លឹម ពិសុទ្ធ សោកស្ដាយមិនទាន់មានឱកាសលេងតទល់ជាមួយពូរបស់ខ្លួន ‘រស់ សំអឿន’ ល្ងាចនេះ ដ្បិតប៉ងតាំងពីតូច

មាស សុផាណារ៉ុង July 5, 2020


 

ភ្នំពេញ៖ សមាជិកក្លិបភ្នំពេញក្រោន កីឡាករ លឹម ពិសុទ្ធ បានសម្ដែងក្ដីសោកស្ដាយដែលមិនទាន់អាចមានឱកាសប្រកួតតទល់ជាមួយពូរបស់ខ្លួន កីឡាករ រស់ សំអឿន ដ្បិតធ្លាប់ប៉ងតាំងពីតូចថាពេលធំឡើងចង់ប្រកួតតទល់ជាមួយពូ នៅក្រុមផ្សេងគ្នា។

ការលើកឡើងបែបនេះ គឺនៅមុនជំនួបរវាងក្លិបភ្នំពេញក្រោន (ក្លិប លឹម ពិសុទ្ធ កំពុងប្រកបអាជីជាមួយ) ត្រូវប្រកួតជាមួយក្លិបវិសាខា (ក្លិប រស់ សំអឿន កំពុងប្រកបអាជីជាមួយ) ក្នុងជំនួបសប្ដាហ៍ទី៦ នៃពានរង្វាន់លីគកំពូលកម្ពុជា ដែលបានដំណើការប្រកួតតាំងពីម្សិលមិញ ខណៈដែល លឹម ពិសុទ្ធ អាចនឹងមានឱកាសបង្ហាញខ្លួនក្នុងការប្រកួតនេះ ប៉ុន្តែ រស់ សំអឿន មិនអាចមានវត្តមានក្នុងការប្រកួតឡើយដោយសារជួបបញ្ហារបួស។

នៅពេលដែលសារព័ត៌មាន camsports.org ចោទសួរ លឹម ពិសុទ្ធ ថាតើមានក្ដីរំពឹងថាត្រូវបានគ្រូបង្វឹកដាក់ឲ្យបង្ហាញក្នុងការប្រកួតជាមួយ វិសាខា ឬយ៉ាងណា? កីឡាករវ័យ ១៨ឆ្នាំរូបនេះបានឆ្លើយតបថា៖ «ខ្ញុំមានការរំពឹងថាគ្រូនឹងដាក់ចូលលេង ព្រោះទម្រង់គ្រូបង្ហាត់រាល់ថ្ងៃគាត់រៀបចំឲ្យពួកខ្ញុំលេងបានច្រើន។» 

ជាមួយនឹងក្ដីរំពឹងថាបានចូលលេង ប៉ុន្តែបើក្រឡេកទៅគូប្រកួត វិសាខា ដែលពូបង្កើតរបស់គេ រស់ សំអឿន (ម្ដាយរបស់ លឹម ពិសុទ្ធ ត្រូវបងស្រីបង្កើត រស់ សំអឿន) កំពុងប្រកបអាជីពជាមួយនោះនឹងមិនអាចចូលលេងបានឡើយ ដោយសារមានបញ្ហារបួសជង្គង់សារជាថ្មី លើរបួសដាច់សរសៃជង្គង់ តាំងពីពាក់កណ្ដាលឆ្នាំ២០១៨ មកម្លេះ បានធ្វើឲ្យ លឹម ពិសុទ្ធ សម្ដែងក្ដីសោកស្ដាយដូច្នេះថា៖ «ខ្ញុំធ្លាប់រំពឹងថាបានលេងតទល់ជាមួយគាត់ តែក៏គាត់មានបញ្ហារបួសជង្គង់ អ៊ីចឹងគាត់អត់បានលេងទេ។ ខ្ញុំសោកស្ដាយ ព្រោះកាលខ្ញុំនៅពីតូច ខ្ញុំថាខ្ញុំចង់លេងជាមួយពូខ្ញុំតែម្ដង ប៉ងថានឹងលេងក្រុមខុសគ្នា ហើយត្រូវលេងតទល់ឲ្យខ្លាំងជាមួយគ្នា។» (ពិសុទ្ធ និយាយលាយឡំជាមួយសំណើចខ្លះៗ។)

បែបនេះក្ដី សមាជិកក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំរូបនេះ ក៏បានរំឭកផងដែរអំពីពូបង្កើត រស់ សំអឿន ដែលជាអ្នកនាំឲ្យរូបគេចូលប្រឡូកក្នុងវិស័យបាល់ទាត់ តាំងពីនៅតូចដូចគ្នា បន្ទាប់ពីទទួលការគាំទ្រឲ្យលេងបាល់ពីឪពុករបស់ខ្លួន។ «បាទ គឺដោយសារតែគាត់ជម្រុញទឹកចិត្ត ហើយណាមួយប៉ារបស់ខ្ញុំ គឺជាអ្នកដែលឲ្យគាត់នាំខ្ញុំហាត់បាល់។ ខ្ញុំហាត់នៅភ្នំពេញក្រោន តាំងពីតូចនៅឆ្នាំ២០១៣ តាមរយៈពូ រស់ សំអឿន ផ្ទាល់ គាត់ទាក់ទងគ្រូនៅទីនេះ ហើយខ្ញុំក៏បានធ្វើតេស្តជាប់។» សម្ដីរបស់ ពិសុទ្ធ។

សូមរំឭកថា លឹម ពិសុទ្ធ ដែលបានចូលហ្វឹកហាត់ជាមួយភ្នំពេញក្រោន តាំងពីវ័យ១២ឆ្នាំ បន្ទាប់មកបានឡើងឈុតយុវជនជាបន្តបន្ទាប់រហូតដល់ឆ្នាំ២០១៨ ត្រូវបានតម្លើងមកក្រុមធំ និងបានបង្ហាញខ្លួនជាមួយក្រុមធំ និងជាលើកដំបូងកាលពីរដូវកាលមុន (២០១៩) អំឡុងពេលក្រុមប្រកួតឈ្នះ ៥ទល់០ លើក្លឹបបាល់ទាត់អគ្គីសនីកម្ពុជា ខណៈដែលរូបគេក៏បានរកគ្រាប់បាល់បញ្ចូលទី ក្នុងការបង្ហាញខ្លួនក្នុងលីគកំពូលកម្ពុជា លើកដំបូងផងដែរ ក៏ដូចជារក់គ្រាប់បាល់បាន ៣គ្រាប់ម្នាក់ឯង ពេលក្រុមប្រកួតឈ្នះខេត្តកំពង់ចាម។

សមិទ្ធិផលទាំងនេះបាននាំឲ្យគេជាប់ជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ ២កម្មវិធីផ្សេងគ្នា ក្នុងពានយុវជនអាស៊ីអាគ្នេយ៍ (AFF U-18 Championship 2019) ក៏ដូចជាវគ្គជម្រុះ ពានយុវជនអាស៊ី (AFC U-19 Championship) និងរួមចំណែកជួយក្រុមបានច្រើនផងដែរ។

និយាយដោយឡែកវិញ ចំពោះការប្រកួតរវាងភ្នំពេញក្រោន ជាមួយ វិសាខា នឹងធ្វើឡើងនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៦:០០ល្ងាចនេះ នាកីឡដ្ឋានស្មាតអរអេសអិន (Smart RSN) ខណៈការប្រកួតពុំមានការបើកឲ្យអ្នកគាំទ្រចូលរួមទស្សនាផ្ទាល់នោះឡើយ ប៉ុន្តែនឹងមានការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ BTV News៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់