កីឡាករ ទូច បញ្ចរ៉ុង ប្រកាសចូលនិវត្តន៍ និងក្លាយខ្លួនជាក្រុមការងារគ្រូបង្វឹកយុវជន U-18

មាស សុផាណារ៉ុង June 24, 2020


 

ភ្នំពេញ៖ ខ្សែការពារមានបទពិសោធន៍ជោគជាំក្នុងអាជីពកីឡាករ ទូច បញ្ចរ៉ុង បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់ក្នុងវ័យ ៣៣ឆ្នាំ និងក្លាយខ្លួនជាក្រុមការងារគ្រូបង្វឹករបស់យុវជនអាយុក្រោម១៨ឆ្នាំនៃក្លិបបឹងកេត។ នេះបើតាមការបញ្ជាក់ដោយក្លិបផ្ទាល់នៅរសៀលថ្ងៃទី២៤ មិថុនា នេះ។

ជាមួយនឹងការសម្រេចចិត្តដ៏លំបាកនេះ បញ្ចរ៉ុង បានបង្ហាញអំពីចំណាប់អារម្មណ៍ខ្លួនថា៖ “និយាយទៅការសម្រេចចិត្តរបស់ខ្ញុំនេះគឺមាន ២ចំណុច ទីមួយគឺចង់អភិវឌ្ឍនខ្លួនឯងបន្ថែមទៀតក្នុងវិស័យបាល់ទាត់ដែរតែក្នុងលក្ខណៈជាគ្រូបង្វឹក ហើយទីពីរ គឺខ្ញុំចង់ផ្តល់ឱកាសឱ្យប្អូនៗជំនាន់ក្រោយអភិវឌ្ឍខ្លួនបានលឿនដើម្បីទុកកន្លែងឱ្យពួកគាត់។”

គួររំលឹកថា កីឡាករ ទូច បញ្ចរ៉ុង បានចាប់ផ្តើមអាជីពរបស់ខ្លួននៅក្លិបឆ្លាមសមុទ្រ បន្ទាប់មកផ្លាស់ទៅចូលរួមជាមួយភ្នំពេញក្រោន អំឡុងឆ្នាំ២០០៩-២០១០ និងក្លិបបឹងកេត ចាប់ពីរដូវកាល ២០១២ ដោយជួយក្លិបឈ្នះពានលីគកំពូលកម្ពុជា ៣សម័យកាល ( ២០១២, ២០១៦ និង ២០១៧ ) និងឈ្នះពានរង្វាន់សម្តេចហ៊ុន សែន លើកដំបូងក្នុងប្រវត្តិសាស្រ្តក្លិប នៅឆ្នាំ ២០១៩ថ្មីៗនេះទៀតផងដែរ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់