កំណត់ត្រាជាច្រើនត្រូវបានកត់ចូលក្រោយលីគកំពូលកម្ពុជា រដូវកាល២០២០ ត្រលប់មកដំណើរប្រកួតឡើងវិញ

មាស សុផាណារ៉ុង July 6, 2020


ភ្នំពេញ៖ លីគកំពូលកម្ពុជា បានត្រលប់មកដំណើរការប្រកួតវិញជាថ្មីហើយនៅសប្ដាហ៍កន្លងទៅនេះ ក្រោយផ្អាកជិត ៣ខែដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈបន្ទាប់ពីត្រលប់មកវិញ លីគក៏បាននឹងកំពុងទទួលភាពទាក់ទាញពីមហាជនដដែល ជាក់ស្ដែងក្រោយចប់ការប្រកួតសន្សំពិន្ទុ កាលពីចុងសប្ដាហ៍កន្លងទៅ គេឃើញមានរឿងរ៉ាវមួយចំនួន ដែលធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍បន្ថែមទៀត តាមរយៈការប្រកួតចំនួន ៦គូ ក្នុងសប្ដាហ៍ទី៦។

ពីការប្រកួតចំនួន ៦គូ នៅសប្ដាហ៍នេះ បានបញ្ចប់ទៅដោយលទ្ធផលឈ្នះ ចាញ់ រៀងៗខ្លួន ពោលគឺមានឈ្នះចាញ់ ៤គូ និងស្មើ ២គូ ខណៈក្រុមខ្លាំងៗដូចជា ណាហ្គាវើលដ៍, បឹងកេត, ព្រះខ័នរាជស្វាយរៀង សុទ្ធតែទទួលបានជ័យជម្នះរៀងៗខ្លួន គ្រាដែលគូដ៏គួរឲ្យចាប់អារម្មណ៍ប្រចាំសប្ដាហ៍ ភ្នំពេញក្រោន ជាមួយ វិសាខា បានត្រឹមចែកគ្នាម្នាក់ ១ពិន្ទុ ជាមួយនឹងលទ្ធផលដទៃទៀត ក៏ដូចជាតារាងពិន្ទុដូចខាងក្រោម៖

ក្រៅតែពីលទ្ធផលទាំងអស់នេះ រឿងរ៉ាវដទៃទៀត ក៏បានបន្សល់ទុកផងដែរ ដែលមានដូចជា៖

  • ព្រះខ័នរាជស្វាយរៀង បានត្រលប់ឡើងមកឈរកំពូលតារាងសារជាថ្មី គិតចាប់តាំងពីសប្ដាហ៍ទី២ ដែលត្រូវបានគ្រប់គ្រងដោយ ភ្នំពេញក្រោន
  • ភ្នំពេញក្រោន ទីបំផុតបានស្គាល់ពាក្យថាត្រូវគូប្រកួតទាត់បញ្ជូលទី បន្ទាប់ពីរក្សាមិនឲ្យគូប្រកួតទាត់ចូលទីបាន ៥សប្ដាហ៍ជាប់ៗគ្នា
  • ជំនួបរវាង ព្រះខ័នរាជស្វាយរៀង ជាមួយ យុវជនសាលាបាល់ទាត់ជាតិបាទី បានក្លាយទៅជាជំនួបដែលមានគ្រាប់បាល់ទាត់បញ្ជូលទីច្រើនជាងគេ គិតចាប់ពីសប្ដាហ៍ទី១ ពោលគឺ ១០គ្រាប់ ខណៈជំនួបដែលមានគ្រាប់បាល់ទាត់បញ្ជូលទីច្រើនជាងគេចុងក្រោយ គឺភ្នំពេញក្រោន ឈ្នះ យុវជនបាទី ០-៧
  • កីឡាករ ២រូប រកគ្រាប់បាល់ ៣គ្រាប់ម្នាក់ឯង ( Hat-Trick ) ពោលគឺ Pedro Agusto ( រកបាន ៤គ្រាប់ជាមួយយុវជនបាទី ) និង Privat Mbarga (​រកបាន ៣គ្រាប់ជាមួយយុវជនបាទី)
  • ព្រះខ័នរាជស្វាយរៀង រក្សាសំណាញ់ទីមិនឲ្យរបូត ៤ប្រកួតជាប់ៗគ្នា គិតចាប់ពីសប្ដាហ៍ទី៣ មក (២-០ លើទ័ព, ០-០ ភ្នំពេញក្រោន, ៣-០ អគ្គីសនីកម្ពុជា និង ០-១០ យុវជនបាទី)
  • ៤ ក្រុមបន្តរក្សាបានពាក្យថាមិនដែលចាញ់គឺ ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន, បឹងកេត និងណាហ្គាវើលដ៍
  • គីរីវង់សុខសែនជ័យ បានស្គាល់រស់ជាតិ ៣ពិន្ទុលើកដំបូងចាប់តាំងពីលីគចាប់ផ្ដើម
  • ២ ក្រុមមិនទាន់ស្គាល់ពាក្យថាឈ្នះទាល់តែសោះ រួមមាន យុវជនបាទីអាយុក្រោម ១៨ឆ្នាំ និងក្លិបនគរបាលជាតិ
  • នគរបាលជាតិ ជាក្រុមតែមួយគត់ដែលមិនទាន់រកពិន្ទុបាននៅឡើយ បន្ទាប់ពីរងបរាជ័យ ៥សប្ដាហ៍ជាប់ៗគ្នា
  • ប្រកួតរវាង ភ្នំពេញក្រោន ជាមួយ វិសាខា បានក្លាយជាប្រកួតដែលចាយកាតលឿង ច្រើនជាងគេ ពោលគឺដល់ទៅ ៩កាត ខណៈប្រកួតដែលធ្លាប់ចាយកាតច្រើន គឺ គីរីវង់សុខសែនជ័យ ជាមួយ ព្រះខ័នរាជស្វាយរៀង ចាយអស់ ៦កាត

 

រូបភាព៖ Metfone Cambodian League

អត្ថបទ៖ ណារ៉ុង

មតិយោបល់