុំក៏មិនពេញចិត្តដែរ ៩០ភាគរយគឺគាត់ត្រូវពិន័យបាល់នោះឲ្យខ្ញុំ ព្រោះគេមករារាំងខ្ញុំដោយមានចេតនា មិនឲ្យខ្ញុំទៅរកបាល់ ហើយសម្រាប់កាយវិការរបស់លោកអាជ្ញាកណ្តាលក៏រៀបនឹងផ្លុំឲ្យខ្ញុំដែរ ប៉ុន្តែបែរជាមិនផ្លុំទៅវិញ ខ្ញុំពិតជាស្តាយគ្រាប់នោះមែនទែន។»

ជុំវិញការប្រកួតវិញអ្នកចាំទីចាស់វស្សារូបនេះ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា៖ «ការប្រកួតម្សិលមិញនេះពួកយើងលេងដោយមានឆន្ទៈខ្ពស់ណាស់ ដូចយើងឃើញស្រាប់ហើយ គេនាំមុខយើង ២លើក ក្រុមរបស់យើងមិនចុះចាញ់នៅតែបន្តលេង ខ្ញុំគិតថាពួកគាត់មិនមែនលេងត្រឹម ១០០ភាគរយនោះទេ គឺពួកគាត់លេងពី ១១០ភាគរយ ទៅ ១២០ភាគរយ ពោលគឺពួកគាត់យកបេះដូងមកលេងតែម្តង។»

ក្នុងចំណោមការប្រកួតទាំង ៦លើករបស់ភ្នំពេញក្រោន នេះជាលើកទីមួយហើយដែលក្រុមរបូតគ្រាប់បាល់ ប៉ុន្តែឆ្លើយតបនៅត្រង់ចំនុចនេះវិចិត្របាននិយាយថា៖ «ចំពោះការរបូតគ្រាប់បាល់មិនមែនជាបញ្ហាធំដុំនោះទេ ព្រោះធម្មតាអ្នកចាំទីមិនដែលគេមិនស៊ុតចូលនោះទេ។»

សូមរំឭកថា ការប្រកួតរវាងភ្នំពេញក្រោន ជាមួយ វិសាខា ដែលបញ្ចប់ទៅដោយមានភាពតានតឹងនេះ គឺចាប់ផ្ដើមឡើងដោយ វិសាខា បាននាំមុខមុននៅនាទី ១១ ដោយកីឡាករ ស៊ិន សុផាណាត់ ប៉ុន្តែក្រោយមក ភ្នំពេញក្រោន បានតាមបានស្មើដោយការទាត់ចូលទីដោយកីឡាករ Paulo Victor នៅនាទី៣៩ និងបានរក្សាលទ្ធផល ១-១ ដល់វគ្គទី១ លុះចូលដល់វគ្គទី២ លេងបាន ២០នាទី ខ្សែប្រយុទ្ធទើបប្ដូរចូល រ៊ឹង ប៊ុនហៀង បានរកគ្រាប់បាល់នាំមុខសារជាថ្មី នៅនាទី៦៦ បន្ទាប់មកការប្រកួតអូសបន្លាយដល់នាទី៨៦ ទើបភ្នំពេញក្រោន តាមបានស្មើជាថ្មី ដោយការធ្វើឲ្យចូលទីដោយខ្លួនឯងពីកីឡាករវិសាខា Mohammed Khan ហើយក៏ជាគ្រាប់បាល់ចុងក្រោយក្នុងការប្រកួតនេះផងដែរ៕

 

រូបភាព៖ ក្លិបវិសាខា – Visakha Football Club

អត្ថបទ៖ ណារ៉ុង

មតិយោបល់