គ្រូ U-19 អ៊ូបេគីស្ថាន បង្ហើបស្ថានការណ៍មិនសូវដឹងច្បាស់ពីគុណភាពរបស់កម្ពុជា ជាមួយឥណ្ឌូនេស៊ី មុនជួបគ្នាក្នុងពូល A

មាស សុផាណារ៉ុង June 19, 2020


 

អ៊ូបេគីស្ថាន៖ លោក Timur Kapadze គ្រូបង្វឹកនៃក្រុមជម្រើសជាតិអ៊ូបេគីស្ថាន អាយុក្រោម១៩ឆ្នាំ បានបង្ហាញចំណាប់អារម្មណ៍ចំពោះការចាប់ពូលពានរង្វាន់ជើងឯកយុវជនអាស៊ី អាយុក្រោម១៩ឆ្នាំ (AFC U-19 Championship 2020) ឆ្នាំ២០២០ ដោយព្យាករណ៍ថាការប្រកួតនៅរាត្រីបើកឆាករបស់ក្រុមរបស់លោក ជាមួយ អ៊ីរ៉ង់ គឺជាការធ្វើតេស្តដ៏តានតឹងមួយសម្រាប់ក្រុមទាំងពីរ។

ក្រុមម្ចាស់ផ្ទះក៏នឹងត្រូវប្រកួតជាមួយក្រុមមកពីអាស៊ីអាគ្នេយ៍ ឥណ្ឌូណេស៊ី និងកម្ពុជា ក្នុងពូល A ផងដែរ ដើម្បីស្វែងរកក្រុមខ្លាំង២ ឈានទៅវគ្គ ៨ក្រុមចុងក្រោយ ១/៤ ផ្តាច់ព្រ័ត្រ។

អតីតកីឡាករជម្រើសជាតិអ៊ូបេគីស្ថាន លោក Timur Kapadze បាននិយាយថា៖ «យើងនឹងប្រឈមមុខជាមួយអ៊ីរ៉ង់ នៅក្នុងការប្រកួតបើកឆាកនៃព្រឹត្តិការណ៍ AFC U-19 Championship ហើយវាពិតជាលំបាកណាស់សម្រាប់យើងទាំងពីរ។ ខ្ញុំគិតថាការចាប់ពូលនេះគឺល្អ ជាមួយនឹងក្រុមខ្លាំង២ ក្នុងពូល។»

«យើងមិនដឹងច្បាស់ថាតើភាពល្អរបស់ កម្ពុជា ជាមួយឥណ្ឌូនេស៊ី នឹងប្រកួតប្រជែងជាមួយយើងយ៉ាងដូចម្តេចដើម្បីទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងពូលនោះទេ ប៉ុន្តែយើងនឹងពិនិត្យមើលការប្រកួត និងកលល្បិចពីមុនរបស់ពួកគេ។» លោក Timur Kapadze បានបន្ថែម។

គួរដឹងដែរថា លោកធ្លាប់បានលើកឡើងកាលពីដើមសប្តាហ៍ក្នុងបំណងចង់នាំក្រុមឈ្នះពានរង្វាន់នេះ ក្នុងនាមជាម្ចាស់ផ្ទះ យ៉ាងដូច្នេះថា៖ «គោលបំណងសំខាន់របស់យើងគឺដើម្បីបញ្ចប់វគ្គចែកពូលក្នុងនាមជាក្រុមលេខ១ ក្នុងពូល នៅលើទឹកដីរបស់យើង (អ៊ូបេគីស្ថាន)។ ដូចដែលខ្ញុំបាននិយាយរួចមកហើយ យើងនឹងរៀបចំក្រុមរបស់យើង ក៏ដូចជាលទ្ធភាពនៃការប្រកួតដើម្បីសម្រេចគោលដៅរបស់យើង គឺការលើកពានរង្វាន់នេះផ្ទាល់តែម្ដង។»

សូមបញ្ជាក់ថា ពានរង្វាន់ AFC U-19 Championship នឹងចាប់ផ្តើមនៅថ្ងៃពុធ ទី១៤ ខែតុលា ជាមួយនឹងវគ្គផ្តាច់ព្រ័ត្រដែលនឹងត្រូវប្រកួតនៅទីក្រុង Tashkent នៅថ្ងៃសៅរ៍ទី៣១ ខែតុលា៕

 

ប្រភព៖ ufa.uz

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់