នាយកបច្ចេកទេសសហព័ន្ធឥណ្ឌូនេស៊ី ថាក្រុមក្នុងពូល A សុទ្ធតែធ្លាប់ចាញ់ក្រុមខ្លួន ដូច្នេះលោករំពឹងឈ្នះម្ដងទៀត

មាស សុផាណារ៉ុង June 19, 2020


 

ឥណ្ឌូនេស៊ី៖ ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ី អាយុក្រោម១៩ឆ្នាំ ស្ថិតនៅក្នុងពូល A នៃពានរង្វាន់ជើងឯកយុវជនអាស៊ី អាយុក្រោម១៩ឆ្នាំ (AFC U-19 Championship 2020) រួមជាមួយម្ចាស់ផ្ទះអ៊ូបេគីស្ថាន កម្ពុជា និងអ៊ីរ៉ង់ ក្រោយពីសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានរៀបចំការចាប់ឆ្នោតបែងចែកពូលនៃពានរង្វាន់ដដែលនេះ នៅទីស្នាក់ការកណ្ដាលរបស់សហព័ន្ធ នាទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ម្សិលមិញ។

អ្នកចាត់ការក្រុម U-19 ឥណ្ឌូនេស៊ី គ្រូបង្វឹកលោក Shin Tae-yong នឹងត្រូវដឹកនាំក្រុមប្រកួតក្នុងព្រឹត្តិការណ៍នេះ នៅថ្ងៃទី១៤ ដល់ថ្ងៃទី៣១ ខែតុលា នៅប្រទេសអ៊ូបេគីស្ថាន ដោយក្រុមទាំង១៦ ដែលចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះត្រូវបានបែងចែកជា ៤ពូល។

នាយកបច្ចេកទេសនៃសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) លោក Indra Sjafri បានលើកឡើងក្រោយដឹងលទ្ធផលចាប់ពូលនៅលើគេហទំព័រផ្លូវការរបស់សហព័ន្ធ pssi.org ថា រូបលោកប្រាកដក្នុងចិត្តចំពោះក្រុម U-19 ឥណ្ឌូនេស៊ី អាចធ្វើបានលទ្ធផលល្អបំផុត ក្នុងព្រឹត្តិការណ៍នេះ។ លើសពីនេះទៅទៀត ការរៀបចំយ៉ាងប្រុងប្រយ័ត្ននឹងទទួលបានលទ្ធផលវិជ្ជមាន។

លោក Indra Sjafri បាននិយាយថា៖ «ខ្ញុំគិតថា ដោយសារតែខ្ញុំធ្លាប់បានដឹកនាំក្រុមនេះ ២ដងក្នុងពានរង្វាន់ AFC U-19 Cup ពីព្រោះថាយើងមានទំនុកចិត្តថាក្រុមនេះអាចមានសមត្ថភាពឆ្លងផុតវគ្គចែកពូល។ បន្ទាប់ពីនោះយើងនឹងឃើញការប្រកួតជុំបន្ទាប់ទៀត។»

«យើងបានផ្តួលអ៊ូបេគីស្ថាន ក្រុមទាំងអស់ក្នុងពូលក៏ធ្លាប់ចាញ់ឥណ្ឌូនេស៊ី ដែរ។ សង្ឃឹមថាគ្រូបង្វឹក Shin Tae-yong អាចដឹកនាំក្រុម U-19 យកឈ្នះពួកគេបានទៀត។ រឿងសំខាន់ គឺព្រឹត្តិការណ៍នេះនឹងក្លាយជាការកម្ដៅសាច់ដុំសម្រាប់ក្រុមយើង មុនពេលចូលរួមប្រកួត U-20 World Cup ឆ្នាំក្រោយ។» គ្រូបង្វឹកដែលជោគជ័យក្នុងការដឹកនាំឥណ្ឌូនេស៊ី ឈ្នះពានរង្វាន់ប្រចាំតំបន់អាស៊ីអាគ្នេយ៍រូបនេះបានបន្ថែម។

គួររំឭកថា U-19 កម្ពុជា នឹងត្រូវប្រកួតបើកឆាកប៉ះជាមួយ U-19 ឥណ្ឌូនេស៊ី នេះផ្ទាល់តែម្ដង បើតាមគម្រោងគឺចាប់ផ្ដើមនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ គ្រាដែលក្រុម ២ទៀតដែលកម្ពុជា ត្រៀមជួបបន្តបន្ទាប់គឺ ម្ចាស់ផ្ទះអ៊ូបេគីស្ថាន ថ្ងៃទី១៧ និងប្រកួតចុងក្រោយប៉ះ អ៊ីរ៉ង់ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០៕

 

ប្រភព៖ pssi.org

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់