សៀង ចន្ធា បង្ហើបថា ៣ក្រុមក្នុងពូលជាមួយ U-19 កម្ពុជា សុទ្ធតែពិបាក ប៉ុន្តែប្តេជា្ញលេងឲ្យអស់ពីសមត្ថភាព

មាស សុផាណារ៉ុង June 29, 2020


 

ភ្នំពេញ៖ ខ្សែប្រយុទ្ធដែលបានរួមចំណែលឲ្យក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ ឡើងជុំផ្ដាច់ព្រ័ត្រពានយុវជនអាស៊ី AFC U-19 Championship ចុងឆ្នាំនេះ នៅប្រទេសអ៊ូបេគីស្ថាន កីឡាករ សៀង ចន្ធា បានបង្ហើបថា ៣ក្រុមក្នុងពូលជាមួយ U-19 កម្ពុជា សុទ្ធតែពិបាក ប៉ុន្តែប្តេជា្ញលេងឲ្យអស់ពីសមត្ថភាព។

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ ត្រូវស្ថិតនៅពូល A នៃពានរង្វាន់ជើងឯកយុវជនអាស៊ីអាយុក្រោម១៩ឆ្នាំ (AFC U-19 Championship) ជាមួយ U-19 អ៊ូបេគីស្ថាន, U-19 ឥណ្ឌូនេស៊ី និង U-19 អ៊ីរ៉ង់ បន្ទាប់ពីការចាប់ពូល កាលពីថ្ងៃទី១៨ ខែមិថុនា កន្លងទៅ។

ក្រោយដឹងពីលទ្ធផលនៃការចាប់ពូល និងដឹងពីសមាសភាពគូប្រកួតដែលសុទ្ធសឹងតែជាប្រទេសមានការអភិវឌ្ឍន៍វិស័យបាល់ទាត់ខ្លាំងទាំង ៣ខាងលើ សៀង ចន្ធា បានសម្ដែងអារម្មណ៍រីករាយ និងការតាំងចិត្ត ខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាព បើទោះបីជាខ្លួនព្រួយបារម្ភទៅនឹងបញ្ហាកាយសម្បទាខ្លះក៏ដោយ។

ផ្ដល់កិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន camsports.org សៀង ចន្ធា បាននិយាយដូច្នេះថា៖ «សម្រាប់ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្ត ដែលពួកយើងបានចាប់ពូលប៉ះក្រុមខ្លាំងទាំង៣។ ពួកយើងធ្លាប់គិតថា ចង់ប៉ះម្ចាស់ផ្ទះ។ និយាយទៅក្រុមដែលធ្វើឲ្យយើងពិបាក គឺអាចទាំង ៣ក្រុមហ្នឹងតែម្ដង ប៉ុន្តែបើខ្ញុំគិតទៅក្រុមដែលពិបាកជាងគេ គឺអ៊ីរ៉ង់ ហើយជាមួយនឹងម្ចាស់ផ្ទះ (អ៊ូបេគីស្ថាន) តែម្ដង ប៉ុន្តែឥណ្ឌូនេស៊ី ក៏មិនអន់ប៉ុន្មានដែរ និយាយទៅពិបាកទាំងអស់។»

«សម្រាប់ពួកយើង គឺព្រួយបារម្ភច្រើន ដោយសារតែកាយសម្បទាយើងគឺតូចៗជាងគេឆ្ងាយណាស់ ហើយកាយសម្បទាគេធំៗជាងយើង តែសម្រាប់ពួកខ្ញុំ ពួកខ្ញុំប្តេជ្ញាចិត្តថា ក្នុងការប្រកួតនីមួយៗ ពួកយើងលេងឲ្យអស់ពីសមត្ថភាព ខំប្រឹង ១០០ភាគរយ និងធ្វើការជាក្រុមដើម្បីទទួលបានលទ្ធផលល្អ។» កីឡាករដែលរួមចំណែកជួយ U-22 កម្ពុជា ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម (SEA Games) ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រកាលពីឆ្នាំ ២០១៩កន្លងទៅ បានសង្គត់ធ្ងន់។

ជុំវិញស្ថានភាពរបស់ខ្លួនក្នុងអំឡុងវិបត្តិកូវីដ-១៩ វិញ សមាជិកជម្រើសជាតិកម្ពុជាឈុតធំដែលរកបាន ១គ្រាប់ក្នុងថ្ងៃបង្ហាញខ្លួនលើកដំបូងផងដែរ រូបនេះបានបន្តថា៖ «សម្រាប់មួយរយៈមានកូវីដ-១៩ ហ្នឹង សម្រាប់អារម្មណ៍ខ្ញុំគឺអត់មានការប៉ះពាល់អីទេ ហើយជាពិសេសពួកខ្ញុំបានហ្វឹកហាត់តាមលំហាត់ដែលគ្រូដាក់ឲ្យ និងតាមកាលវិភាគដែលគ្រូដាក់ឲ្យជាដើម។»

គួររំឭកថា កាលពីវគ្គជម្រុះដែលធ្វើឡើងនៅប្រទេសកម្ពុជា រួមពូលជាមួយម៉ាឡេស៊ី, ថៃ, ព្រុយណេ និងកោះម៉ារីណាខាងជើង សៀង ចន្ធា បង្ហាញខ្លួនបានទាំង ៤ប្រកួត ក្នុងនោះរកគ្រាប់បាល់បាន ៤គ្រាប់ផងដែរ សុទ្ធសឹងតែក្នុងការប្រកួតដែលនាំឲ្យ U-19 កម្ពុជា ទទួលបានជ័យជម្នះ។

សូមបញ្ជាក់ជាថ្មីថា U-19 កម្ពុជា ស្ថិតនៅពូល A ជាមួយក្រុម U-19 អ៊ូបេគីស្ថាន (ម្ចាស់ផ្ទះ) មកពីប្រអប់ទី១ ក្រុម U-19 ឥណ្ឌូនេស៊ី ដែលស្ថិតនៅប្រអប់ទី២ និងក្រុមចុងក្រោយ U-19 អ៊ីរ៉ង់ មកពីប្រអប់ទី៤ ហើយការប្រកួតគឺគ្រោងនឹងធ្វើឡើងនៅចន្លោះថ្ងៃទី១៤ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ នៅលើទឹកដីនៃប្រទេសអ៊ូបេគីស្ថាន៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់