Omogba ថាខ្លួនបានរង់ចាំជំនួបរវាងភ្នំពេញក្រោន ជាមួយវិសាខា ២ទៅ៣ខែមកហើយ

មាស សុផាណារ៉ុង July 2, 2020


 

ភ្នំពេញ៖ លីគកំពូលកម្ពុជា (Metfone Cambodian League) នឹងត្រលប់មកវិញនៅចុងសប្ដាហ៍នេះ ហើយការវិលត្រលប់មកវិញនេះ ក៏មានការប្រកួតដែលអ្នកគាំទ្រទន្ទឹងរង់ចាំផងដែរ គឺជាការជួបគ្នារវាង ក្លិបបាល់ទាត់ភ្នំពេញក្រោន ជាមួយ ក្លិបបាល់ទាត់វិសាខា ខណៈសមាជិកក្រុមរហស្សនាមសឹង្ហក្រហម កីឡាករ Paul Omogba បានបញ្ជាក់ថាខ្លួនបានរង់ចាំការប្រកួតធំមួយនេះរយៈពេល ២ ទៅ ៣ខែមកហើយ។

ថ្លែងប្រាប់គេហទំព័រក្លិប ppcfc.com ខ្សែបម្រើស្លាបសញ្ជាតិនីហ្សេរីយ៉ារូបនេះ បានលើកឡើងដូច្នេះថា៖ «យើងបានរង់ចាំការប្រកួតធំមួយនេះរយៈពេល ២ ទៅ ៣ខែហើយ ក្រុមរបស់យើងពិតជារំភើបណាស់សម្រាប់ការត្រលប់មកវិញនៃការប្រកួតបាល់ទាត់។ ចំពោះការប្រកួតដ៏ធំខាងមុខនេះ គឺយើងដឹងហើយថាក្រុមទាំងពីរសុទ្ធតែមានការរៀបចំយ៉ាងល្អរៀងៗខ្លួន ព្រោះកីឡាករសុទ្ធតែល្អៗនឹងប៉ះគ្នានៅថ្ងៃអាទិត្យនេះ។ យើងជឿជាក់ថាយើងត្រៀមខ្លួនរួចហើយក្នុងការប្រកួតប្រជែង សម្រាប់ការប្រកួតក្នុងដីរបស់យើងនឹងធ្វើឲ្យបានល្អបំផុតតាមតែយើងអាចធ្វើបាន។»

អតីតកីឡាកររបស់បឹងកេត និងណាហ្គាវើលដ៍ ដដែលរូបនេះបានបន្ថែមថា៖ «អ្វីដែលយើងរៀបចំនៅពេលនេះគឺដើម្បីឈ្នះការប្រកួត និងធ្វើឲ្យបានល្អសម្រាប់ក្រុមអ្នកគាំទ្ររបស់ពួកយើងដែលគាំទ្រពួកយើងនៅផ្ទះរបស់ពួកគេ។ ពួកយើងធ្វើការខ្លាំងណាស់សម្រាប់ការត្រលប់មកវិញនេះ ពួកយើងយកចិត្តទុកដាក់ទាំងកម្លាំង ស្មារតីចាប់ពីពេលដែលយើងឈរនៅកំពូលតារាងលីគមកម៉្លេះ យើងត្រូវតែរក្សាតំណែងរបស់យើង និងបន្តវារហូតដល់អ្វីៗបានបញ្ចប់។»

បញ្ជាក់ថា ការប្រកួតសប្ដាហ៍ទី៦ រវាង ក្លិបបាល់ទាត់ភ្នំពេញក្រោន ជាមួយ ក្លិបបាល់ទាត់វិសាខា នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី០៥ ខែកក្កដា នាកីឡដ្ឋានស្មាតអរអេសអិន (Smart RSN) វេលាម៉ោង ៦:០០ល្ងាច និងមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ BTV News ផងដែរ។

វាអាចជាជំនួបបំបែកកំណត់ត្រា ឬបង្កើនកំណត់ត្រា ដ្បិតបើក្រឡេកមកមើលប្រវត្តិជួបគ្នារវាងក្រុមទាំងពីរ ៤លើកចុងក្រោយ ភ្នំពេញក្រោន មិនដែលយកឈ្នះ វិសាខា បាននោះឡើយ ពោលគឺ ៤ប្រកួត ស្មើ ១ប្រកួត និង ៣ប្រកួតផ្សេងទៀត វិសាខា យកឈ្នះទាំង ៣ប្រកួត ដូច្នេះបើភ្នំពេញក្រោន ឈ្នះសប្ដាហ៍នេះ នោះនឹងអាចបំបែកកំណត់ត្រាឈ្នះវិសាខា បានសម្រេច ប៉ុន្តែបើវិសាខា យកឈ្នះវិញ នោះវិសាខា នឹងបង្កើនកំណត់ត្រាមិនដែលស្គាល់ពាក្យថាចាញ់ពេលប៉ះ ភ្នំពេញក្រោន៕

 

រូបភាព៖ Phnom Penh Crown FC

អត្ថបទ៖ ណារ៉ុង

មតិយោបល់