គ្រូទ័ព ជុំវិញការប្រជែងកៅអីក្រុមកំពូលទាំង៦ នៃលីគកំពូលកម្ពុជា

មាស សុផាណារ៉ុង June 25, 2020


 

ភ្នំពេញ៖ លោក ទេព ឡុងរចនា គ្រូបង្វឹកនៃក្រុមសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ឬឈ្មោះថ្មីហៅថា Tiffy Army FC បានលើកឡើងជុំវិញការប្រជែងកៅអីក្រុមកំពូលទាំង៦ ថាមិនអាចនិយាយបាន ប៉ុន្តែមានតែការប្តេជ្ញា និងរង់ចាំដល់ចប់ជុំទី១។

ការថ្លែងបែបនេះ គឺចំពេលដែលលីគធ្វើការកែប្រែរូបមន្តថ្មី គឺចាប់ពីជើងទី២ ក្រុមកំពូលទាំង៦ ក្រោយប្រកួតបញ្ចប់នៅជុំទី១ ត្រូវប្រជែងគ្នាយកចំណាត់ថ្នាក់លេខ១, លេខ២ និងលេខ៣។ ចំណែកក្លិបនៅលំដាប់ទី៧ ដល់ទី១៣ ប្រកួតគ្នាជាធម្មតា។

លោក ទេព ឡុងរចនា ដែលជាគ្រូបង្វឹកផ្ទាល់របស់ក្លិបដែលគេនិយមហៅថា ទ័ព បានថ្លែងប្រាប់នៅលើគេហទំព័រ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ថា៖ «បាទ វាជាការពិតដែលយើងត្រូវតែធ្វើរាល់ថ្ងៃ មិនមែនតែក្លិបយើងដែលប្រជែងចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៦ ទេ អច្ចឹងដើម្បីកៅអីហ្នឹងក្រុមមួយណាក៏គេត្រៀមដែរ ដូច្នេះយើងពិបាកនិយាយថាក្រុមយើងក៏ប្តេជ្ញា ក្រុមនេះក៏ប្ដេជ្ញា ក៏ប៉ុន្តែការនិយាយវាបានត្រឹមតែនិយាយទេ ចឹងលទ្ធផលចុងក្រោយយើងមើលទៅយើងដឹងហើយថា ពេលចប់ជុំទី១ យើងនឹងដឹងលទ្ធផលថាក្រុមណានៅឈរលេខ១ ដល់លេខ៦។»

មានយោបល់អំពីកូនក្រុមក្រោយត្រលប់មកហ្វឹកហាត់ជុំគ្នាវិញ កាលពីដើមខែមិថុនា លោកបានបញ្ជាក់ថានៅទាន់ធ្វើបាន ១០០ភាគរយនៅឡើយទេ ដ្បិតពួកគេសុទ្ធតែត្រលប់មកវិញជាមួយនឹងការសម្រាករយៈពេលយូរ។ លោកនិយាយដូច្នេះថា៖ «អ្វីដែលយើងចប់បាន រហូតមកទល់ពេលនេះ អត់ទាន់ ១០០ភាគរយនៅឡើយទេ ព្រោះដោយសារពេលវេលាដែលយើងសម្រាកយូរ អច្ចឹងវាធ្វើឲ្យបាត់បង់ពាក់ព័ន្ធនឹងសាច់ដុំ សាច់ដុំយើងមិនមែនធ្វើ ១ថ្ងៃ ២ថ្ងៃ ឬក៏កន្លះខែត្រូវតែឡើងវិញទេ ព្រោះត្រូវការពេលវេលាយ៉ាងតិចក៏ ២ទៅ៣ ខែដែរ អច្ចឹងអោយត្រលប់មកវិញ ១០០ភាគរយ វាពិបាក ក៏ប៉ុន្តែចំណុចហ្នឹងមួយទៀតគឺពាក់ព័ន្ធនឹងសុខភាព សុខភាពកីឡាករ ដែលមានរបួស មានអីហ្នឹង ក៏វាមិនបាន ១០០ភាគរយដែរ វានៅតែមានចំណុចខ្វះខាត។»

សូមរំឭកដែរថា មុនលីគកំពូលកម្ពុជា ផ្អាកក្រុមសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ គឺឈរនៅចំណាត់ថ្នាក់លេខ៧ ក្រោយប្រកួត ៥ដង ឈ្នះ ២ដង ស្មើ ២ដង និងចាញ់ ១ដង មាន ៨ពិន្ទុក្នុងដៃ ស្របពេលដែលការប្រកួតលីគក៏គ្រោងនឹងត្រលប់មកវិញនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះផងដែរ៕

 

រូបភាព៖ TIFFY ARMY Football Club-សមាគមកីឡាបាល់ទាត់ ខ ភ ម

អត្ថបទ៖ កែសម្រួលចេញពី Cambodia SEA GAMES 2023

មតិយោបល់