កូនខ្មែរ-ហូឡង់ Jero Chin បង្ហើបពាក្យដែលបងជីដូនមួយ Virgil van Dijk តែងតែនិយាយមកកាន់ខ្លួន

មាស សុផាណារ៉ុង July 1, 2020


 

ហូឡង់៖ មួយរយៈចុងក្រោយរឿងរ៉ាវរបស់កុមារ Jero Chin Fo Sieeuw ដែលជាកូនកាត់ខ្មែរ-ហូឡង់ ហើយបច្ចុប្បន្នកំពុងរស់នៅ និងហ្វឹកហាត់បាល់ទាត់ក្នុងប្រទេសជឿនលឿនលើវិស័យមួយនេះផងដែរនោះ កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ត្បិតកុមារារូបនេះ បានដាក់តាំងចិត្តខ្ពស់ក្នុងការហ្វឹកហាត់តាំងពីវ័យក្មេង។

យ៉ាងណាមិញ មានហេតុផលនៅពីក្រោយដែលនាំឲ្យកុមារាវ័យ ១០ឆ្នាំរូបនេះ ដាក់ចិត្តដាក់កាយលើវិស័យមួយនេះ គឺកើតចេញពីការលើកទឹកចិត្តពីឪពុកខ្លួនផ្ទាល់ និងមនុស្សពិសេសម្នាក់ទៀត គឺបងប្រុសជីដូនមួយ ខ្សែការពារលំដាប់កំពូល Virgil van Dijk ដែលជាសមាជិករបស់ក្លិបហង្សក្រហម Liverpool។

បង្ហើបប្រាប់សារព័ត៌មាន ​camsports.org កាលពីពេលថ្មីៗនេះ Jero Chin បាននិយាយដូច្នេះថា៖ «ឪពុករបស់ខ្ញុំបានលើកទឹកចិត្តខ្ញុំឲ្យលេងបាល់ទាត់ គាត់ហ្វឹកហាត់ខ្ញុំតាំងពីខ្ញុំមានអាយុ ៤ឆ្នាំ។ ប៉ុន្តែ Virgil គាំទ្រខ្ញុំ ហើយឈរនៅពីក្រោយខ្ញុំ ប៉ុន្តែខ្ញុំមិនបានឃើញគាត់ញឹកញាប់ទេ។ លើកចុងក្រោយដែលយើងបាននិយាយជាមួយគ្នាគឺតាមរយៈវីដេអូ (Video call) នៅថ្ងៃខួបកំណើតចុងក្រោយរបស់ខ្ញុំ បន្ទាប់មកគាត់និយាយអ្វីដែលគាត់តែងតែនិយាយ គឺរក្សាការហ្វឹកហាត់។ ហើយខ្ញុំហ្វឹកហាត់ ១ម៉ោងជារៀងរាល់ថ្ងៃ»

Jero Chin ជាមួយ Virgil van Dijk ជាបងប្អូនជីដូនមួយនឹងគ្នា គឺដោយសារឪពុករបស់ Jero និងម្ដាយរបស់ Virgil ត្រូវជាបងប្អូនបង្កើតនឹងគ្នា ដែលមានឪពុកម្ដាយជាជនជាតិស៊ូរីណាម (ប្រទេសនេះស្ថិតនៅទ្វីបអាមេរិកខាងត្បូង) ហើយផ្លាស់មករស់នៅហូឡង់។

លោក Steven Chin ឪពុករបស់ Jero Chin ធ្លាប់និយាយពីកូនប្រុសរបស់លោកផងដែរថា កូនប្រុសរបស់លោកមានទឹកចិត្តជាមួយបាល់ទាត់ ដោយសារបងជីដូនមួយធំរបស់គេ Virgil van Dijk ដែលគេធ្លាប់បានឃើញលេង តាំងពីនៅលេងឲ្យក្លិប Groningen ដែលជាក្លិបដំបូងគេ Virgil van Dijk បានចាប់ផ្តើមអាជីពជាកីឡាករបាល់ទាត់ នៅអំឡុងឆ្នាំ២០១៣។

សូមបញ្ជាក់ថា Jero Chin ត្រូវបានដឹងថាមានឈាមជ័រជាខ្មែរ និងកាត់ហូឡង់-ស៊ូរីណាម ដោយមានឪពុកជាជនជាតិស៊ូរីណាម (ប្រទេសនេះស្ថិតនៅទ្វីបអាមេរិកខាងត្បូង) និងមានម្ដាយជាជនជាតិខ្មែរ ដែលបានផ្លាស់ទៅរស់នៅប្រទេសហូឡង់ ក្នុងនាមជាជនភៀសខ្លួនកាលពីជំនាន់សង្រ្គាមតាមឪពុកម្ដាយ តាំងពីអាយុ ៥ឆ្នាំ ខណៈ Jero ផ្ទាល់កើតនៅប្រទេសហូឡង់ កាលពីឆ្នាំ២០០៩ បានសេចក្ដីថាគេអាចជ្រើសរើសសញ្ជាតិបានដល់ទៅ៣ ប្រសិនបើថ្ងៃអនាគតគេមានសមត្ថភាពគ្រប់គ្រាន់ចូលរួមក្រុមជម្រើសជាតិទាំង៣ ខាងលើ៕

 

អានអត្ថបទ៖ កូនកាត់ខ្មែរ-ហូឡង់ Jero Chin ថាខ្លួននៅក្មេងក្នុងការសម្រេចចិត្តជ្រើសរើសលេងតំណាងជាតិណាមួយ

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់