ក្លិបពីតំបន់អាស៊ាន ៣ប្រទេសទៀតទទួលបានម្នាក់ ១កៅអីក្នុងវគ្គចែកពូលពានរង្វាន់ AFC Champions League

មាស សុផាណារ៉ុង June 29, 2020


 

អាស៊ី៖ ក្លិបបាល់ទាត់របស់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ចំនួន ៣ផ្សេងទៀត រួមមានពីហ្វីលីពីន វៀតណាម សិង្ហបុរី នឹងទទួលបានម្នាក់ ១កៅអីសម្រាប់វគ្គចែកពូលពានរង្វាន់ក្លិបបាល់ទាត់លំដាប់កំពូលប្រចាំទ្វីបអាស៊ី (AFC Champions League) ចាប់ពីឆ្នាំ២០២១ តទៅ នេះបើយោងតាមការបញ្ជាក់ដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី កាលពីពេលថ្មីៗនេះ។

ការណ៍ដែលប្រទេសទាំង៣ ទទួលបានកៅអីនៅវគ្គចែកពូល ដោយមិនចាំបាច់ឆ្លងកាត់ការប្រកួតជម្រុះនេះ គឺចាត់ទុកថាជាលើកដំបូងសម្រាប់ពួកគេក្នុងរយៈពេលប៉ុន្នានឆ្នាំចុងក្រោយផងដែរ ខណៈប្រទេសថៃ គឺត្រូវបានដឹងថាទទួលបានកៅអីនេះយូរឆ្នាំមកហើយ និងម៉ាឡេស៊ី ទើបតែទទួលបាននៅឆ្នាំ២០១៩ ហើយចំពេលដែលពានរង្វាន់ដដែលនេះត្រូវបង្កើនចំនួនក្រុមទៅដល់ ៤០មកពីទូទាំងទ្វីបអាស៊ី ដែលចាប់ផ្តើមរដូវកាល២០២១ តទៅ។

ពានរង្វាន់ក្លិបបាល់ទាត់លំដាប់កំពូលប្រចាំទ្វីបអាស៊ីមួយនេះ ត្រូវតម្លើងចំនួនក្រុមពី ៣២ក្រុម ដល់ ៤០ក្រុម ហើយនឹងត្រូវបែងចែកចេញជា ១០ពូល ក្នុងមួយពូលមាន ៤ក្រុម។

ដូច្នេះចាប់ពីឆ្នាំ២០២១ តទៅ ក្លិបបាល់ទាត់ពីតំបន់អាស៊ីអាគ្នេយ៍សរុប ៦ប្រទេសមានឱកាសបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ដដែលខាងលើទាំងវគ្គចែកពូល និងវគ្គជម្រុះ ដែលមានដូចជា៖

  • ថៃ៖ បាន ៤ក្រុម = ២ក្រុម នៅវគ្គចែកពូលដោយមិនចាំបាច់ជម្រុះ និង ២ក្រុមផ្សេងទៀតត្រូវប្រកួតជម្រុះជាមុនសិន
  • ហ្វីលីពីន៖ បាន ២ក្រុម = ១ក្រុម នៅវគ្គចែកពូលដោយមិនចាំបាច់ជម្រុះ និង ១ក្រុមផ្សេងទៀតត្រូវប្រកួតជម្រុះជាមុនសិន
  • វៀតណាម៖ បាន ១ក្រុម = ១ក្រុម នៅវគ្គចែកពូលដោយមិនចាំបាច់ជម្រុះ
  • ម៉ាឡេស៊ី៖ បាន ១ក្រុម = ១ក្រុម នៅវគ្គចែកពូលដោយមិនចាំបាច់ជម្រុះ
  • សិង្ហបុរី៖ បាន ១ក្រុម = ១ក្រុម នៅវគ្គចែកពូលដោយមិនចាំបាច់ជម្រុះ
  • មីយ៉ាន់ម៉ា៖ បាន ១ក្រុម = ១ក្រុម ត្រូវប្រកួតនៅវគ្គជម្រុះ

គួរបញ្ជាក់ថា ចំពោះប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ផ្សេងទៀត ដែលមិនទាន់ទទួលបានកៅអីប្រកួតសូម្បីតែវគ្គជម្រុះនោះរួមមាន ឥណ្ឌូនេស៊ី, កម្ពុជា, ឡាវ, ព្រុយណេ និងទីម័រខាងកើត ប៉ុន្តែមានកៅអីប្រកួតក្នុងពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី២ (AFC Cup) ហើយអ្វីដែលជាការចាប់អារម្មណ៍បំផុតនោះ សម្រាប់ក្រុមពីកម្ពុជា ចាប់ពីឆ្នាំ២០២១ តទៅ នឹងមាន ២ក្រុមប្រកួតក្នុងពានរង្វាន់លំដាប់ទី២ ប្រចាំទ្វីបមួយនេះ ពោលគឺ ១ក្រុមបានឡើងទៅវគ្គចែកពូលដោយមិនជម្រុះ និង ១ក្រុមផ្សេងទៀតត្រូវប្រកួតជម្រុះជាមុនសិន។

សម្រាប់ក្រុមក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលទទួលបានកៅអីពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី២ (AFC Cup) រួមមានដូចជា៖

  • វៀតណាម៖ បាន ២ក្រុម = ២ក្រុម នៅវគ្គចែកពូលដោយមិនចាំបាច់ជម្រុះ
  • ម៉ាឡេស៊ី៖ បាន ២ក្រុម = ២ក្រុម នៅវគ្គចែកពូលដោយមិនចាំបាច់ជម្រុះ
  • សិង្ហបុរី៖ បាន ២ក្រុម = ២ក្រុម នៅវគ្គចែកពូលដោយមិនចាំបាច់ជម្រុះ
  • មីយ៉ាន់ម៉ា៖ បាន ២ក្រុម = ១ក្រុម នៅវគ្គចែកពូលដោយមិនចាំបាច់ជម្រុះ និង ១ក្រុមផ្សេងទៀតត្រូវប្រកួតជម្រុះជាមុនសិន
  • ឥណ្ឌូនេស៊ី៖ បាន ២ក្រុម = ១ក្រុម នៅវគ្គចែកពូលដោយមិនចាំបាច់ជម្រុះ និង ១ក្រុមផ្សេងទៀតត្រូវប្រកួតជម្រុះជាមុនសិន
  • កម្ពុជា៖ បាន ២ក្រុម = ១ក្រុម នៅវគ្គចែកពូលដោយមិនចាំបាច់ជម្រុះ និង ១ក្រុមផ្សេងទៀតត្រូវប្រកួតជម្រុះជាមុនសិន
  • ឡាវ៖ បាន ១ក្រុម = ១ក្រុម ត្រូវប្រកួតនៅវគ្គជម្រុះ
  • ព្រុយណេ៖ បាន ១ក្រុម = ១ក្រុម ត្រូវប្រកួតនៅវគ្គជម្រុះ
  • ទីម័រខាងកើត៖ បាន ១ក្រុម = ១ក្រុម ត្រូវប្រកួតនៅវគ្គជម្រុះ

សូមបញ្ជាក់ថា ការអនុវត្តនេះនឹងចាប់ផ្ដើមពីឆ្នាំ២០២១ តទៅ ហើយអាចនឹងមានការប្រែប្រួលនៅពេលបន្ទាប់ ដោយយើងទៅតាមទម្រង់លេងរបស់ក្រុមតំណាងលីគនៃប្រទេសនីមួយៗ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់