ព័ត៌មានសំខាន់ៗ សម្រាប់អ្នកគាំទ្រ មុនលីគកំពូលកម្ពុជាត្រលប់មកវិញចុងសប្ដាហ៍នេះ

មាស សុផាណារ៉ុង July 2, 2020


 

ភ្នំពេញ៖ លីគកំពូលកម្ពុជា​ នឹងត្រលប់មកវិញនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ ខាងមុខ ខណៈមុនការប្រកួតមកដល់សារព័ត៌មាន camsports.org សូមធ្វើការរំឭក ក៏ដូចជាបង្ហាញរឿងរ៉ាវសំខាន់ខ្លះៗដើម្បីជ្រាបជាព័ត៌មានបន្ថែម។

ទិដ្ឋភាពទូទៅ៖

លីគកំពូលកម្ពុជា រដូវកាល២០២០ មានក្រុមចំនួន១៣ ចូលរួម ព្រះខ័នរាជស្វាយរៀង, វិសាខា, ណាហ្គាវើលដ៍, បឹងកេត, អង្គរថាយហ្គឺរ, ភ្នំពេញក្រោន, ក្រសួងការពារជាតិ, សូលទីឡូអង្គរ, គិរីវង់សុខសែនជ័យ, អាស៊ីអឺរ៉ុបយូណាយធីត, នគរបាលជាតិ, អគ្គិសនីកម្ពុជា និងយុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម១៨ឆ្នាំ និងបានចាប់ផ្ដើមតាំងពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែប្រកួតបានត្រឹមតែ ៥សប្ដាហ៍ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏ដូចជាគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា សម្រេចផ្អាកការប្រកួតជាបណ្ដោះអាសន្នរហូតដល់មានការជូនដំណឹងជាថ្មី ដោយសារការរីករាលដាល និងដើម្បីទប់ស្កាត់ជំងឺកូវី-១៩ ដែលបាននឹងកំពុងវាយលុកជុំវិញសាកលលោក។

បន្ទាប់ពីស្ថានភាពនៃជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា អាចគ្រប់គ្រងបាន នាចុងខែឧសភា ក្រសួងសុខាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា ដោយយោងតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចឲ្យដំណើរការសកម្មភាពកីឡាឡើងវិញ ចាប់ពីខែមិថុនា តទៅ ខណៈសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏ដូចជាគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ក្រោយមកបានសម្រេចយកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ ជាការបន្តការប្រកួតលីគឡើងវិញ ចាប់ពីសប្ដាហ៍ទី៦ ជារូបមន្តថ្មីផងដែរ និងពុំអនុញ្ញាតឲ្យមានអ្នកគាំទ្រចូលរួមទស្សនាឡើយ ដោយកំណត់ចំនួនមនុស្សត្រឹម ១០០នាក់គត់ក្នុងមួយកីឡដ្ឋាន។

កំណត់ត្រានានា៖

  • មុនលីគត្រូវបានផ្អាក តារាងចំណាត់ថ្នាក់ដែលប្រកួតបាន ៥សប្ដាហ៍គឺបានរក្សាដោយ ភ្នំពេញក្រោន ជាមួយ ព្រះខ័នរាជស្វាយរៀង បានប្រមូលពិន្ទុដើម្បីឈរនៅចំណាត់ថ្នាក់នៅកំពូលតារាងរួមគ្នា ជាមួយ ១៣ពិន្ទុដូចគ្នា ប៉ុន្តែខុសគ្នាត្រង់គ្រាប់បាល់ចំណេញ។
  • មានក្រុមចំនួន ៤នៅមិនទាន់ស្គាល់ពាក្យថាចាញ់ ពោលគឺ ភ្នំពេញក្រោន, ព្រះខ័នរាជស្វាយរៀង, បឹងកេត និងណាហ្គាវើលដ៍ និងក្រុមចំនួន៣ មិនទាន់ស្គាល់ពាក្យថាឈ្នះ ពោលគឺ គីរីវង់សុខសែនជ័យ, យុវជនសាលាបាល់ទាត់ជាតិបាទី អាយុក្រោម ១៨ឆ្នាំ និងនគរបាលជាតិ។
  • ក្លិបនគរបាលជាតិ ជាក្រុមតែមួយគត់ដែលរកមិនបានសូម្បីតែ ១ពិន្ទុ ពីការប្រកួត ដោយក្នុងចំណោម ៤ប្រកួតចាញ់ទាំង ៤ប្រកួត (ប៉ូលីស ពុំមានការប្រកួតនៅសប្ដាហ៍ទី៣ ដោយសារលីគកំពូលកម្ពុជា មានចំនួនសេសក្រុម)
  • ក្លិបភ្នំពេញក្រោន ជាក្រុមតែមួយគត់ផងដែរ ដែលមិនទាន់របូតគ្រាប់បាល់សូម្បីតែ ១គ្រាប់នៅឡើយ ក្នុងចំណោម ៥ប្រកួត ហើយរកគ្រាប់បាល់បានច្រើនជាងគេផងដែរ រហូតដល់ ១៧គ្រាប់ ខណៈយុវជនបាទី ជាក្រុមដែលមិនទាន់រកគ្រាប់បាល់បាននៅឡើយ ក្នុងចំណោម ៤ប្រកួតរបស់ពួកគេ។

  • កីឡាករ Okereke Timothy Chimerie (ភ្នំពេញក្រោន) កំពុងឈរជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេ ក្នុងលីគ ពោលគឺ ៧គ្រាប់ និងតាមពីក្រោយដោយ Pedro Augusto (របស់ព្រះខ័នរាជស្វាយរៀង) ៥គ្រាប់, Dzarma Bata និង Emran Walizada ម្នាក់ ៤គ្រាប់ និងដូចខាងក្រោម៖

  • កីឡាករបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទី (Assist) ច្រើនជាងគេ គិតត្រឹមប្រកួតទី៥ គឺគ្រប់គ្រងដោយ Yadi Ogawa (អង្គរថាយហ្គឺរ) ពោលគឺ ៣ដង តាមពីក្រោយ Kobayashi Daisuke, Privat Mbarga (ព្រះខ័នរាជស្វាយរៀង) និង យ៊ើុ មូស្លីម (ភ្នំពេញក្រោន) ២ដងដូចគ្នា
  • អ្នកចាំទីរក្សាសំណាញ់ទីមិនរបូតគ្រាប់បាល់ច្រើនជាងគេ (Clean-Sheet) គឺគ្រប់គ្រងដោយកីឡាករ អ៊ុំ វិចិត្រ (ភ្នំពេញក្រោន) ដោយរក្សាបាន ៤ដង តាមពីក្រោយដោយប្អូនបង្កើតរបស់គេ អ៊ុំ សេរីរ័ត្ន (ទ័ព) បាន ៣ដង និង យី ប៊ុនហេង (អង្គរថាយហ្គឺរ) ជាមួយ អោម ឧត្តម (ព្រះខ័នរាជស្វាយរៀង) ២ដងដូចគ្នាផងដែរ

ការកែប្រែថ្មី៖

យោងតាមការបញ្ជាក់ដោយ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) ចាប់ពីជើងទី២ ក្រុមកំពូលទាំង៦ (ក្រោយប្រកួតចប់ជុំទី១) ត្រូវប្រជែងគ្នាយកចំណាត់ថ្នាក់លេខ១, លេខ២ និងលេខ៣ ដោយប៉ះតែក្នុងរង្វង់ក្រុម Top 6 ប៉ុណ្ណោះ បានសេចក្ដីថាបើប្រកួតជើងទី១ ធ្វើនៅទឹកដីក្រុមណារួចហើយ ជើងទី២ ត្រូវប្ដូរទៅទឹកដីក្រុមដែលជាគូប្រកួតវិញម្ដង ចំណែកក្លិបនៅលំដាប់ទី៧ ដល់ទី១៣ ត្រូវប្រកួតគ្នាជាធម្មតា មិនមានឱកាសប្រជែងពានទៀតឡើយ។

សម្រាប់ការគិតពិន្ទុវិញ គឺបូកបន្តគ្នាដោយគិតលើពិន្ទុសរុបជើងទី១ និងផលសងគ្រាប់បាល់។ ចំណែកជើងទី២ គឺតាមប្រព័ន្ធ Head-Head។

ការផ្លាស់ប្ដូរកីឡាករក្នុងការប្រកួត ក៏បានបង្កើនផងដែរ គឺពី ៣នាក់ ដល់ ៥នាក់ តែធ្វើឡើងបានតែ ៣លើកប៉ុណ្ណោះក្នុងមួយប្រកួត បានសេចក្ដីថា មិនអាចប្ដូរម្ដងតែកីឡាករម្នាក់ ម្ដងតែកីឡាករម្នាក់ ចំនួន ៥លើកផ្សេងៗគ្នានោះទេ ខណៈពាក់ព័ន្ធទៅនឹងទីផ្សារដោះដូរកីឡាករវិញ គឺអាចប្ដូរ ៥នាក់ដែលមានកម្ពុជា ៣នាក់ និងបរទេស ២នាក់ ដំណើរការពីថ្ងៃទី០៨ ខែសីហា ដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០។

ប្រាក់រង្វាន់សម្រាប់ជ័យលាភីការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា៖

ចំពោះប្រាក់រង្វាន់សម្រាប់ជ័យលាភីការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា ចាប់ពីរដូវកាល២០២០ ក៏មានការកែប្រែថ្មីផងដែរ ពោលគឺមានការតម្លើងបើធៀបទៅនឹងឆ្នាំកន្លងៗមក។

  • ប្រាក់រង្វាន់ក្រុមជើងឯក (១៥០លានរៀល)
  • ប្រាក់រង្វាន់ក្រុមជើងឯករង (៦០លានរៀល)
  • ប្រាក់រង្វាន់ក្រុមចំណាត់ថ្នាក់លេខ៣ (៥០លានរៀល)
  • ប្រាក់រង្វាន់ក្រុមចំណាត់ថ្នាក់លេខ៤ (៤០លានរៀល)
  • ប្រាក់រង្វាន់ក្រុមអាជ្ញាកណ្តាលល្អ (៨លានរៀល)
  • ប្រាក់រង្វាន់ក្រុមទទួលបានហ្វែផ្លេ (៨លានរៀល)
  • ប្រាក់រង្វាន់កីឡាករទាត់ចូលទីច្រើនជាងគេ (៣លានរៀល)
  • ប្រាក់រង្វាន់កីឡាករចាំទីល្អជាងគេ (៣លានរៀល)
  • ប្រាក់រង្វាន់គ្រូបង្វឹកល្អជាងគេ (៣លានរៀល)
  • ប្រាក់រង្វាន់កីឡាករល្អជាងគេ (៣លានរៀល)

ប្រព័ន្ធផ្សព្វផ្សាយ៖

បើទោះបីជាការប្រកួតពុំត្រូវបានអនុញ្ញាតឲ្យអ្នកគាំទ្រចូលទស្សនាផ្ទាល់ ប៉ុន្តែការប្រកួតនឹងការផ្សាយផ្ទាល់តាមរយៈប្រព័ន្ធ ៣ផ្សេងគ្នា រួមមានទូរទស្សន៍, YouTube និង ហ្វេសប៊ុកផេក។

លោកអ្នកអាចតាមដានទស្សនាតាមរយៈស្ថានីយទូរទស្សន៍ BTV News, នៅលើ YouTube គឺទំព័រផ្លូវការរបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា «គ ប្រ ប ជ ក – CNCC» និងហ្វេសប៊ុកផេកកម្ពុជាថ្មី (Kampuchea Thmey Daily)។

ក្រៅពីនេះ លោកអ្នកក៏អាចតាមដានតាមបណ្ដាញសង្គមហ្វេសប៊ុក «CNCC – គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា» លីគកំពូលកម្ពុជា «Metfone Cambodian League» និងជាពិសេសគេហទំព័រ cncc-football.com ដែលលម្អិតនូវព័ត៌មាននានា ជាពិសេសស្ថិតិនៃការប្រកួតនីមួយៗផងដែរ។

ចំណែកវិធានការណែនាំសុវត្ថិភាពដើម្បីបង្ការជំងឺកូវីដ១៩ នៅក្នុងដំណើរការការប្រកួត គឺបានបែងចែកជា ៩ចំណុច៖

  • ព័ត៌មានអំពី ជំងឺកូវីដ១៩
  • ដំណើរការចាប់ផ្តើមឡើងវិញ និងសណ្ឋានការប្រកួត
  • វិធានការអនុវត្តការពារដល់ក្រុម និងក្រុមការងារ
  • វិធានណែនាំសម្រាប់ករណីឃើញរោគសញ្ញាសង្ស័យ ឬលទ្ឋផលវិជ្ជមាននៃជំងឺកូវីដ១៩
  • វិធានណែនាំក្នុងដំណើរការរៀបចំការប្រកួត
  • វិធានណែនាំសម្រាប់ការងារផ្សព្វផ្សាយ
  • វិធានណែនាំការប្រកួតមិនមានអ្នកចូលទស្សនា
  • វិធានណែនាំសម្រាប់សកម្មភាពហ្វឹកហាត់របស់ក្លិប និងកីឡាករ

ក្នុងគោលបំណងស្របទៅតាមវិធានសុវត្ថភាពបង្ការជំងឺ​ Covid-19 របស់ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា បានដាក់វិធានការណែនាំសុវត្ថិភាពដើម្បីបង្ការជំងឺកូវីដ-១៩ នៅក្នុងដំណើរការការប្រកួត ដោយមាន ៩ចំណុចមុនដំណើរការសារជាថ្មីនៃពានរង្វាន់លីគកំពូលកម្ពុជា។ ដោយហេតុនេះហើយ ក្លិបទាំង១៣ រួមទាំងមន្ត្រីរៀបចំការប្រកួតទាំងអស់ត្រៀមចូលរួមពិនិត្យសុខភាព ដោយគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ជាអ្នករៀបចំជាមួយក្រសួងសុខាភិបាល និងតម្រូវអោយមានការបាញ់ថ្នាំសម្លាប់មេរោគ នៅតាមបរិវេណនានានៅក្នុងកីឡដ្ឋានផងដែរ។

គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា នឹងដាក់កំហិតក្លិបទាំងអស់ អោយមានការតាមដានការពិនិត្យកម្ដៅជាប្រចាំយ៉ាងហោចណាស់ ២លើក មុនថ្ងៃប្រកួតដើម្បីដឹងច្បាស់ពីអាការៈ ថាតើមានភាពប្រក្រតី ឬអត់។ ចំណែករៀងរាល់ការប្រកួត កីឡាករ គ្រូបង្វឹក និងបុគ្គលិកទាំងអស់ ក៏ត្រូវឆ្លងកាត់ការត្រួតពិនិត្យកម្ដៅឡើងវិញម្តងទៀតជាលើកទី៣ មុនចូលទៅកាន់ទីលានប្រកួត ហើយក្នុងអំឡុងពេលប្រកួត គឺមិនអនុញ្ញាតអោយមានការចាប់ដៃ ការអោប (អបអរសាទរការទាត់បញ្ចូលទី)។

កម្មវិធីប្រកួត៖

ការប្រកួតនឹងបន្តពីសប្ដាហ៍ទី៦ ដោយនឹងមាន ៦គូផងដែរ ចាប់ផ្ដើមដោយថ្ងៃសៅរ៍មាន ៣គូ និងថ្ងៃអាទិត្យមាន ៣គូ ខណៈមាន ២គូជាទីចាប់អារម្មណ៍ សម្រាប់អ្នកគាំទ្រគឺ ណាហ្គាវើលដ៍ ជាមួយ កងយោធពលខេមរភូមិន្ទ និងគូពិសេសចុងក្រោយ ភ្នំពេញក្រោន ជាមួយ វិសាខា។

 

រូបភាព៖ Metfone Cambodian League

អត្ថបទ៖ ណារ៉ុង

មតិយោបល់