គ្រូបណ្ដោះអាសន្នបឹងកេត ថាកូនក្រុមយល់ដឹងបានលឿន តែក៏មានចំណុចខ្វះខាត ក្រោយដឹកនាំក្រុមបានមួយរយៈ

មាស សុផាណារ៉ុង June 29, 2020


 

ភ្នំពេញ៖ បន្ទាប់ពីការចាកចេញរបស់លោក Apisit Im Amphai ការចូលកាន់តួនាទីជាគ្រូបង្គោលបណ្តោះអាសន្នកាលពីពេលថ្មីៗនេះ លោក គីម ភក្តី បានដឹកនាំកីឡាករបឹងកេតធ្វើការហ្វឹកហាត់ និងប្រកួតមិត្តភាពមួយចំនួនផងដែរ មុនលីគកំពូលកម្ពុជាត្រឡប់មកវិញនៅចុងសប្តាហ៍នេះ។

ក្រោយដឹកនាំក្រុមបានជាង ១សប្ដាហ៍ លោក គីម ភក្តី ថាកូនក្រុមរបស់លោកយល់ដឹងបានលឿន តែក៏មានចំណុចខ្វះខាតផងដែរ។ នេះបើយោងតាមការបញ្ជាក់នៅលើគេហទំព័រផ្លូវការ boeungketfc.com។

គ្រូបង្គោលរូបនេះនិយាយថាគោលដៅរបស់លោកគឺផ្តោតលើចំណុចសំខាន់ដូចជា៖ «ការប្រមូលអារម្មណ៍កីឡាករ ឱ្យវិលមករកការប្រកួតប្រជែងលើទីលានវិញ លក្ខខណ្ឌ កំលាំង និងរបៀបលេង ដែលជាគោលការណ៍របស់ក្រុម ដើម្បីឱ្យកីឡាករទាំងអស់យល់ និងធ្វើ។»

លោក គីម ភក្តី បានដឹកនាំកីឡាករបឹងកេតធ្វើការប្រកួតមិត្តភាពចំនួន ៣លើកនៅកីឡដ្ឋានខេមបូឌាអ៊ែវ៉េ ជាមួយនឹងលទ្ធផលដែលមានដូចជា ចាញ់ ណាហ្គាវើលដ៍ ២-០, ស្មើអាស៊ីអឺរ៉ុប ១-១ និងឈ្នះព្រះខ័នរាជស្វាយរៀង ៣-២ សរុបមកក្រោយពីការប្រកួតសមជើងប៉ុន្មានប្រកួតនេះ លោកបានមើលឃើញពីលទ្ធផលដែលទទួលបានគឺ៖ «ពួកគាត់យល់ដឹងបានលឿន តែក៏មានចំណុចខ្វះខាតមួយចំនួនដែលយើងត្រូវហ្វឹកហាត់ដើម្បីកែប្រែឱ្យទៅជាវិជ្ជមានវិញផងដែរ។»

ជាមួយគ្នាផងដែរកាលពីបេលថ្មីៗនេះ នាយកបច្ចេកទេសរបស់ក្លិបបឹងកេត ក៏បានបង្ហាញអំពីការតាំងចិត្តក្នុងគ្រាដែលលោកដឹកនាំជាគ្រូបង្គោលនេះថា៖ «ខ្ញុំជឿជាក់ថាយើងទាំងអស់គ្នា នឹងរួមគ្នាបង្កើតឆន្ទៈរួមគ្នា ទោះក្នុងកាលៈទេសៈបែបណាក៏ដោយ ត្រូវតែប្រកួតប្រជែងជើងឯក ទាំងក្នុងលីគ និងពានរង្វាន់សម្តេចហ៊ុនសែន ហើយគោលដៅ៣ ដែលខ្ញុំនឹងរៀបចំ គឺ បំផុសឆន្ទៈកីឡាករក្នុងការប្រកួតប្រជែង, បណ្តុះស្មារតីក្រុម (មានន័យថាក្រុមមួយដែលមានភាពជឿជាក់ក្នុងការប្រកួត) និងទី៣ គឺអភិវឌ្ឍកីឡាករទាំងអស់ឱ្យមានសមត្ថភាពក្នុងការចូលរួមប្រកួតប្រជែង។»

គួរឱ្យដឹងថា ការប្រកួតលីគកំពូលកម្ពុជា នឹងត្រឡប់មកវិញនៅថ្ងៃទី ៤ ខែ កក្កដា ឆ្នាំ ២០២០ ដោយបឹងកេត នឹងបើកទ្វាកីឡដ្ឋានខេមបូឌាអ៊ែវ៉េ ប្រកួតទល់នឹងក្រុមសូលទីឡូអង្គរ វេលាម៉ោង ៣រសៀល ស្របពេលដែលការប្រកួតមិនមានអ្នកទស្សនានោះឡើយ៕

 

អត្ថបទ និងរូបភាព៖ ក្លិបបាល់ទាត់បឹងកេត 

មតិយោបល់