AFC Cup អាចនឹងមានប្រទេសមួយធ្វើជាម្ចាស់ផ្ទះ ៣ប្រកួតដែលនៅសេសសល់ តាមពូលនីមួយៗ

មាស សុផាណារ៉ុង July 2, 2020


 

អាស៊ី៖ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) ត្រូវបានរាយការណ៍ថា នឹងត្រលប់មកវិញនៅខែកញ្ញា ហើយអាចនឹងមានប្រទេសមួយធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួត ៣ប្រកួតដែលនៅសេសសល់ តាមពូលនីមួយៗ។ នេះមានន័យថា ការប្រកួតប្រជែងកម្រិតក្លិប ត្រូវបានកំណត់ឡើងវិញក្រោយផ្អាករយៈពេល ៦ខែ បន្ទាប់ពីផ្ទុះការរីករាលដាលជាសាកលនៃជំងឺកូវីដ-១៩។

ការប្រកួតគ្រោងនឹងចាប់ផ្តើមម្តងទៀតនៅថ្ងៃទី២៣ ខែកញ្ញា ដោយមានវគ្គចែកពូលសម្រាប់តំបន់ទាំង៥ គឺអាស៊ីខាងលិច, អាស៊ីកណ្តាល, អាស៊ីខាងត្បូង, អាស៊ីអាគ្នេយ៍ (អាស៊ាន) និងតំបន់អាស៊ីបូព៌ា។

ដោយសារកូវីដ-១៩ គេទើបតែប្រកួតបាន ៣២ប្រកួតប៉ុណ្ណោះក្នុងវគ្គជម្រុះតាមពូល មុនពេលដែល AFC បានប្រកាសកាលពីខែមីនា ថារាល់ការប្រកួតទាំងអស់នឹងត្រូវបានពន្យារពេលរហូតដល់មានការជូនដំណឹងជាថ្មី។

ការប្រកួតទី៤ នៃការប្រកួតនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៣ ខែកញ្ញា បន្តដោយការប្រកួតទី៥ នៅថ្ងៃទី២៦ ខែកញ្ញា និងការប្រកួតទី៦ (ប្រកួតបិទពូល) នៅថ្ងៃទី២៩ ខែកញ្ញា ដោយប្រើប្រាស់ទឹកដីរួម ជំនួសឲ្យការលេងក្នុងដី និងក្រៅដី។

សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី កំពុងពិចារណាជ្រើសរើសទឹកដីរបស់ក្រុមណាមួយឲ្យធ្វើជាម្ចាស់ផ្ទះរួមសម្រាប់ពូលនីមួយៗរៀងៗខ្លួន ដើម្បីធ្វើជាទីតាំងនៃការប្រកួតជម្រុះតាមពូល ចំនួន ៣ប្រកួតដែលនៅសល់។

ក្លិបរបស់កម្ពុជា មាន ព្រះខ័នរាជស្វាយរៀង ចូលរួមពានរង្វាន់នេះផងដែរ ដោយស្ថិតនៅពូល G ជាមួយ Ceres-Negros (ហ្វីលីពីន), Bali United (ឥណ្ឌូនេស៊ី) និង Thanh Quang Ninh (វៀតណាម) ខណៈបើសិនជាពិតជាត្រូវប្រទេសណាមួយធ្វើជាម្ចាស់ផ្ទះរួម វៀតណាម គឺជាបេក្ខភាពទី១ ដែលអាចរ៉ាប់រងរៀបចំបាន បន្ទាប់ពីលីគនៃប្រទេសនេះបានដំណើការយ៉ាងរលូន និងមានការបើកឲ្យទស្សនិកជនចូលទស្សនាខ្លះផងដែរ គ្រាដែលរដ្ឋាភិបាលវៀតណាម គ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ បានប្រសិទ្ធិភាព។

ព្រះខ័នរាជស្វាយរៀង បច្ចុប្បន្នស្ថិតនៅចំណាត់ថ្នាក់លេខ៣ ក្នុងពូល ក្រោយប្រកួត ៣ដង ឈ្នះ១ មិនដែលស្មើ និងចាញ់២ មាន ៣ពិន្ទុ ស្របពេលដែល Ceres-Negros (ហ្វីលីពីន) ឈរនៅកំពូលតារាង Thanh Quang Ninh (វៀតណាម) នៅលេខ២ និង Bali United (ឥណ្ឌូនេស៊ី) នៅបាតតារាង៕

 

ប្រភព៖ mmtimes

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់