រស់ ដារ៉ាពេជ្រ ប្រឹងប្រែងពង្រឹងកម្លាំងដើម្បីចង់ជាប់ U-19 កម្ពុជា ដ្បិតធ្លាប់ខកចិត្ត ២ដងកាលពីឆ្នាំទៅ

មាស សុផាណារ៉ុង June 25, 2020


 

ភ្នំពេញ៖ ខ្សែបម្រើរបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន យុវជន រស់ ដារ៉ាពេជ្រ បានបង្ហើបថា ខ្លួនកំពុងព្យាយាមប្រឹងប្រែងពង្រឹងកម្លាំង ដើម្បីទទួលបានឱកាសកោះហៅចូលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ ត្រៀមប្រកួតពានយុវជនអាស៊ី AFC U-19 Championship ចុងឆ្នាំនេះ នៅប្រទេសអ៊ូបេគីស្ថាន។

រស់ ដារ៉ាពេជ្រ វ័យ១៧ឆ្នាំ ធ្លាប់ខកចិត្ត ២ដងរួចមកហើយកាលពីឆ្នាំ២០១៩ នៅពេលដែលទទួលបានការកោះហៅចូលធ្វើតេស្តសមត្ថភាពជាមួយក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៩ឆ្នាំ ចូលរួមប្រកួតពានយុវជនអាស៊ីអាគ្នេយ៍ (AFF U-18 Championship 2019) ក៏ដូចជាវគ្គជម្រុះ ពានយុវជនអាស៊ី (AFC U-19 Championship) ដោយបានឆ្លងផុតច្រើនដំណាក់កាល ប៉ុន្តែនៅដំណាក់កាលចុងក្រោយបែរជាពុំត្រូវបានជ្រើសរើសដោយគ្រូបង្វឹក លោក Koji Gyotoku ខណៈសាមីខ្លួនបានបញ្ជាក់ថា គឺមកពីបញ្ហាផ្នែកកម្លាំង។

ថ្លែងប្រាប់សារព័ត៌មាន camsports.org រស់ ដារ៉ាពេជ្រ បានលើកឡើងដូច្នេះថា៖ «ខ្ញុំក៏ប្រឹងប្រែងចង់ជាប់ U-19 លើកនេះដែរ។ ពេលខ្លះឈុតធំៗហាត់តែថ្ងៃៗទេ ប៉ុន្តែពួកខ្ញុំប៉ុន្មាននាក់ដែលជាកីឡាករក្មេងៗ គ្រូឲ្យមកហាត់ថែមព្រលឹមឡើងបន្ថែមទៀត ប៉ុន្តែពេលខ្លះបើគ្រូអត់ដាក់ឲ្យហាត់បែបនេះ ក៏មានការហ្វឹកហាត់នៅផ្ទះផងដែរ ដូចជា Gym ជាដើម។ ខ្ញុំរៀងស្ទើរកម្លាំង ប៉ុន្តែបច្ចេកទេសគឺអាចទទួលយកបាន ខ្ញុំនឹងហាត់ថែមខ្លួនឯង។»

ដារ៉ាពេជ្រ បានចាប់ផ្ដើមអាជីពបាល់ទាត់របស់ខ្លួនតាមរយៈ ការចូលហ្វឹកហាត់ជាមួយក្រុមបាល់ទាត់សហគមន៍ប្រចាំក្លិបភ្នំពេញក្រោន កាលពីឆ្នាំ២០១៥ បន្ទាប់មកក៏ទទួលបានការហ្វឹកហាត់នៅយុវជនអាយុក្រោម ១៧ឆ្នាំ ទាំងដែលអាយុនៅតិចនៅឡើយ រហូតបាន ១ឆ្នាំពេលដែលក្លិបមានឈុតយុវជនអាយុក្រោម ១៥ឆ្នាំ គេត្រូវបានអនុញ្ញាតឲ្យហ្វឹកហាត់ ១សប្ដាហ៍បាន ២ដងដោយសារមិនទាន់គ្រប់អាយុនៅឡើយ និងក្រោយមកទៀតពេលដែលក្លិបមានឈុតអាយុក្រោម ១៣ឆ្នាំ ទើបដារ៉ាពេជ្រ ជាប់ឈ្មោះជាយុវជនអាយុក្រោម ១៣ឆ្នាំភ្នំពេញក្រោនជាផ្លូវការ បន្តជាហូរហែររហូតដល់បានឡើងមកកាន់ក្រុមធំនៅដើមឆ្នាំ២០២០ នេះ។

ចាប់តាំងពីឡើងមកក្រុមធំ ជាមួយនឹងការទទួលបានការហ្វឹកហាត់កាន់តែខ្លាំងជាងមុន អតីតសមាជិកជម្រើសជាតិកម្ពុជាអាយុក្រោម ១៥ឆ្នាំ កាលជំនាន់លោក Lee Tae Hoon ដឹកនាំកាលពីឆ្នាំ២០១៧ រូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំសង្គេតឃើញខ្លួនឯងប្លែកពេលហាត់នៅឈុតធំ អត់ដូចនៅយុវជនទេ។ នៅយុវជនកម្រិតនៅក្រោមឈុតធំអ៊ីចឹង ដល់ពេលចឹងកម្លាំងក៏ឡើងតាមហ្នឹងដែរ អ្វីដែលប្លែកជាគេជាពិសេសត្រង់កម្លាំង និងការប៉ះបាល់ បច្ចេកទេស ផ្សេងៗទៀតជាដើម និងបានហាត់ច្រើនជាងមុន។»

ចំពោះឆ្នាំ២០២០ នេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ ត្រូវស្ថិតនៅពូល A នៃពានរង្វាន់ជើងឯកយុវជនអាស៊ីអាយុក្រោម១៩ឆ្នាំ (AFC U-19 Championship) ជាមួយ U-19 អ៊ូបេគីស្ថាន, U-19 ឥណ្ឌូនេស៊ី និង U-19 អ៊ីរ៉ង់ ខណៈពេលសួរនាំអំពីក្ដីរំពឹងជាប់ឈ្មោះក្នុងបញ្ជី ២៣នាក់ចុងក្រោយជាថ្មី ដែលត្រូវហោះទៅប្រទេសអ៊ូបេគីស្ថាន ដែរឬយ៉ាងណានោះ ដារ៉ាពេជ្យ បានដាក់ក្ដីរំពឹង ៥០លើ៥០ ភាគរយ។

យ៉ាងណាមិញទោះមិនត្រូវបានគ្រូបង្វឹកកោះហៅចូលរួមប្រកួតពាន (AFF U-18 Championship 2019) និងវគ្គជម្រុះ (AFC U-19 Championship) កាលពីឆ្នាំ២០១៩ នៅដើមឆ្នាំ២០២០ រស់ ដារ៉ាពេជ្រ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ជ្រើសរើសស្ថិតនៅក្នុងបញ្ជីឈ្មោះក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ ចូលរួមការប្រកួត JENESYS 2019 Japan-ASEAN U19 Men’s Football Tournament នៅប្រទេសជប៉ុន ផងដែរ ដែលជាព្រឹត្តិការណ៍ផ្លាស់ប្ដូរបទពិសោធន៍ រវាងជប៉ុន ជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយបង្ហាញខ្លួនបាន ២ប្រកួតផងដែរ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់