វគ្គជម្រុះ World Cup អាចត្រលប់មកវិញនៅខែតុលា និងវិច្ឆិកា បើ FIFA យល់ព្រមឲ្យបន្ត

មាស សុផាណារ៉ុង June 24, 2020


 

អាស៊ី៖ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានប្តេជ្ញាថានឹងបន្តការប្រកួតបាល់ទាត់ប្រចាំទ្វីបអាស៊ី នៅឆ្នាំនេះ ទោះបីមានការរីករាលដាលនៃជំងឺកូវីដ-១៩ (Covid-19) ក៏ដោយ និងបើទោះបីជាការប្រកួតប្រហែលជាត្រូវលេងនៅពីក្រោយការបិទទ្វារទៀតនោះ។ នេះបើយោងតាមកាបញ្ជាក់ដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី។

ពេលវេលាដែលស្នើរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី សម្រាប់វគ្គជម្រុះបាល់ទាត់ពិភពលោក (World Cup) គឺនៅខែវិច្ឆិកា និងខែតុលា ឆ្នាំ២០២០ នេះប្រសិនបើកាលបរិច្ឆេទទាំងនេះត្រូវបានយល់ព្រមដោយសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA)។

ចំពោះថាកាលបរិច្ឆេទ ថ្ងៃជាក់លាក់បានបង្ហាញថា៖

  • ប្រកួតទី៥ គឺគ្រោងនឹងធ្វើនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០
  • ប្រកួតទី៦ គឺគ្រោងនឹងធ្វើនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០
  • ប្រកួតទី៧ គឺគ្រោងនឹងធ្វើនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០
  • ប្រកួតទី៨ គឺគ្រោងនឹងធ្វើនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០

សូមបញ្ជាក់ថា ក្រោយពន្យាពេលប្រកួតជម្រុះ FIFA World Cup 2020 ក្រុមគោព្រៃកម្ពុជា នៅសល់ ៣ប្រកួតក្នុងដៃ ហើយកម្មវិធីផ្លាស់ប្ដូររួមមាន៖ កម្ពុជា ត្រូវជួបក្រុមជម្រើសជាតិបារ៉ែន បន្ទាប់ត្រូវទទួលអ៊ីរ៉ង់ និងប្រកួតចុងក្រោយរបស់កម្ពុជា ត្រូវជួបអ៊ីរ៉ាក់។ កាលបរិច្ឆេទដែលនៅសេសសល់ ៣ប្រកួតរួមមានប្រកួតទី៦ ត្រូវជួបបារ៉ែន ថ្ងៃទី០៨ ខែតុលា (នៅបារ៉ែន), ថ្ងៃទី១៣ ខែតុលា ត្រូវជួបអ៊ីរ៉ង់ (នៅពហុកីឡដ្ឋានជាតិ) និងប្រកួតចុងក្រោយថ្ងៃទី១២ ខែវិច្ឆិកា ត្រូវជួបអ៊ីរ៉ាក់ (នៅអ៊ីរ៉ាក់)។

ជំងឺកូវីដ១៩ (COVID-19) ដែលបានផ្ទុះឡើងកាលពីខែធ្នូ ឆ្នាំ២០១៩ បាននាំឲ្យការប្រកួតបាល់ទាត់ស្ទើរជុំវិញពិភពលោក ទាំងក្នុងស្រុក និងក្រៅស្រុកបានសម្រេចផ្អាក ក៏ដូចជាពន្យាពេលជាបន្តបន្ទាប់ ដើម្បីបង្ការការរីករាលដាលនៃវីរុសនេះ​៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់