ធារី ចន្ថាប៊ីន ប្រាប់ស្ថានភាពរបស់ខ្លួននៅម៉ាឡេស៊ី ក្រោយវិលត្រលប់មកហ្វឹកហាត់ជាថ្មី

មាស សុផាណារ៉ុង June 23, 2020


 

ម៉ាឡេស៊ី៖ កាលពីប៉ុន្មានសប្តាហ៍មុនលីគបាល់ទាត់ម៉ាឡេស៊ី បានអនុញ្ញាតឲ្យបន្តដំណើរការសកម្មភាពកីឡាបាល់ទាត់វិលត្រឡប់មកហ្វឹកហាត់វិញ បន្ទាប់ពីលីគផ្អាកប្រមាណជាង ៣ខែ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេសនេះ។

មុនចាប់ផ្ដើមការហ្វឹកហាត់ឡើងវិញ ក្លិបនីមួយៗត្រូវតម្រូវឲ្យមានករធ្វើតេស្តរកមេរោគកូវីដ-១៩ ខណៈក្លិបដែលកីឡាករកម្ពុជា ធារី ចន្ថាប៊ីន កំពុងប្រកបអាជីពជាមួយ Perak FA ក៏បានធ្វើតេស្តរួចរាល់ផងដែរ មុនត្រលប់មកហ្វឹកហាត់កាលពីថ្ងៃទី២១ ខែមិថុនា ម្សិលមិញ។

ក្រោយបានចូលមកកាន់ទីលាន ធារី ចន្ថាប៊ីន បានបង្ហាញអារម្មណ៍ប្លែក និងមានរាងកាយ ក៏ដូចជាសុខភាពល្អ ហើយរួចរាល់សម្រាប់ការប្រកួតផងដែរ។

ឆ្លើយឆ្លងពីប្រទេសម៉ាឡេស៊ី ធារី ចន្ថាប៊ីន បានប្រាប់សារព័ត៌មាន camsports.org ថា៖ «ការចាប់ផ្ដើមគឺមានភាពងាយស្រួល គឺគ្រាន់តែការប៉ះបាល់ទៅវិញទៅមកដើម្បីបង្កើតអារម្មណ៍ជាមួយបាល់វិញ និងការរត់ខ្លះៗ យើងមិនត្រូវការបង្ខំខ្លាំងពេកទេ ពីព្រោះយើងនៅសល់ពេល ២ខែទៀតដើម្បីរៀបចំខ្លួន។ ដូច្នេះយើងឆ្លាស់គ្នាហ្វឹកហាត់ដោយកីឡាករ ១០នាក់នៅទីលាន ខ្លះនៅកន្លែងហាត់ប្រាណ ហើយយើងផ្លាស់ប្ដូររយៈពេល ២សប្តាហ៍ម្ដង រហូតដល់មេរោគកាន់តែមានការថយចុះ ពេលនោះយើងនឹងបង្កើនការងារ។ បើតាមខ្ញុំគិត។»

ជុំវិញការត្រលប់មកហ្វឹកហាត់ជាថ្មី បុរសខ្មែរបារាំងរូបនេះ បានបន្តថា៖ «ពិតជារីករាយ ព្រោះវាយូរណាស់មកហើយ ដូចជា ៣ខែ ហើយក៏រីករាយដែលបានជួបមិត្តរួមក្រុម និយាយទៅមានអារម្មណ៍ស្ទើរតែត្រលប់មកដូចដើមទៅហើយ ដោយអាចទៅកន្លែងហាត់ប្រាណ ជាដើម វាអស្ចារ្យ។»

និយាយអំពីលក្ខខណ្ឌផ្ទាល់ខ្លួន ធារី ថាមិនមានបញ្ហារបួស និងកាន់តែរឹងមាំ ពោលគឺរួចរាល់ ទាំងទម្ងន់ក៏រក្សាបានល្អ និងមានពេលដើម្បីហាត់យកកាយសម្បទាបន្ថែម។

ពេលសួរនាំថា តើគិតថាយូរដែឬទេ ពេលដែលលីគគ្រោងត្រលប់មកវិញដល់ទៅខែកញ្ញាឯណោះ ខណៈលីគបណ្ដាប្រទេសក្បែរៗខាងខ្លះបានចាប់ផ្ដើម និងខ្លះទៀតជិតចាប់ផ្ដើម? ធារី ចន្ថាប៊ីន បានឆ្លើយតបថា៖ «ពិតណាស់ វាយូរ ប៉ុន្តែគ្នានជម្រើសឡើយ វាគឺជាសុវត្ថិភាពរបស់ពួកយើងទាំងអស់គ្នា។»

គួរបញ្ជាក់ថាលីគបាល់ទាត់ម៉ាឡេស៊ី (M-League) គ្រប់កម្រិតទាំងអស់ ត្រូវបានផ្អាកកាលពីថ្ងៃទី១៣ ខែមីនា បន្ទាប់ពីប្រកួតបានត្រឹមតែ ៤ប្រកួត ហើយគម្រោងនៃការត្រលប់មកវិញ គឺនៅខែកញ្ញា ខាងមុខ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់