កូនកាត់ខ្មែរ-ហូឡង់ Jero Chin ថាខ្លួននៅក្មេងក្នុងការសម្រេចចិត្តជ្រើសរើសលេងតំណាងជាតិណាមួយ

មាស សុផាណារ៉ុង June 26, 2020


 

ហូឡង់៖ កូនកាត់ខ្មែរ-ហូឡង់ ដែលទទួលការចាប់អារម្មណ៍ពីអ្នកគាំទ្រកម្ពុជា ក្នុងការចង់ឃើញមុខក្នុងក្រុមគោព្រៃនាពេលអានាគត ដ្បិតបច្ចុប្បន្នរូបគេកំពុងរស់នៅ និងហ្វឹកហាត់បាល់ទាត់ក្នុងប្រទេសជឿនលឿនលើវិស័យមួយនេះផងដែរនោះ កុមារា Jero Chin Fo Sieeuw បានបង្ហើបឲ្យដឹងថា ខ្លួននៅក្មេងក្នុងការសម្រេចចិត្តជ្រើសរើសលេងតំណាងជាតិណាមួយនៅឡើយ ប៉ុន្តែអ្វីដែលសំខាន់បំផុតនៅពេលនេះ គឺការខិតខំប្រឹងប្រែងហ្វឹកហាត់ឲ្យបានច្រើន។

Jero Chin ត្រូវបានដឹងថាមានឈាមជ័រជាខ្មែរ និងកាត់ហូឡង់-ស៊ូរីណាម ដោយមានឪពុកជាជនជាតិស៊ូរីណាម (ប្រទេសនេះស្ថិតនៅទ្វីបអាមេរិកខាងត្បូង) និងមានម្ដាយជាជនជាតិខ្មែរ ដែលបានផ្លាស់ទៅរស់នៅប្រទេសហូឡង់ ក្នុងនាមជាជនភៀសខ្លួនកាលពីជំនាន់សង្រ្គាមតាមឪពុកម្ដាយ តាំងពីអាយុ ៥ឆ្នាំ ខណៈ Jero ផ្ទាល់កើតនៅប្រទេសហូឡង់ កាលពីឆ្នាំ២០០៩ បានសេចក្ដីថាគេអាចជ្រើសរើសសញ្ជាតិបានដល់ទៅ៣ ប្រសិនបើថ្ងៃអនាគតគេមានសមត្ថភាពគ្រប់គ្រាន់ចូលរួមក្រុមជម្រើសជាតិទាំង៣ ខាងលើ។

ឆ្លើយឆ្លងមកកាន់សារព័ត៌មាន camsports.org ដោយផ្ទាល់ Jero Chin បានរៀបរាប់ថា រូបគេបានចាប់ផ្ដើមលេងបាល់ទាត់នៅអាយុប្រហែល ៥ឆ្នាំ ដោយឪពុករបស់គេផ្ទាល់ជាអ្នកបង្ហាត់ មុនចូលរួមហ្វឹកហាត់ជាមួយក្លិប WDS’19 ដែលជាក្លិបបងប្រុសជីដូនមួយរបស់គេ កីឡាករលំដាប់កំពូល Virgil van Dijk ចាប់ផ្ដើមលេងបាល់ដំបូងនៅទីនោះដូចគ្នា តែយ៉ាងណាមិញគេថា ឪពុករបស់គេចង់ឲ្យនៅហ្វឹកហាត់ជាមួយក្លិបដដែលនេះ តាមការរីករាយរបស់ខ្លួន ដល់វ័យ១៣ឆ្នាំ មុនចាប់ផ្ដើមជាមួយក្លិបអាជីព។

Jero Chin ប្រាប់សារព័ត៌មាន camsports.org តាមរយៈបណ្ដាញសង្គម Instagram ដូច្នេះថា៖ «ឪពុករបស់ខ្ញុំគឺជាគ្រូបង្វឹកផ្ទាល់ខ្លួនរបស់ខ្ញុំ ហើយក៏ជាគ្រូប្រចាំក្រុមខ្ញុំផងដែរ។ គាត់ចង់ឲ្យខ្ញុំបន្តហាត់នៅក្លិបដដែល (WDS’19 Breda) ជាមួយមិត្តរួមថ្នាក់ និងមិត្តភ័ក្តពីតូចៗរបស់ខ្ញុំ រហូតដល់ខ្ញុំអាយុ ១៣ឆ្នាំ។ ឪពុកម្ដាយរបស់ខ្ញុំ គិតថាពិតជាសំខាន់ដែលឲ្យខ្ញុំរីករាយជាមួយវា (បាល់ទាត់) រហូតដល់ខ្ញុំអាចចូលរួមជាមួយក្រុមអាជីព។»

Jero Chin បានបង្ហើបថា បន្ទាប់ពីរដូវក្ដៅខាងមុខរូបគេនឹងត្រូវតម្លើងឲ្យទៅចូលរួមជាមួយក្រុមយុវជនអាយុក្រោម ១៣ឆ្នាំរបស់ក្លិប WDS’19 Breda ផងដែរ។

នៅពេលដែលសួរនាំថា តើចាប់អារម្មណ៍ក្នុងការចូលរួមជាមួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានាពេលអនាគតដែរឬទេ គ្រាដែលអ្នកគាំទ្រកម្ពុជាបានដាក់ចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើខ្លួន? Jero Chin បានឆ្លើយតបថា៖ «និយាយដោយស្មោះត្រង់ ខ្ញុំមិនធ្លាប់បានគិតអំពីរឿងនេះទេ ពីព្រោះខ្ញុំមិននឹកស្មានថាមានការគាំទ្រលឿនយ៉ាងនេះឡើយ ជាពិសេសប្រជាជនខ្មែរស្រលាញ់ និងចូលចិត្ត ចង់ឃើញខ្ញុំលេងនៅក្រុមជម្រើសជាតិកម្ពុជា ប៉ុន្តែខ្ញុំនៅក្មេងក្នុងការសំរេចចិត្តនៅពេលនេះ រឿងតែមួយគត់នៅក្នុងគំនិតរបស់ខ្ញុំ គឺនៅពេលនេះ ខ្ញុំត្រូវការហ្វឹកហាត់ឲ្យបានច្រើន និងបង្កើនជំនាញផ្ទាល់ខ្លួន។»

«ពិតណាស់! ខ្ញុំយល់ថាខ្ញុំនៅតែមានផ្លូវវែងឆ្ងាយដែលត្រូវធ្វើដំណើរទៅមុខទៀត ប៉ុន្តែខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីទទួលបានជោគជ័យ ហើយខ្ញុំចង់អរគុណដល់អ្នករាល់គ្នាដែលគាំទ្រខ្ញុំឲ្យឈានដល់គោលដៅរបស់ខ្ញុំ។ និយាយពីម្តាយរបស់ខ្ញុំ គាត់បានបង្រៀនខ្ញុំគ្រប់យ៉ាងអំពីរឿងរ៉ាវរបស់គាត់ និងប្រទេសកម្ពុជា សម្រាប់ខ្ញុំ ខ្ញុំនឹងមិនភ្លេចខ្សែស្រឡាយរបស់ខ្ញុំទេ ហើយនៅពេលខ្ញុំកាន់តែខ្លាំងខ្ញុំនឹងមកប្រទេសកម្ពុជាដើម្បីជួយ ឬគាំទ្រអ្នកដទៃក្នុងវិស័យបាល់ទាត់!» Jero Chin បានសម្ដែងអារម្មណ៍មកកាន់អ្នកគាំទ្រកម្ពុជា ដែលតែងតែគាំទ្រដល់រូបគេ។

សូមបញ្ជាក់ផងដែរថា Jero Chin លេងក្នុងតួនាទីជាខ្សែប្រយុទ្ធ និងខ្សែបម្រើផងដែរនោះបច្ចុប្បន្នទើបតែមានវ័យ ១០ឆ្នាំប៉ុណ្ណោះ ដែលបានសេចក្ដីថា នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ (SEA Games) ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ Jero ក៏នៅតែមានវ័យក្មេងនៅឡើយ ប៉ុន្តែអាចនឹងមានសក្ដានុពលនៅពេលខាងមុខបន្តទៀត៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់