Mustafa Zazai ចាត់ទុកថាការប៉ះក្រុមចាស់ជាប្រកួតដ៏ពិសេស ប៉ុន្តែនឹងធ្វើគ្រប់យ៉ាងដើម្បីវិសាខា

មាស សុផាណារ៉ុង July 3, 2020


 

ភ្នំពេញ៖ ការប្រកួតលីគកំពូលកម្ពុជា ត្រៀមត្រលប់មកវិញនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ខណៈជំនួបដ៏ជក់ចិត្តរវាងភ្នំពេញក្រោន ជាមួយ វិសាខា កំពុងស្ថិតក្នុងការទន្ទឹងរង់ចាំពីសំណាក់អ្នកគាំទ្រ ខណៈ Mustafa Zazai ក៏បានទន្ទឹងរង់ចាំការប្រកួតនេះផងដែរ ក្នុងនាមជាកីឡាករ ជាពិសេសគឺប៉ះក្រុមចាស់។

Mustafa Zazai ធ្លាប់ជាអតីតកីឡាករភ្នំពេញក្រោន ចំណាយពេលកាលពីពាក់កណ្ដាលរដូវកាល២០១៩ មុនផ្លាស់មកចូលរួមជាមួយ វិសាខា នៅដើមរដូវកាល២០២០ ស្របពេលដែលបុរសសញ្ជាតិអាហ្វហ្គានីស្ថានរូបនេះ បង្ហើបថារូបគេនឹងត្រលប់ទៅកីឡដ្ឋានស្មាតអរអេសអិន (Smart RSN) លេងឲ្យវិសាខា។

ថ្លែងប្រាប់សារព័ត៌មានក្លិប Mustafa Zazai បានលើកឡើងដូច្នេះថា៖ «សម្រាប់ប្រកួតលីគកំពូលកម្ពុជានៅថ្ងៃអាទិត្យ តទល់នឹងក្លិបភ្នំពេញក្រោន ដែលជាការប្រកួតដ៏ធំ វាជាការប្រកួតប្រជែងខ្លាំង ហើយពួកយើងពិតជាមានក្ដីរំភើបខ្លាំងណាស់ និងសេចក្ដីរីករាយមែនទែន។»

«វាជាការប្រកួតដ៏ពិសេសសម្រាប់ខ្ញុំ ដែលត្រូវប្រកួតជាមួយក្រុមចាស់របស់ខ្ញុំ ត្រូវប្រឈមមុខជាមួយអតីតគ្រូបង្វឹករបស់ខ្ញុំ អតីតមិត្តរួមក្រុមរបស់ខ្ញុំ ប៉ុន្តែគ្រប់ការប្រកួតទាំងអស់ខ្ញុំទៅទីនោះដើម្បីលេងសម្រាប់វិសាខា ទល់នឹងក្រុមចាស់របស់ខ្ញុំ ខ្ញុំទៅទីនោះដើម្បីឈ្នះការប្រកួត និងដណ្ដើម ៣ពិន្ទុត្រលប់មកវិសាខា វិញ។» Zazai បានបន្ថែម។

អតីតកីឡាករដែលធ្លាប់ទាត់ចូល ២គ្រាប់ទល់ជម្រើសជាតិកម្ពុជា រូបនេះបន្ថែមទៀតថា៖ «ខ្ញុំគិតថាវាជាការប្រកួតដ៏ធំមួយ វាគឺជាជំនួបប្រចាំទីក្រុង ដូច្នេះវាគឺជាការប្រកួតដ៏ធំ វាគឺជាប្រកួតគួរឲ្យចាប់អារម្មណ៍សម្រាប់អ្នកគាំទ្រ ក៏ដូចជាសម្រាប់យើងជាកីឡាករផងដែរ ខ្ញុំកំពុងទន្ទឹងរង់ចាំ យើងហ្វឹកហាត់យ៉ាងខ្លាំងកាលពីខែមុន ហើយទីបំផុតការប្រកួតត្រលប់មកវិញ យើងនាមជាក្រុមយើងនឹងព្យាយាមដើម្បីឈ្នះជើងឯក។»

សូមបញ្ជាក់ថា ការប្រកួតរវាងភ្នំពេញក្រោន ជាមួយ វិសាខា នឹងធ្វើឡើងនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៦:០០ល្ងាច នាកីឡដ្ឋានស្មាតអរអេសអិន (Smart RSN) ខណៈការប្រកួតពុំមានការបើកឲ្យអ្នកគាំទ្រចូលរួមទស្សនាផ្ទាល់នោះឡើយ ប៉ុន្តែនឹងមានការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ BTV News៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់