ស្ថានភាពលីគ ក្រុមរួមពូលជាមួយជម្រើសជាតិកម្ពុជា ក្នុងវគ្គជម្រុះបាល់ទាត់ពិភពលោក ជុំទី២

មាស សុផាណារ៉ុង June 22, 2020


 

អាស៊ី៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បាននឹងកំពុងស្ថិតនៅពូល C នៃវគ្គជម្រុះបាល់ទាត់ពិភពលោក ជុំទី២ (2022 FIFA World Cup qualification) ជាមួយជម្រើសជាតិអ៊ីរ៉ង់, បារ៉ែន, អ៊ីរ៉ាក់ និងហុងកុង គ្រាដែលព្រឹត្តិការណ៍នេះស្ទើរតែបញ្ចប់វគ្គជម្រុះជុំទៅហើយ ប៉ុន្តែត្រូវបានអាក់ខានដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជាហេតុនាំឲ្យសកម្មភាពបាល់ទាត់ត្រូវបានផ្អាកស្ទើរគ្រប់កម្មវិធីនៅលើពិភពលោក។

យ៉ាងណាមិញ មួយរយៈចុងក្រោយស្ថានភាពនៃជំងឺកូវីដ-១៩ ទៅតាមតំបន់ ឬទៅតាមប្រទេសខ្លះមានការថយចុះ ប៉ុន្តែក៏មានខ្លះទៀតក៏នៅតែបន្តកើនឡើង និងជាមួយគ្នាផងដែរប្រទេសដែលមានស្ថានភាពថមថយនៃការឆ្លងជំងឺនេះបានត្រៀមត្រលប់មកវិញនូវសកម្មភាពកីឡាជាថ្មី ជាពិសេសកីឡាបាល់ទាត់ដែលជាទីពេញនិយមជាងគេលើពិភពលោក ជាក់ស្ដែង កម្ពុជា ក៏នឹងត្រៀមបើកទំព័រលីគបាល់ទាត់ឡើងវិញ បន្ទាប់ពីផ្អាកប្រមាណជិត ៣ខែ រួមទាំងលីគបាល់ទាត់នៃប្រទេសរួមពូលជាមួយកម្ពុជា ដូចជាអ៊ីរ៉ង់, បារ៉ែន អ៊ីរ៉ាក់ និងហុងកុង ក៏មានប្រែប្រួលផងដែរ។

គិតមកទល់ថ្ងៃទី២២ ខែមិថុនា ដំណឹងចុងក្រោយបានបង្ហាញថា លីគកំពូលបារ៉ែន ដែលជាក្រុមលេខ២ ក្នុងពូល ត្រៀមត្រលប់មកប្រកួតជាថ្មីវិញនៅខែសីហា ខាងមុខនេះ បន្ទាប់ពីផ្អាករយៈពេល ៩០ថ្ងៃរួចមក។ សហព័ន្ធកីឡាបាល់ទាត់បារ៉ែន បានបញ្ជាក់ថាការត្រលប់មកវិញគឺដើម្បីបញ្ចប់រដូវកាល២០១៩-២០២០ ដែលនៅសេសសល់ ៧ប្រកួតទៀត។

ចំពោះលីគកំពូលអ៊ីរ៉ង់ វិញគ្រោងនឹងត្រលប់មកចាប់ផ្ដើមនៅថ្ងៃទី២៤ ខែមិថុនា នេះ ជាមួយនឹងការប្រកួតដែលនៅសេសសល់ ៩ប្រកួតចុងក្រោយ បន្ទាប់ពីលីគពន្យាពេលដល់ទៅជិត ៤ខែ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេសនេះមានសភាពរាតត្បាតខ្លាំង។

ដោយឡែកលីគកំពូលហុងកុង ដែលមាន ១០ក្រុមចូលរួមនោះ បានប្រកាសថាគ្រោងនឹងចាប់ផ្ដើមលីគឡើងវិញ នៅពាក់កណ្ដាលខែសីហា ប៉ុន្តែអ្វីដែលគួរឲ្យសោកស្ដាយ ក្នុងចំណោម ១០ក្រុម មានក្រុមចំនួន៤ បានប្រកាសដកខ្លួនចេញលីគហើយ បន្ទាប់ពីជួបនូវវិបត្តិហិរញ្ញវត្ថុ ដោយការប៉ះពាល់ពីវីរុសកូរ៉ូណា

ងាកទៅលីគកំពូលអ៊ីរ៉ាក់ វិញ គឺជាលីគតែមួយគត់ក្នុងពូលជាមួយកម្ពុជា ដែលត្រូវបានសហព័ន្ធកីឡាបាល់ទាត់អ៊ីរ៉ាក់ សម្រេចលុបចោលរដូវកាល២០១៩-២០២០ ជាផ្លូវការ ពីព្រោះស្ថានភាពនៃជំងឺកូវីដ-១៩ ក្នុងប្រទេសនេះស្ថិតក្នុងហានិភ័យខ្ពស់នៅឡើយ។

ចំណែកលីគកំពូលកម្ពុជា វិញដែលមិនមានការប្រប្រួលគិតត្រឹមថ្ងៃទី២២ ខែមិថុនា នេះដូចគ្នា គឺនឹងបន្តការប្រកួតឡើងវិញនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ ខាងមុខ ជាមួយនឹងការបម្រួមកម្មវិធីប្រកួតតិចជាងមុន ដោយចាប់ពីជើងទី២ ក្រុមកំពូលទាំង៦ ត្រូវប្រជែងគ្នាយកចំណាត់ថ្នាក់លេខ១, លេខ២ និងលេខ៣។ ចំណែកក្លិបនៅលំដាប់ទី៧ ដល់ទី១៣ ប្រកួតគ្នាជាធម្មតា។

គួររំឭកថា បើគ្មានអ្វីប្រែប្រួល ការប្រកួតជម្រុះបាល់ទាត់ពិភពលោក ជុំទី២ (2022 FIFA World Cup qualification)  អាចនឹងត្រូវបន្តឡើងវិញនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ និងប្រកួតបិទពូលចុងក្រោយនៅថ្ងៃទី១៧ ខែវិច្ឆិកា ដើម្បីដណ្ដើមកៅអីឡើងទៅវគ្គជម្រុះជុំទី៣ ខណៈកម្ពុជា នៅសល់ ៣ប្រកួតក្នុងពូលនេះ ជាមួយនឹងការត្រៀមជួបបារ៉ែន ថ្ងៃទី០៨ ខែតុលា, អ៊ីរ៉ង់ ថ្ងៃទី១៣ ខែតុលា និងចុងក្រោយជួប អ៊ីរ៉ាក់ ថ្ងៃទី១២ វិច្ឆិកា៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់