អាត អូនតូច មិនហ៊ានរំពឹងខ្ពស់ជាប់ជម្រើស ២៣នាក់ចុងក្រោយទៅអ៊ូបេគីស្ថាន ប៉ុន្តែនឹងបង្កើនកន្លែងដែលខ្វះខាតបន្ថែម

មាស សុផាណារ៉ុង June 23, 2020


 

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ ត្រូវស្ថិតនៅពូល A នៃពានរង្វាន់ជើងឯកយុវជនអាស៊ីអាយុក្រោម១៩ឆ្នាំ (AFC U-19 Championship) ជាមួយ U-19 អ៊ូបេគីស្ថាន, U-19 ឥណ្ឌូនេស៊ី និង U-19 អ៊ីរ៉ង់ បន្ទាប់ពីការចាប់ពូល កាលពីថ្ងៃទី១៨ ខែមិថុនា កន្លងទៅ។

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ ទទួលបានកៅអីឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រពានរង្វាន់ដដែលនេះ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររយៈពេល ៤៦ឆ្នាំចុងក្រោយ កាលពីចុងឆ្នាំ២០១៩ កន្លងទៅ បន្ទាប់ពីធ្វើការប្រកួតយ៉ាងស្វិតស្វាញ ក្នុងវគ្គជម្រុះ ដោយឈរនៅលេខរៀងទី៥ ក្នុងនាមជាក្រុមលេខ ២ល្អប្រចាំពូល G ខណៈក្នុងនោះក៏មានការរួមចំណែកពីកីឡាករ អាត អូនតូច ផងដែរ នាមជាសមាជិករ៉ាប់រងតំបន់ការពារស្លាបស្ដាំ ដោយបង្ហាញខ្លួនបាន ១ប្រកួតក្នុងពេលយកឈ្នះ កោះម៉ារីណាខាងជើង ០ទល់៩។

ភ្ជាប់ជាមួយគ្នាផងដែរ ក្រោយដឹងពីលទ្ធផលនៃការចាប់ពូល និងដឹងពីសមាសភាពគូប្រកួតដែលសុទ្ធសឹងតែជាប្រទេសមានការអភិវឌ្ឍន៍វិស័យបាល់ទាត់ខ្លាំង អាត អូនតូច បានសម្ដែងអារម្មណ៍រីករាយ និងសុទិដ្ឋិនិយមចំពោះលទ្ធផលដែលត្រូវចាប់ពូលប៉ះសុទ្ធតែក្រុមខ្លាំងៗ ដោយចង់សំដៅថាមកដល់វគ្គនេះគ្រប់ក្រុមទាំងអស់សុទ្ធតែជាក្រុមដែលខ្លាំង និងអាចប្រកួតប្រជែងគ្នាបាន ខណៈក៏

ផ្ដល់កិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន camsports.org អាត អូនតូច បាននិយាយដូច្នេះថា៖ «ជាដំបូងខ្ញុំសប្បាយចិត្ត ដែលក្រុមជម្រើសជាតិ U-19 កម្ពុជា បានឡើងមកដល់វគ្គហ្នឹង ខ្ញុំពិតជាសប្បាយចិត្តមែនទែន។ ហើយមកដល់វគ្គនេះហើយ ខ្ញុំគិតថាគ្មានក្រុមណាខ្លាំងជាងក្រុមណាឡើយ ទោះយើងប៉ះអ៊ីរ៉ង់ ជប៉ុន កូរ៉េ អត់មានក្រុមណាខ្លាំងជាងក្រុមណាទេ គឺយើងត្រូវខិតខំប្រឹងប្រែងលេងឲ្យអស់សមត្ថភាពដើម្បីប្រទេសជាតិយើង។»

ពេលសុំឲ្យមានយោបល់ថាតើក្រុមណាដែលខ្លួនគិតថាអាចយល់ដឹងបានច្រើន សមាជិកយុវជនក្លិបវិសាខា រូបនេះបានបន្តថា៖ «មើលទៅដូចឥណ្ឌូនេស៊ី ព្រោះអីឥណ្ឌូ ក៏នៅក្នុងតំបន់អាស៊ាន ហើយយើងក៏ធ្លាប់ជួបច្រើនដែរ អ៊ីចឹងយើងបានឃើញនូវការលេង និងបច្ចេកទេសរបស់គេ និងកលល្បិចរបស់គេច្រើន បើអ៊ីរ៉ង់ និងអ៊ូបេគីស្ថាន វិញ យើងមិនដែលលេងជាមួយអ៊ីចឹងយើងមិនអាចនិយាយបានថាគុណភាពគេយ៉ាងម៉េចអីយ៉ាងម៉េចឡើយ។» 

អាត អូនតូច ក៏បានបន្ថែមផងដែរ ជុំវិញកាយសម្បទារបស់គូប្រកួតដែលមានមាឌធំៗ ដូចជាអ៊ីរ៉ង់ និងអ៊ូបេគីស្ថានជាដើមអាចជាឧបសគ្គខ្លះៗ ប៉ុន្តែបានគិតក្នុងចិត្តថា បាល់ទាត់មិនមែនលេងដោយប្រើតែកាយសម្បទា មួយមុខគត់នោះទេ។

និយាយពីក្ដីរំពឹងជាប់ឈ្មោះក្នុងបញ្ជី ២៣នាក់ចុងក្រោយជាថ្មី ដែលត្រូវហោះទៅប្រទេសអ៊ូបេគីស្ថាន អាត អូនតូច បានឆ្លើយតបថា៖ «ខ្ញុំមិនហ៊ានរពឹងខ្ពស់ទេ តែខ្ញុំនឹងខំថែរក្សារការលេងរបស់ខ្ញុំ! នឹងបង្កើននៅកន្លែងដែលខ្ញុំខ្វះខាតបន្ថែមទៀត។»

សូមរំឭកជាថ្មីថា U-19 កម្ពុជា ស្ថិតនៅពូល A ជាមួយក្រុម U-19 អ៊ូបេគីស្ថាន មកពីប្រអប់ទី១ ក្រុម U-19 ឥណ្ឌូនេស៊ី ដែលស្ថិតនៅប្រអប់ទី២ និងក្រុមចុងក្រោយ U-19 អ៊ីរ៉ង់ មកពីប្រអប់ទី៤ ហើយការប្រកួតគឺគ្រោងនឹងធ្វើឡើងនៅចន្លោះថ្ងៃទី១៤ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ នៅលើទឹកដីនៃប្រទេសអ៊ូបេគីស្ថាន៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់