គ្រូឈុតធំអ៊ីរ៉ង់ ត្រៀមត្រលប់ចូលប្រទេសវិញ ដើម្បីចាប់ផ្ដើមយុទ្ធនាការជ្រើសរើសកីឡាករជម្រុះ World Cup ដែលនៅសេសសល់

មាស សុផាណារ៉ុង June 20, 2020


 

អ៊ីរ៉ង់៖ សេចក្ដីរាយការណ៍ពីប្រទេសអ៊ីរ៉ង់ បានឲ្យដឹងថា គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិ លោក Dragan Skocic ត្រៀមធ្វើដំណើរត្រលប់មកកាន់ទឹកដីអ៊ីរ៉ង់ វិញនៅសប្ដាហ៍នេះ ដើម្បីចាប់ផ្ដើមយុទ្ធនាការជ្រើសរើសកីឡាករប្រកួតជម្រុះបាល់ទាត់ពិភពលោក (FIFA World Cup) ដែលនៅសេសសល់ ក្នុងពូល C។

ប្រភពសារព័ត៌មាន persianfootball បានបញ្ជាក់ថា លោក Dragan Skocic ដែលបានចាកចេញទៅកាន់ប្រទេសកំណើត (ក្រូអាត) កាលពីថ្ងៃទី១២ ខែមីនា នោះ មានគម្រោងមកអ៊ីរ៉ង់ វិញនៅថ្ងៃសៅរ៍នេះ ពោលគឺនៅមុនលីគកំពូល (Iran Professional League) ចាប់ផ្ដើមឡើងវិញនៅសប្ដាហ៍ក្រោយ ដែលជាកាតព្វកិច្ចលើកដំបូងរបស់លោកក្នុងការជ្រើសរើសកីឡាករចូលក្រុមជម្រើសជាតិ ត្រៀមប្រកួតជម្រុះបាល់ទាត់ពិភពលោក បន្ទាប់ពីលោកទើបតែត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីកាលពីខែកុម្ភៈ ឆ្នាំ២០២០ នេះ ជំនួសលោក Marc Wilmots ដែលធ្លាប់ដឹកនាំឈ្នះ កម្ពុជា ១៤ទល់០ កាលពីជើងទី១។

លីគកំពូលអ៊ីរ៉ង់ នឹងចាប់ផ្ដើមឡើងវិញនៅថ្ងៃទី២៤ ខែមិថុនា ខាងមុខ ជាមួយនឹងការប្រកួតដែលនៅសេសសល់ ៩ប្រកួតចុងក្រោយ បន្ទាប់ពីលីគពន្យាពេលដល់ទៅជិត ៤ខែ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេសនេះមានសភាពរាតត្បាតខ្លាំង។

ចំពោះក្នុងការប្រកួតជម្រុះបាល់ទាត់ពិភពលោក (FIFA World Cup) ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ នៅសល់ការប្រកួតដល់ទៅ ៤ប្រកួតនៅក្នុងពូល C នៃពានរង្វាន់ដដែលនេះ ដែលជាពូលស្ថិតនៅរួមគ្នាជាមួយ ជម្រើសជាតិកម្ពុជា, ហុងកុង, បារ៉ែន និងអ៊ីរ៉ាក់ ដែលដើមឡើយគ្រោងប្រកួតនៅខែមីនា និងមិថុនា ប៉ុន្តែដោយសារបញ្ហាវិបត្តិកូវីដ-១៩ ទើបការប្រកួតត្រូវបានពន្យាពេលដោយទើបតែមានគម្រោងប្រកួតឡើងវិញ នៅខែតុលា និងវិច្ឆិកា ខាងមុខនេះ។

បើគ្មានអ្វីប្រែប្រួល អ៊ីរ៉ង់ នឹងត្រូវឡើងមកប្រកួតនៅពហុកីឡដ្ឋានជាតិ ជាមួយ កម្ពុជា នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ប៉ុន្តែមុនមកដល់រាជធានីភ្នំពេញ ក្រុមនេះក៏ត្រូវប្រកួតជាមួយ ហុងកុង ជាមុនសិននៅថ្ងៃទី០៨ ខែតុលា ហើយ ២ប្រកួតចុងក្រោយធ្វើនៅខែវិច្ឆិកា ដោយត្រូវប៉ះគូប្រជែងធំទាំង ២ក្នុងពូល C នេះ បារ៉ែន ថ្ងៃទី១២ វិច្ឆិកា និងអ៊ីរ៉ាក់ ថ្ងៃទី១៧ ខែដដែល ដើម្បីដណ្ដើមកៅអីឡើងទៅវគ្គជម្រុះជុំទី៣៕

 

ប្រភព៖ persianfootball.com

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់