U-19 កម្ពុជា ស្ថិតនៅពូល A ក្នុងពានរង្វាន់ AFC U-19 Championship ជាមួយអ៊ូបីគីស្ថាន អ៊ីរ៉ង់ និងឥណ្ឌូនេស៊ី

មាស សុផាណារ៉ុង June 18, 2020


 

ម៉ាឡេស៊ី៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ ត្រូវស្ថិតនៅពូល នៃពានរង្វាន់ជើងឯកយុវជនអាស៊ីអាយុក្រោម១៩ឆ្នាំ (AFC U-19 Championship) បន្ទាប់ពីការចាប់ពូល មុននេះបន្តិនៅប្រទេសម៉ាឡេស៊ី រៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC)។

ជាលទ្ធផលបានបង្ហាញថា U-19 កម្ពុជា ស្ថិតនៅពូល នេះជាមួយក្រុម U-19 អ៊ូបីគីស្ថាន មកពីប្រអប់ទី១ ក្រុម U-19 ឥណ្ឌូនេស៊ី ដែលស្ថិតនៅប្រអប់ទី២ និងក្រុមចុងក្រោយ U-19 អ៊ីរ៉ង់ មកពីប្រអប់ទី៤។

ក្រៅតែពីពូលរបស់កម្ពុជា ពូលដទៃទៀតរួមមានដូចជា៖

  • ពូល A៖ អ៊ូបីគីស្ថាន, អ៊ីរ៉ង់, ឥណ្ឌូនេស៊ី និងកម្ពុជា
  • ពូល B៖ កូរ៉េខាងត្បូង, ជប៉ុន, អ៊ីរ៉ាក់ និងបារ៉ែន
  • ពូល C៖ អារ៉ាបប៊ីតសាវឌីត, អូស្ត្រាលី, វៀតណាម និងឡាវ
  • ពូល D៖ កាតា, តាជីគីស្ថាន, ម៉ាឡេស៊ី និងយេម៉ែន

បន្ទាប់ពីការចាប់ឆ្នោតនេះរួច ការប្រកួតគ្រោងនឹងធ្វើឡើងនៅចន្លោះថ្ងៃទី១៤ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ នៅលើទឹកដីនៃប្រទេសអ៊ូបីគីស្ថាន។

គួររំលឹកថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ ទទួលបានកៅអីឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រពានរង្វាន់ជើងឯកទ្វីបអាស៊ី អាយុក្រោម១៩ឆ្នាំ (AFC U-19 Championship 2020) នៅប្រទេសអ៊ូបីគីស្ថាន ឆ្នាំ២០២០ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររយៈពេល ៤៥ឆ្នាំចុងក្រោយ កាលពីចុងឆ្នាំ២០១៩ កន្លងទៅ បន្ទាប់ពីធ្វើការប្រកួតយ៉ាងស្វិតស្វាញ ក្នុងវគ្គជម្រុះ ដោយឈរនៅលេខរៀងទី៥ ក្នុងនាមជាក្រុមលេខ ២ល្អប្រចាំពូល G និងត្រូវបានយកទៅប្រៀបធៀបជាមួយ ៦ក្រុមផ្សេងទៀត ហើយមានលទ្ធផលល្អជាង អាចមានឱកាសឡើងទៅជុំបន្ត ក្រោយកម្ពុជា រកបាន ៦ពិន្ទុ ក្នុងចំណោម ៣ប្រកួតដែលត្រូវយកមកគណនាពិន្ទុ ជាមួយនឹងគ្រាប់បាល់ ៣គ្រាប់ក្នុងដៃ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់