សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ចូលរួមការប្រជុំ (Online) សមាជិកអគ្គលេខាធិការនៃ AFC ដោយមានការចូលរួមពីអតីតគ្រូ Arsenal

មាស សុផាណារ៉ុង June 25, 2020


 

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បាននឹងកំពុងរៀបសន្និសីទតាម (Online) សម្រាប់សមាជិកលេខាធិការ ឬហៅថា AFC Member Associations’ & Regional Associations’ General Secretaries’ ដែលគិតមកទល់ពេលនេះ គឺចូលដល់ដំណាក់កាល់ទី៣ សម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។

កម្ពុជា ក៏ត្រូវបានអញ្ជើញចូលរួមសន្និសីទតាម (Online) នេះផងដែរ ដោយតំណាងសហព័ន្ធគឺអគ្គលេខាធិការ លោក កែវ សារ៉េត នេះបើតាមការបញ្ជាក់ដោយ AFC ខណៈអ្វីដែលជាការចាប់អារម្មណ៍នៅក្នុងដំណាក់កាលទី៣ នេះគឺមានការចូលរួមផងដែរ ពីលោក Arsene Wenger អតីតអ្នកចាត់ការនៃក្លិបកាំភ្លើងធំ Arsenal និងបច្ចុប្បន្នជាប្រធានផ្នែកអភិវឌ្ឍន៍បាល់ទាត់ពិភពលោក ប្រចាំ (FIFA) ស្របពេលសន្និសីទនឹងធ្វើឡើងរយៈពេល ២ថ្ងៃជាប់ៗគ្នា នៅថ្ងៃទី២៥ និង២៦ ខែមិថុនា នេះ។

ចំពោះគោលបំណងនៃសន្និសិទ រយៈពេល ២ថ្ងៃនេះគឺដើម្បីធានាថារាល់សមាជិក និងសហព័ន្ធតាមតំបន់ ដែលនឹងផ្តល់ឲ្យអ្នកចូលរួមនូវប្រព័ន្ធគ្រប់គ្រងបាល់ទាត់សំខាន់ៗ និងប្រភពរបស់វា ខណៈពេលដែលកំពុងពង្រឹងការយល់ដឹងរបស់ពួកគេអំពីកម្មវិធីរបស់ AFC។

សន្និសីទនេះគឺជាផ្នែកបន្ថែមនៃកម្មវិធីប្រចាំឆ្នាំ ដែលត្រូវបានរៀបចំឡើងជាពិសេសសម្រាប់អគ្គលេខាធិការ ហើយក៏ជាលើកដំបូងនៅឆ្នាំនេះ ដោយមានការរួមបញ្ចូលថ្នាក់ដឹកនាំជាន់ខ្ពស់មកពីសហព័ន្ធប្រចាំតំបន់នីមួយៗ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ស្មារតីភាពជាដៃគូក្នុងគ្រួសារបាល់ទាត់អាស៊ី។

នៅក្នុងសន្និសិទនេះ អគ្គលេខាធិការគ្រប់រូប នឹងទទួលបានការយល់ដឹងដ៏មានតម្លៃលើការអភិវឌ្ឍចុងក្រោយនៃបាល់ទាត់ ជាពិសេសបទបង្ហាញពិសេសស្តីពី “ការគិតលទ្ធផលទុកជាមុនក្នុងការប្រកួត នៅអំឡុងវិបត្តិកូវីដ-១៩” ដែលបង្ហាញដោយដៃគូរបស់ AFC គឺតំណាងក្រុមហ៊ុន Sportradar ដែលជាក្រុមហ៊ុននាំមុខគេនៅលើពិភពលោកក្នុងការផ្តល់ទិន្នន័យ និងព័ត៌មានដល់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយកីឡា សហព័ន្ធកីឡា និងឧស្សាហកម្មភ្នាល់បាល់ជាដើម។

គួរដឹងដែរថា សន្និសិទដែលធ្វើឡើងរយៈពេល ២ថ្ងៃនេះ បានធ្វើនៅតំបន់អាស៊ីកណ្ដាល និងខាងត្បូង កាលពីថ្ងៃទី០៤ មិថុនា, ខាងកើត កាលពីថ្ងៃ១១ ខែមិថុនា, តំបន់អាស៊ីអាគ្នេយ៍ ថ្ងៃទី២៥ មិថុនា នេះ និងចុងក្រោយតំបន់អាស៊ីខាងលិច នៅថ្ងៃទី៣០ ខែដដែល៕

 

ប្រភព៖ AFC

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់